ភ្នំពេញៈ រដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យមាន​ការវិនិយោគ​តំបន់​ទេសចរណ៍​ធម្មជាតិ​ខ្នាតតូច​ចំនួន​ ៥ ស្ថិត​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​ក្នុង​ខេត្តកំពត​ដែល​នៅជាប់​មាត់សមុទ្រ ដើម្បី​បង្កើន​សក្តានុពល​ទេសចរណ៍​ក្នុងស្រុក​ឱ្យមាន​សម្ទុះ​ខ្លាំង និង​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​ទេសចរណ៍​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ ដោយសារ​ការរីករាលដាល​កូវីដ​ ១៩​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ដាក់​ឆ្លង និង​អនុម័ត​លើក​គម្រោង​វិនិយោគ​ខាងលើ​ជាមួយ​តំណាង ក្រុមហ៊ុន​វិនិយោគ​ចំនួន​ ៥ កាលពី​ថ្ងៃទី​ ២៥ ខែតុលាថា គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​ខ្នាតតូច​នេះ​នឹង​ចូលរួម​បង្កើត​សក្តានុពល​ទេសចរណ៍​កាន់តែខ្លាំង និង​មាន​ជម្រើស​កាន់តែច្រើន ហើយ​វា​ក៏​នឹងចូលរួម​បង្កើត​ការងារ និង​លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​តំបន់​នោះ​។


លោក​បន្តថា ទេសចរណ៍​ធម្មជាតិ​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៃ​ទេសចរណ៍​កម្ពុជា ហើយ​តំបន់​ការពារធម្មជាតិ និង​របៀង​អភិរក្ស​ចម្រុះ​ដែល​កំពុង​ត្រូវ​បាន​ការពារ​បាន​យ៉ាង​ល្អប្រសើរ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​បរិការណ៍​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។


លោក នេត្រ ភក្ត្រា ថ្លែងថា​៖ «​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ពលរដ្ឋ​ខ្មែរ​បាន​ដើរ​កម្សាន្ត​ច្រើន​នៅតាម​រមណីយដ្ឋាន និង​តំបន់​ទេសចរណ៍​ធម្មជាតិ​នានា​ក្នុងប្រទេស និង​បាន​នាំចូល​សេដ្ឋកិច្ច​ជាច្រើន​ទៅ​មូលដ្ឋាន និង​បង្កើត​ការងារ​ថ្មី​ជូន​ពលរដ្ឋ ដែលជា​ផ្នែក​ ១ ​នៃ​ការចូលរួម​ពង្រឹង​លើ​កិច្ចការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​»​។


បើតាម​លោក ភក្ត្រា សម្រាប់​គម្រោង ទាំង​ ៥ ​ទីតាំង​នោះ គឺ​ប្រគល់​ទៅ​ក្រុមហ៊ុន ៥ ​ផ្សេងៗ​គ្នា ដែល​ក្រុមហ៊ុន​ ១ អាច​វិនិយោគ​បាន ១ ​គម្រោង​លើ​ផ្ទៃដី ក្រោម ១០ ​ហិកតា​។


លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៦ ខែតុលាថា ជារួម​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​នេះ​មាន​សក្តានុពល​ទេសចរណ៍​ធម្មជាតិ​យ៉ាង​ធំធេង​បំផុត​របស់​ប្រទេស​កម្ពុជា ព្រោះ​វា​ជា​ជង្រុក និង​សម្បូរ​ទៅដោយ​ប្រភេទ​ជីវចម្រុះ​គ្រប់​ប្រភេទ រួមទាំង​អាកាសធាតុ​ល្អ និង​ទីតាំង​ភូមិសាស្ត្រ​ក៏​នៅជាប់​មាត់សមុទ្រ​។


លោក​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការប្រែក្លាយ ឬ​វិនិយោគ​តំបន់​មួយចំនួន​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​ឱ្យ​ទៅ​ជា ទេសចរណ៍ធម្មជាតិ ដែលមាន​លក្ខណៈ​បែប​លម្ហែកាយ​។

លោក​ប្រាប់ថា​៖ «​យើង​ត្រូវតែ​ធ្វើ​ពិពិធកម្ម​ផលិតផល​ទេសចរណ៍​បន្ថែម ដើម្បី​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​របស់​ភ្ញៀវទេសចរ​»​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី បាន​ថ្លែងថា បច្ចុប្បន្ន​ទេសចរណ៍​ធម្មជាតិ ទេសចរណ៍​កែច្នៃ និង​កសិទេសចរណ៍ កំពុងមាន​ការរីកលូតលាស់​យ៉ាងខ្លាំង​នៅ​កម្ពុជា​។

លោក​បន្តថា តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​ជា​តំបន់​ប្រវត្តិសាស្ត្រ និង​មាន​ភាពទាក់ទាញ​ខ្លាំង​តាំងពី​សម័យ​អាណានិគមនិយម​បារាំង ហើយ​វា​នឹង​ជួយ​ឱ្យមាន​ភាពទាក់ទាញ​កាន់តែ​ខ្លាំង ព្រោះ​ជា​តំបន់​ត្រូពិក ដែលមាន​អាកាស​មិន​ក្តៅ​និង​មិន​ត្រជាក់​ពេក​។

លោក​ថ្លែងថា​៖ «​ការអភិវឌ្ឍ​ទេសចរណ៍​ធម្មជាតិ បូក​ជាមួយ​នឹង​ទេសចរណ៍​កែច្នៃ និង​ប្រវត្តិសាស្ត្រ នឹង​មានភាពទាក់ទាញ​កាន់តែខ្លាំង​»៕ LA