ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​មេដឹកនាំ​អាស៊ី និង​អឺរ៉ុប​ថា ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ធ្វើឱ្យ​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន ប៉ុន្តែ​ក៏​បង្កើត​ឱកាស​ដ៏ធំ​ផងដែរ ដែល​ទាមទារ​ឱ្យ​មេដឹកនាំ​ទាំងអស់​នៅ​អាស៊ី-អឺរ៉ុប រួមដៃគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ ដើម្បី​ជំរុញ​ទំនាក់ទំនង​នៃ​ការវិនិយោគ និង​ពាណិជ្ជកម្ម សម្រាប់​ផលប្រយោជន៍​រួម​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បែបនេះ​ក្នុង​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប លើក​ទី​១ ​ក្រោម​ប្រធានបទ «​ការផ្លាស់ប្តូរ​ទៅ​គន្លង​ប្រក្រតីភាព​ថ្មី​៖ ​ការលើកកម្ពស់​ការចូលរួម​ក្នុង​ខ្សែចង្វាក់​តម្លៃ សកល​ពហុភាគី​និយម និង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤» កាលពី​ថ្ងៃទី​ ២៤ ខែ វិច្ឆិកា ​ឆ្នាំ​ ២០២១ តាមរយៈ​វីដេអូ​អនឡាញ​។ កម្ពុជា នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​១៣ (ASEM13) ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​តាមរយៈ​វីដេអូ​អនឡាញ​នៅ​ថ្ងៃទី​ ២៥-២៦ ខែវិច្ឆិកា ដោយសារ​ការរីករាលដាល​ជំងឺ​ ១៩​។


យោងតាម​លោក ហ៊ុន សែន បញ្ហា​ប្រឈម​ទាំងនោះ​គឺ​ការធ្លាក់ចុះ​ចង្វាក់​តម្លៃ​សកល និង​ចង្វាក់​ផលិតកម្ម​សកល ការលេចឡើង​កាន់តែច្បាស់​នៃ​ប្រព័ន្ធ​ពហុប៉ូល និង​ភាពតានតឹង​លើ​ភូមិសាស្ត្រ​នយោបាយ ការធ្លាក់ចុះ​នៃ​ផលិតភាព​សកល ការកើនឡើង​នៃ​វិសមភាព​សង្គម និង​ភាពក្រីក្រ ចរន្ត​កាន់តែខ្លាំង​ និង​លឿន​នៃ​ការផ្លាស់​ទីតាំង​រោងចក្រ​ផលិតកម្ម ដែល​បង្កឡើង​ដោយសារ​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា ការកើនឡើង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​ជាដើម​។


លោក​ថ្លែងថា​៖ «​យើង​ទាំងអស់​គ្នា​ដឹង​យ៉ាងច្បាស់​ថា កិច្ចសហប្រតិបត្តិការ​អាស៊ី-អឺរ៉ុប​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន និង​សេដ្ឋកិច្ច​សម្រាប់​ការអភិវឌ្ឍ​រួម​។ ជាមួយ​គ្នា​នេះ​កិច្ចសហប្រតិបត្តិការ​នេះ​នៅតែ​រក្សាបាន​នូវ​សក្តានុពល​បន្ថែមទៀត ដែល​យើង​ចាំបាច់​ត្រូវ​ចាប់យក ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៃ​អាស៊ី-អឺរ៉ុប​»​។


លោក​បន្តថា​៖ «​ពាណិជ្ជកម្ម​អន្តរជាតិ គឺជា​ក្បាលម៉ាស៊ីន​មួយ​សំខាន់​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ជូន​ប្រជាជន​។ ជាមួយនឹង​និន្នាការ​ថ្មី​នៃ​ផ្លាស់ប្តូរ​ផ្នែក​ពាណិជ្ជកម្ម​​ និង​ចង្វាក់​ផ្គត់ផ្គង់​សកល ខ្ញុំ​យល់ឃើញថា តំបន់​យើង​ទាំង​ ២ ​ត្រូវតែ​បង្កើន​ការយកចិត្ត​ទុកដាក់​លើ​ការគាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ជាពិសេស​ការជំរុញ​ការធ្វើ​សេរីភាវូបនីយកម្ម​ និង​កិច្ចសម្រួល​ពាណិជ្ជកម្ម ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​ តាមរយៈ​ការលុបបំបាត់​របាំង​ពាណិជ្ជកម្ម​ និង​ការវិនិយោគ​ដើម្បី​ទាញយក​សក្តានុពល​ជា​អតិបរមា​ពី​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​អាស៊ី-អឺរ៉ុប​»​។


លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Cambodia Investment Management Co Ltd បានឱ្យដឹងថា ទោះបីជា​ប្លុក​សហភាព​អឺរ៉ុប​ជាប់​ចំណាត់ថ្នាក់​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី​ ៣ ​របស់​កម្ពុជា​ក៏ដោយ ប៉ុន្តែ​ពាណិជ្ជកម្ម​ទំនិញ​រវាង​ដៃគូ​ទាំង​ ២ ​មាន​ត្រឹមតែ​ ៤,៣ ​ពាន់​លាន​អឺរ៉ូ​ប៉ុណ្ណោះ​។


ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​របស់​កម្ពុជា រួមមាន សហរដ្ឋអាមេរិក មាន ៣០,១ ​ភាគរយ​នៃ​ចំនួន​សរុប​ពិភពលោក ប្រទេស​សិង្ហបុរី​មាន​ ១៤,៨ ​ភាគរយ ប្រទេស​ចិន​មាន​ ៦,១ ​ភាគរយ និង​ជប៉ុន​មាន​ ៦ ​ភាគរយ​។

លោក​លើកឡើងថា​៖ «​ដូច្នេះ វា​មានឱកាស​ច្រើន​សម្រាប់​ធ្វើឱ្យ​ប្រសើរឡើង​ផ្នែក​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្លុក​សហភាព​អឺរ៉ុប​។ កិច្ចប្រជុំ​កំពូល ASEM លើក​ទី​ ១៣ បាន​ធ្វើឱ្យ​កម្ពុជា​មាន​ភាពទាក់ទាញ​ខ្លាំង​ជា​ម្ចាស់ផ្ទះ ហើយ​ជា​ឱកាស​ដ៏ល្អ​បំផុត​មួយ សម្រាប់​កម្ពុជា​ក្នុង​ការលើកកម្ពស់​មុខ​មាត់​របស់ខ្លួន ជាពិសេស​ក្នុង​វិស័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​វិបុលភាព ការកាត់បន្ថយ​ភាពក្រីក្រ និង​ការចែក​ចាយប្រាក់​ចំណូល និង​សន្តិភាព និង​ស្ថិរភាព​»​។

សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​របស់​កម្ពុជា ដែលមាន​ចំនួន​ ៤៥​ ភាគរយ​នៃ​ការនាំចេញ​របស់​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​តួលេខ​របស់​សហគមន៍​អឺរ៉ុប​។

របាយការណ៍​ដដែល​ថា ការនាំចេញ​ភាគច្រើន​រហូត​ ៩៥,៧ ​ភាគរយ ត្រូវបាន​នាំចូល​ទៅក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​ក្រោម​ការអនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA)​។ ជារួម កម្ពុជា​គឺជា​ប្រទេស​ប្រើប្រាស់ កម្មវិធី​អនុគ្រោះ​ពន្ធ EBA ច្រើន​ជាងគេ​ទី​ ២ បន្ទាប់ពី​ប្រទេស​បង់ក្លាដែស​។

យោងតាម​លោក​ ហ៊ុន សែន បណ្តា​ប្រទេស​អាស៊ី​មាន​ចំណែក​ប្រមាណ​ ៦៥ ​ភាគរយ នៃ​សេដ្ឋកិច្ច​សកល ខណៈ​ដែល​ទំហំ​ពាណិជ្ជកម្ម មាន​ប្រមាណ​ជា ៥៥ ភាគរយ​នៃ​ពាណិជ្ជកម្ម​សកល​។

លោកនាយក​រដ្ឋមន្ដ្រី​បញ្ជាក់ថា​៖ «​ជា​ទិសដៅ​ទៅមុខ​ខណៈ​ដែល​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ត្រូវបាន​រំពឹងថា​នឹង​ស្រាកស្រាន្ដ​នាពេល​ដ៏ឆាប់​ខាងមុខ ការជំរុញ​ប្រក្រតីភាព​នៃ​លំហូរ​ពាណិជ្ជកម្ម​ធុរកិច្ច​ និង​វិនិយោគ​ឱ្យស្រប​ទៅនឹង​និន្នាការ​ថ្មី​ជា​សកល គឺជា​ការងារ​សំខាន់ និង​បន្ទាន់ ដើម្បី​ស្តារ និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​សង្គម​សេដ្ឋកិច្ច អាស៊ី-អឺរ៉ុប​ឡើងវិញ​»​។

ការដក​ EBA ​មួយផ្នែក​របស់​អឺរ៉ុប​កាលពី​ថ្ងៃទី​ ១២ ​ខែ សីហា​ ឆ្នាំ​ ២០២០ ​បាន​ប៉ះពាល់​ចំណូល​ ១ ​ពាន់​លាន​អឺរ៉ូ​នៃ​ការនាំចេញ​ប្រចាំឆ្នាំ​របស់​កម្ពុជា​ទៅកាន់​ប្លុក​ដែលមាន​ ២៧ ​ប្រទេស​៕LA