ភ្នំពេញៈ សមាគម​ធនាគារ​កម្ពុជា​ (ABC) និង​ក្រុមហ៊ុន​ទូទាត់​ឌីជីថល​ហិរញ្ញវត្ថុ​លំដាប់​អន្តរជាតិ​ចំនួន ៣ ​រួមមាន Visa, MasterCard និង UnionPay International បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ដើម្បី​ពង្រីក​លទ្ធភាព​ទទួលបាន​ស្តង់ដា​បន្ទះឈីប​ EMV ដោយ​មិនចាំបាច់​ទាក់ទង​ដោយផ្ទាល់​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​អេកូ​ទូទាត់​ក្នុង​ស្រុក និង​គាំទ្រ​បណ្តាញ​កម្ពុជា សែស្វិច​ (CSS) របស់​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​។

អនុស្សរណៈ​ដែល​ធ្វើឡើង​ក្រោម​អធិបតីភាព​លោកស្រី ជា សិរី អគ្គនាយិកា​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ២៣ ខែវិច្ឆិកា រវាង​លោក អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​កម្ពុជា (ABC) លោកស្រី មុនីកា ជុំ នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​ក្រុមហ៊ុន Visa លោក តឹក សុផល នាយក​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធុរកិច្ច​ប្រចាំ​ប្រទេស​កម្ពុជា និង​ឡាវ នៃ​ក្រុមហ៊ុន MasterCard និង​លោកស្រី លាង ចិន្តា នាយក​គ្រប់គ្រង​ទូទៅ​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន UnionPay International​។


លោក អ៊ិន ចាន់នី បានឱ្យដឹងថា MoU នេះ​គឺ​ស្របតាម​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ​របស់​រដ្ឋាភិបាល​ស្តីពី​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១៩-២០២៥ និង​ស្រប​ជាមួយនឹង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ឆ្នាំ​ ២០២១-២០៣០​។


លោក​បាន​បន្ថែមថា គោលបំណង​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ដើម្បី​កសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ដ៏រស់រវើក តាមរយៈ​ការដាក់​មូលដ្ឋានគ្រឹះ​សម្រាប់​ការលើកកម្ពស់​ការទទួល​យក និង​ការផ្លាស់ប្តូរ​ទៅលើ​គ្រប់​វិស័យ​នៃ​សង្គម រដ្ឋ ប្រជាពលរដ្ឋ និង​អាជីវកម្ម ដើម្បី​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព​សង្គម​តាម​គន្លង​ «​ប្រក្រតីភាព​ថ្មី​»​។


លោក​ថ្លែងថា​៖ «​ការចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​គម្រោង​បណ្ណ​អន្តរជាតិ ចំនួន​ ៣ នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ​ឆ្ពោះទៅរក​ការទទួលយក និង​ការអនុវត្ត​សេដ្ឋកិច្ច​ឌីជីថល និង​ការផ្លាស់ប្តូរ​ទៅជា​សង្គម​ដែល​គ្មាន​សាច់ប្រាក់​។ សមាគម​ និង​ក្រុមហ៊ុន​បណ្ណ​អន្តរជាតិ​ទាំង​ ៣ កំពុង​សហការ​យ៉ាងសកម្ម​ក្នុង​ការផ្សព្វផ្សាយ​អំពី​របៀបវារៈ​នៃ​វិស័យ​ឌីជីថល​នៅ​កម្ពុជា​»​។


អ្នកស្រី ម៉ូនីកា ជុំ នាយក​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​កម្ពុជា​បាន​ឱ្យ​ដឹងថា ការផ្តល់​បច្ចេកវិទ្យា Visa សម្រាប់​ការសហការ​គ្នា​ដោយ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ គឺជា​សក្ខីកម្ម​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Visa សម្រាប់​ទីផ្សារ​កម្ពុជា​។


អ្នកស្រី​ថ្លែងថា​៖ «​ការណ៍​នេះ​នឹង​អាចឱ្យ​ឧស្សាហកម្ម​ទូទាត់​ទាំងមូល​ទទួលបាន​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​ឈានមុខ​គេ​លើ​ពិភពលោក ដោយ​គាំទ្រ​ដល់​ប្រព័ន្ធ​អេកូ​នៃ​ការទូទាត់​ក្នុងស្រុក​ឱ្យ​កាន់តែ​រឹងមាំ​»​។

លោកស្រី Winnie Wong នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស វៀតណាម កម្ពុជា និង​ឡាវ នៅ​ក្រុមហ៊ុន Mastercard បាន​លើកឡើងថា នៅ​ទូទាំង​ពិភពលោក និង​សូម្បីតែ​ក្នុងប្រទេស​កម្ពុជា អ្នកប្រើប្រាស់​កំពុង​ទទួល​យក​វិធីសាស្ត្រ​ដំបូង​គេ​បង្អស់​តាមបែប​ឌីជីថល​ផងដែរ​។

ទន្ទឹមនឹង​នោះដែរ លោកស្រី លាង ចិន្តា បានឱ្យដឹងថា ក្រុមហ៊ុន UnionPay International គាំទ្រ​យ៉ាងខ្លាំង​ចំពោះ NBC ក្នុងការ​ជំរុញ​សង្គម​ដែល​គ្មាន​សាច់ប្រាក់​នៅ​កម្ពុជា និង​ធ្វើឱ្យ​សេវា​ហិរញ្ញវត្ថុ​កាន់តែ​រួមបញ្ចូល និង​មាន​ប្រសិទ្ធភាព​។ លោកស្រី​បាន​បន្ថែមថា នៅ​ខាងក្រៅ​ប្រទេស​កម្ពុជា អតិថិជន UnionPay អាច​ប្រើប្រាស់​កាត​អន្តរជាតិ​តាមរយៈ​បណ្តាញ​នៅ​ទូទាំង​ទីផ្សារ​ចំនួន​ ១៧​។

លោកស្រី ជា សិរី បានចង្អុលបង្ហាញ​ពី​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា ស្ថាប័ន​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​នវានុវត្តន៍​ដូចជា ម៉ាស៊ីន​អេធីអឹម​ម៉ាស៊ីន​ឆូតកាត​ (POS) ការទូទាត់​ដោយ​មិន​ទាក់ទង​ដោយផ្ទាល់​ (Contactless) ការទូទាត់​តាម​ទូរស័ព្ទ​ចល័ត​ (Mobile Payment) ​និង​ការទូទាត់​តាម QR កូដ ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​របស់​ពួកគេ និង​ឆ្លើយតប​តាម​តម្រូវការ​។

លោកស្រី​ថ្លែងថា​៖ «​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់ តាមរយៈ​ការអនុញ្ញាត​ឱ្យមាន​ការទទួល​យក​កាន់តែ​លឿន​នៃ​ប្រព័ន្ធ CSS សម្រាប់​សមាជិក​គ្រឹះស្ថាន ផ្តល់​ភាពងាយស្រួល​ដល់​អតិថិជន​ក្នុង​ការប្រើប្រាស់​កាត​ទូទាត់ និង​ប្រព័ន្ធ CSS និង​ធ្វើឱ្យ​ការអនុវត្ត​របស់ NBC កាន់តែ​ប្រសើរឡើង​»៕ LA