ភ្នំពេញៈ បញ្ហា​ចំនួន​ ២ រួមមាន​ការចុះ​ត្រួតពិនិត្យ​ជា​ញឹកញាប់​នៅតាម​ការដ្ឋាន​រ៉ែ​ពី​សំណាក់​អាជ្ញាធរ និង​ការចំណាយ​លើ​ការទិញ​បរិក្ខារ​អគ្គិសនី​ (​ត្រង់​ស្វូ​) ​សម្រាប់​ភ្ជាប់​បណ្តាញ​អគ្គិសនី​ចូលទៅ​ទីតាំង​អាជីវកម្ម​បង្កើត​ថ្មី​របស់​ផ្នែក​ឯកជន​ក្នុង​វិស័យ​រ៉ែ និង​ថាមពល​រំពឹងថា រាជរដ្ឋាភិបាល​នឹង​ជួយ​សម្រួល ដើម្បី​បង្កើន​លទ្ធភាព​រួមចំណែក​ក្នុង​ការចាប់ផ្តើម​ពង្រីក​អាជីវកម្ម​ឡើងវិញ ពិសេស​ក្នុង​ដំណាក់កាល​នៃ​ការរីករាលដាល​កូវីដ​ ១៩​។

បញ្ហា​ទាំងនេះ​ត្រូវ​ផ្នែក​ឯកជន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ «​ញ​» «​ផ្នែក​ធនធាន​រ៉ែ និង​ថាមពល​» ​ដែល​បាន​រៀបចំឡើង​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ​ (Zoom) កាលពី​ថ្ងៃទី​ ១៩ ខែតុលា ឆ្នាំ​ ២០២១​។ ក្នុង​កិច្ចប្រជុំ​នោះ​មាន​ការចូលរួម​ពី​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ដែលជា​សហប្រធាន​ក្រុមការងារ «​ញ​» តំណាង​ផ្នែក​រដ្ឋាភិបាល និង​លោក អ៊ុន យុទ្ធី សហប្រធាន​ក្រុមការងារ «​ញ​» តំណាង​ផ្នែក​ឯកជន​ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​សភា​ពាណិជ្ជកម្ម​កម្ពុជា​, តំណាង​អគ្គិសនី​កម្ពុជា​, សភាពាណិជ្ជកម្ម​អឺរ៉ុប និង អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀត​។


អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះបាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នា​ថ្ងៃទី​ ២០ ខែតុលា​ថា ក្នុង​កិច្ចប្រជុំ​នេះ​មាន​បញ្ហា​សំខាន់ៗ​ចំនួន ២ ត្រូវបាន​ផ្នែក​ឯកជន​លើកឡើង​ ដើម្បី​ស្នើឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ និង​សម្រេច​។ បញ្ហា​ទាំងនោះ​រួមមាន​ការស្នើ​របស់​ផ្នែក​ឯកជន ដែល​ចង់ឱ្យ​រដ្ឋាភិបាល​ជួយ​សម្រួល​ទាក់ទង​ការចំណាយ​របស់​ក្រុមហ៊ុន​/​សហគ្រាស ទៅលើ​ការទិញ​បរិក្ខារ​អគ្គិសនី​ (​ត្រង់ស្វូ​) ​សម្រាប់​ភ្ជាប់​ទៅ​ទីតាំង​អាជីវកម្ម​បង្កើត​ថ្មី ព្រោះ​អាជីវកម្ម​មួយចំនួន​ (​ពិសេស​អាជីវកម្ម​តូចៗ​) ​ដែល​មាន​បំណង​ចង់​ពង្រីក​អាជីវកម្ម​ពួកគេ​បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សម្រាប់​ទំនុកបម្រុង​អាជីវកម្ម ប៉ុន្តែ​អាជីវកម្ម​មិនទាន់​ចាប់ផ្តើម​ដំណើរការ​ផង ពួកគេ​ត្រូវ​ចំណាយ​យ៉ាងច្រើន​ទៅលើ​ការទិញ​បរិក្ខារ​អគ្គិសនី​ (​ត្រង់ស្វូ​) និង​ការតភ្ជាប់​បណ្តាញ​អគ្គិសនី​ទៅវិញ​។


លោក​បាន​បន្តថា ចំណែក​បញ្ហា​ទី​២ ​ផ្នែក​ឯកជន​ស្នើសុំ​ឱ្យមាន​ការចុះ​ត្រួតពិនិត្យ​នៅ​តាម​ការដ្ឋាន​រ៉ែ​ពី​សំណាក់​មន្ត្រី​នៃ​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​រួមគ្នា​ជាមួយនឹង​ក្រសួង​រ៉ែ តែ​ ១ ​ដង​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អាជីវកម្ម​របស់​ផ្នែក​ឯកជន ខណៈ​កន្លងមក​ក្រសួង​ស្ថាប័ន​បាន​ចុះទៅពិនិត្យ​រៀងៗ​ខ្លួន​។


លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​បាន​ប្រាប់ថា ជាគោលការណ៍​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ និង​ថាមពល តែង​ចុះ​ពិនិត្យ​ការដ្ឋាន​រ៉ែ​ផ្ទាល់​ក្នុង​រយៈពេល​ ១ ​ត្រីមាស ១ ​ដង​ចំពោះ​ ១ ​ក្រុមហ៊ុន ប៉ុន្តែ​ចាប់តាំងពី​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ មក ការចុះ​ទៅ​ពិនិត្យ​ត្រូវបាន​ធ្វើឡើង​តែ​ ១ ​ទៅ ២ ​ដង​ប៉ុណ្ណោះ​ក្នុង​ ១ ​ឆ្នាំ​។


ការចុះទៅ​ទីតាំង​នោះ គឺ​ដើម្បី​ពិនិត្យ​ទៅលើ​ភាពអនុលោម​តាមច្បាប់​ស្តីពី​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ និង​ការប្រមូល​សួយ​សារ​ចូល​ថវិកាជាតិ​។ ក្រៅពីនេះ មន្ត្រី​ជំនាញ​ពី​ក្រសួង​រ៉ែ​នឹង​ធ្វើការ​ចុះ​ទៅតាម​តម្រូវការ​ជាក់ស្តែង​ដូចជា ក្រុមហ៊ុន​ស្នើសុំ​អាជ្ញាប័ណ្ណ ឬ​ស្នើសុំ​ពន្យារ​អាជ្ញាប័ណ្ណ និង​ដោះស្រាយ​បញ្ហា​នានា​តាម​ការស្នើសុំ​របស់​ក្រុមហ៊ុន​។ លោក​បន្តថា សម្រាប់​ការចុះទៅ​ពិនិត្យ​ការដ្ឋាន​របស់​ក្រសួង​ស្ថាប័ន​ផ្សេងទៀត ក្រសួង​រ៉ែ មិនមាន​សិទ្ធិ​គ្រប់គ្រង​នោះទេ ហើយ​ក្រសួង​ក៏​ស្នើឱ្យ​វិស័យ​ឯកជន​ធ្វើលិខិត​ដោយ​ផ្ទាល់​ទៅ​ក្រសួង​ស្ថាប័ន​ទាំងនោះ​ផងដែរ​៕ LA