ភ្នំពេញៈ រដ្ឋាភិបាល​ត្រៀម​ថវិកា​ប្រមាណ ២៥០ ​លានដុល្លារ​នៅ​ឆ្នាំ​ ២០២២ សម្រាប់​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ត្រង់ តាមរយៈ​ធនាគារ​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា និង​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ក្នុង​អត្រា​ការប្រាក់​ទាប ព្រមទាំង​ជំរុញ​ឱ្យ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បង្កើន​ការផ្តល់​ឥណទាន​បន្ថែម ដើម្បី​ជួយ​គាំទ្រ​ដល់​វិស័យ​កសិកម្ម និង​វិស័យ​អាទិភាព​មួយចំនួន​។ នេះ​បើតាម​ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម​របស់​លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ព័ត៌មាន​នេះ​ត្រូវបាន​បង្ហាញ​ក្នុង​កិច្ចប្រជុំ​ចង្អៀត​តាម​ប្រព័ន្ធ​អនឡាញ​កាលពី​សប្តាហ៍​មុន ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​ការងារ​រៀបចំ​ «​សេចក្តី​ព្រាង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការរស់នៅ​ជាមួយ​កូវីដ-១៩ តាម​គន្លង​ប្រក្រតីភាព​» ​ថ្មី ក្រោម​អធិបតីភាព​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។


បើ​យោងតាម វេង សាខុន សេចក្តី​ព្រាង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការរស់នៅ​ជាមួយ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​បាន​ធ្វើ​ឡើង​ក្នុង​បំណង​ដើម្បី​កែទម្រង់ និង​ដាក់ចេញ​នូវ​វិធានការ​ស្តារ​វិស័យ​កសិកម្ម ខណៈ​វិស័យនេះ​នៅ​បន្ត​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការជួយ​ទ្រទ្រង់​សន្តិសុខ​ស្បៀង ពិសេស​ការគាំទ្រ​កំណើន និង​ការស្រូប​យក​អ្នក​អត់​ការងារ​ធ្វើ​។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​វិធានការ​គាំទ្រ​នានា និង​ការលើកទឹកចិត្ត​ទាំង​ផ្នែក​សារពើពន្ធ និង​ហិរញ្ញប្បទាន​សំដៅ​ជំរុញ​ការវិនិយោគ​នៅក្នុង​វិស័យ​កសិកម្ម ក៏ដូចជា​វិស័យ​កែច្នៃ​កសិកម្ម​ឱ្យ​កាន់តែ​រីកចម្រើន​។ វិធានការ​នេះ​បាន​ជួយ​ឱ្យ​កម្ពុជា​លើកកម្ពស់​ផលិតផល​កសិកម្ម​ក្នុងស្រុក ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់ និង​បង្កើន​ការនាំចេញ​ឱ្យបាន​ច្រើន​។


«​ក្នុងន័យនេះ​រដ្ឋាភិបាល​នឹងដាក់​ចេញ​នូវ​យន្តការ​ហិរញ្ញប្បទាន​ដល់​វិស័យ​ឯកជន តាមរយៈ​ការត្រៀម​ថវិកា​ប្រមាណ ២៥០ ​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​ ២០២២ សម្រាប់​ផ្តល់​ឥណទាន ដោយ​ត្រង់​ពី​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដែលមាន​អត្រា​ការប្រាក់​ទាប ក្នុង​រង្វង់ ៥ ​ទៅ ៥,៥ ​ភាគរយ សម្រាប់​វិស័យ​សំខាន់​ដូចជា​ការដាំដុះ ចិញ្ចឹមសត្វ ការកែច្នៃ​ផលិតផល​កសិកម្ម វិស័យ​អេកូទេសចរណ៍ ឬ​វិស័យ​អាទិភាព​ដទៃទៀត​។ ជាមួយគ្នានេះ​រដ្ឋាភិបាល​នឹង​ជំរុញ​ឱ្យ​ធនាគារ​ពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បង្កើន​ការផ្តល់​ឥណទាន​បន្ថែម តាមរយៈ​ការកែសម្រួល​លក្ខខណ្ឌ​ធានា​ឥណទាន​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ដោយ​ពង្រីក​វិសាលភាព​នៃ​ការផ្ដល់​ការធានា​ភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌ​អនុគ្រោះ​នានា​»​។ នេះ​បើតាម លោក សាខុន​។


នៅក្នុង​អំឡុងពេល​វិបត្តិ​កូវីដ-១៩ វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​ត្រូវបាន​ចាត់ទុកថា ជា​វិស័យ​មាន​សក្តានុពល​ខ្ពស់​ដោយសារ​តម្រូវការ​ចំណីអាហារ​មាន​ការកើនឡើង​។


លោក ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​កំពុង​វិនិយោគ​លើ​ការដាំដុះ និង​នាំចេញ​ផលិតផល​កសិកម្ម​ជាច្រើន​មុខ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ២២ ខែវិច្ឆិកា​ថា គម្រោង​ហិរញ្ញប្បទាន​ដល់​វិស័យ​ឯកជន​ក្នុង​ផ្នែក​កសិកម្ម នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​អ្នក​ដាំដុះ និង​វិនិយោគ​ក្នុងការ​បង្កើន​ផលិតកម្ម​របស់ខ្លួន​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក និង​ការនាំចេញ​។ ផលិតផល​កសិកម្ម​កំពុង​ដើរតួនាទី​សំខាន់​ក្នុង​ការបង្កើត​ការងារ និង​រក​ចំណូល​សេដ្ឋកិច្ច​គ្រួសារ ពិសេស​នៅក្នុង​ពេល​ពិភពលោក​ជួបនឹង​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។


លោក ហ៊ុន ឡាក់ អះអាងថា​៖ «​កន្លងមក​ការផ្តល់​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​សម្រាប់​វិស័យ​កសិកម្ម គឺ​មានតែ​ផ្នែក​ស្រូវ​អង្ករ​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់ពី​មាន​វិបត្តិ​កូវីដ​ ១៩ រដ្ឋាភិបាល​បាន​គិតគូរ​យ៉ាងច្រើន​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​ទៅឱ្យ​ផ្នែក​ផ្សេងទៀត ដូចជា ការដាំដុះ ចិញ្ចឹមសត្វ និង​ការកែច្នៃ​ផលិតផល​កសិកម្ម ជាដើម​»​។

ទាក់ទង​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅ​ទីផ្សារ​អន្តរជាតិ លោក ហ៊ុន ឡាក់ ប្រាប់ថា ផលិតផល​ដែល​បាន​កែច្នៃ និង​វេចខ្ចប់​ត្រឹមត្រូវ គឺ​មិនសូវ​មាន​បញ្ហា​ទេ ប៉ុន្តែ​បញ្ហា​ចោទ គឺ​ផលិតផល​បន្លែ និង​ផ្លែឈើ​ស្រស់ ដែល​ទាមទារ​ឱ្យមាន​ការពិភាក្សា និង​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ទាក់ទង​ភូតគាម​អនាម័យ ការវេចខ្ចប់ និង​ការដឹកជញ្ជូន​៕ LA