ភ្នំពេញៈ វិស័យ​ឯកជន​បាន​ត្រៀមខ្លួន​រួចហើយ​ក្នុង​ការរួមចំណែក​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​សម្រេចបាន​ការងារ​អាទិភាព និង​ផែនការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឡើងវិញ​ប្រកប​ដោយ​ចីរភាព តាមរយៈ​យន្តការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ការប្រើប្រាស់​បច្ចេកវិទ្យា និង​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ​នានា​។

ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​ការវិនិយោគ​ក្រោម​ប្រធានបទ​ «​កសាង​អនាគត​ឌីជីថល​ប្រកប​ដោយ​ចីរភាព​របស់​យើង​» ដែល​រៀបចំឡើង​នៅ​ប្រទេស​ប្រ៊ុយណេ តាម​ប្រព័ន្ធ​អនឡាញ កាលពី​ថ្ងៃទី​ ២៥ តុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ដើម្បី​ពន្លឿន​ការធ្វើ​សមាហរណកម្ម​តំបន់ និង​សកល ក៏ដូចជា​កិច្ចការ​អាទិភាព​ក្នុង​ការជំរុញ​ការស្តារ និង​ជំរុញ​កិច្ចអភិវឌ្ឍ​កំណើន​សង្គម​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ប្រទេស​នីមួយៗ​ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​សម្រាប់​កិច្ចការ​សំខាន់ៗ​ដូចជា ការជំរុញ​ការធ្វើ​សេរី​ភាវូបនីយកម្ម​សេវាកម្ម និង​វិនិយោគ​ឱ្យ​កាន់តែ​ពេញលេញ​ និង​ស៊ីជម្រៅ​, ការសម្របសម្រួល​ការធ្វើ​ដំណើរ​ឆ្លង​ប្រទេស​, និង​ការបង្កើន​សមត្ថភាព​សហគ្រាស​មីក្រូ តូច និង​មធ្យម​។


បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិស័យ​ឯកជន​ត្រូវធ្វើ​កិច្ច​មួយចំនួន​ដូចជា គឺ​ត្រូវ​ចេះ​ទាញយក​ប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​អាស៊ាន ពិសេស​កិច្ចព្រមព្រៀង​អាសិប​ (RCEP) ដែល​គ្រោង​នឹង​ចូល​ជាធរមាន​នៅ​ដើមឆ្នាំ​ ២០២២, ការចូលរួម​ចំណែក​អភិវឌ្ឍ​ធនធាន​មនុស្ស តាមរយៈ​ការផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង និង​ចំណេះធ្វើ ជាពិសេស​ការអភិវឌ្ឍ​ជំនាញ​ឌីជីថល​, និង​ការលើកកម្ពស់​កិច្ចសហការ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន តាមរយៈ​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ក្នុង​បំណង​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ​មក​ប្រើប្រាស់​ក្នុង​ការអភិវឌ្ឍ​។


អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នា​ថ្ងៃទី​ ២៦ ខែតុលាថា វិស័យ​ឯកជន​បាន​ត្រៀមខ្លួន​រួចហើយ​ក្នុង​ការចូលរួម​ជាមួយ​រដ្ឋាភិបាល​ដើម្បី​សម្រេចបាន​ចំណុច​អាទិភាព​ដែល​លោក ហ៊ុន សែន លើកឡើង​កាលពី​ថ្ងៃ​ចន្ទ​។


លោក​បន្តថា វិស័យ​ឯកជន គឺជា​ឆ្អឹងខ្នង​នៃ​កំណើនសេដ្ឋកិច្ច និង​ជា​ដៃគូ​ដែល​មិនអាច​ខ្វះ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​កំណើន​សេដ្ឋកិច្ច​។ ជាមួយនឹង​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់ និង​ទ្វេភាគី​ជា​បន្តបន្ទាប់ បច្ចុប្បន្ន​កម្ពុជា​អាច​និយាយថា មាន​ភាពទាក់ទាញ​ខ្លាំង​សម្រាប់ ការបណ្តាក់ទុន​វិនិយោគ​។


លោក​បាន​ថ្លែងថា​៖ «​វិស័យ​ឯកជន មាន​សារៈសំខាន់​ណាស់​ក្នុង​ការរួមចំណែក​ធ្វើឱ្យ​សម្រេចបាន​នូវ​ឆន្ទៈ ក៏ដូចជា​ការខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការបង្កើត​នូវ​គោលនយោបាយ និង​ការសម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​បន្តបន្ទាប់​ទាំង​ជា​លក្ខណៈ​តំបន់ និង​ទ្វេភាគី​។ ការរួមចំណែក​របស់​វិស័យ​ឯកជន នឹង​ជួយ​លើកកម្ពស់​កម្រិតជីវភាព​ប្រជាជន កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេស​»​។


ដោយឡែក​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​ប្រាប់ថា ផ្នែក​ទេសចរណ៍​បាន​ត្រៀម​រួចហើយ​សម្រាប់​ការឆក់ឱកាស​ទទួលយក​អត្ថប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ក៏ដូចជា​បច្ចេកវិទ្យា​ថ្មីៗ​ដើម្បី​ធ្វើឱ្យ​វិស័យនេះ​មានជីវិត​ឡើងវិញ បន្ទាប់ពី​ជាប់គាំង​ជិត ២ ​ឆ្នាំ​។ វិបត្តិ​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ចំណេះដឹង​ផ្នែក​ឌីជីថល​បាន​ស្ទុះ​កើនឡើង​យ៉ាង​លឿន​។

លោកស្រី​និយាយថា​៖ «​យើង​បាន​ត្រៀម​រួចហើយ​នៅក្នុង​ការសហការ​ជាមួយ​អាជ្ញាធរ​ក្នុងការ​ចាប់​ឱកាស​ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យមាន​សម្ទុះ​ឡើងវិញ ខណៈ​វិស័យ​មួយ​នេះ​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ថវិកាជាតិ​នៅមុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​ ១៩»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា សម្រាប់​កម្ពុជា​ក្នុង​ស្មារតី​បុរេសកម្ម សំដៅ​លើកកម្ពស់ ការចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​ការស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាល​បាន​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​នៃ​ការប្រែក្លាយ​វិបត្តិ​ទៅជា​កាលានុវត្តភាព តាមរយៈ​ការដាក់ចេញ​ និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ និង​វិធានការ​សំខាន់ៗ​រួមមាន «​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥» និង​ «​ច្បាប់​ស្តីពី​វិនិយោគ​ថ្មីៗ​, ព្រម​ជាមួយ​នឹង​ការបញ្ចប់​នូវ «​ច្បាប់​ស្តីពី​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​» កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​» ព្រមទាំង​ «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​» ដែល​គ្រោង​នឹង​ចូល​ជា​​ធរមាន​នៅក្នុងពេល​ឆាប់ៗ ខាងមុខនេះ​៕ LA