គ្រំចំពុះទា​កោះកុង នៅតែ​មិនសូវ​មាន​ទីផ្សារ

Content image - Phnom Penh Post
គ្រំចំពុះទា​។ រូបថត ក្រសួងបរិស្ថាន

ភ្នំពេញៈ ភាពមិន​អំណោយផល​នៃ​ធម្មជាតិ និង​បញ្ហា​កង្វះ​ទីផ្សារ​កំពុង​គំរាមកំហែង​ដល់​ទិន្នផល​គ្រំចំពុះទា​របស់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ពាមក្រសោប ខេត្តកោះកុង ព្រមទាំង​អាចធ្វើឱ្យ​សហគមន៍​ប្រឈម​នឹង​កង្វះ​ដើមទុន​សម្រាប់​ការបង្កបង្កើនផល​ឆ្នាំក្រោយ​ផងដែរ​។ នេះ​បើតាម​ការលើក​ឡើង​របស់​ប្រធាន​សហគមន៍​។

លោក វង្ស តារា ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ពាមក្រសោប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជាធម្មតា គ្រំចំពុះទា អាច​ប្រមូលផល​បាន​ចាប់ពី​ខែ​កញ្ញា-​ខែមីនា ប៉ុន្តែ​នៅ​ឆ្នាំ​ ២០២១ នេះ​ការប្រមូលផល​មាន​ការយឺតយ៉ាវ ព្រោះ​រហូតមកដល់​ដំណាច់ខែ​វិច្ឆិកា​នេះ មិនទាន់​បាន​ប្រមូលផល​ម្តង​ផង ដោយសារ​ភ្លៀង​ធ្លាក់​ជាប់​រហូត លាយឡំ​នឹង​ខ្យល់ព្យុះ​ផងដែរ​។

លោក​និយាយថា​៖ «​ក្រៅពី​មិនទាន់​ប្រមូលផល ទីផ្សារ​ក៏​ជួប​បញ្ហា​ដែរ ដោយមាន​ឈ្មួញ​ក្នុងស្រុក និង​មកពី​ប្រទេស​វៀតណាម និង​ថៃ បាន​ចុះមក​មើល​ប៉ាន់​ (​គ្រំចំពុះទា​) ២-៣ ​ដង​ដែរ​ ប៉ុន្តែ​ពួកគេ​នៅ​ទាន់​ចង់​ទិញ ដោយសារ​វា​នៅ​តូចៗ​ពេក និង​ខ្លះទៀត​ស្គម​»​។

លោក​បន្ថែមថា កាលពីមុន​គ្រំ​ចំពុះទា​ទាំង​សម្បក ១០ ​គីឡូក្រាម​អាច​បក​បាន​គ្រំចំពុះទា​សាច់​សុទ្ធ​ ១ ​គីឡូក្រាម ប៉ុន្តែ​ឥឡូវ​គ្រំចំពុះទា​ទាំង​សម្បក ១២-១៣ ​គីឡូក្រាម ទើប​ស្មើ​គ្រំចំពុះទា​សាច់​សុទ្ធ ១ ​គីឡូក្រាម​ដែល​ធ្វើឱ្យ​ក្រុម​ឈ្មួញ​នៅ​ស្ទាក់ស្ទើរ​មិនទាន់​ចង់​ទិញ​។

កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​ ២០២១ ក្រសួងបរិស្ថាន​រៀបចំ​ផ្សព្វផ្សាយ​ផលិតផល​គ្រំចំពុះទា​នៅ​ផ្សារម៉ាក្រូ ដើម្បី​​អភិរក្ស​ជីវចម្រុះ​ក្នុង​សមុទ្រ ព្រៃកោងកាង និង​ដើម្បី​ពង្រីក​ទីផ្សារ​ផលិតផល​គ្រំចំពុះទា​លើ​ទីផ្សារ​ក្នុង​ស្រុក​ឱ្យបាន​កាន់តែ​ទូលំទូលាយ​។

លោក​បញ្ជាក់ថា​៖ «​បើ​ទីផ្សារ​ចង្អៀត​បែបនេះ អ្នកនេសាទ​សហគមន៍​ខ្ញុំ​នឹង​ប្រឈម​ខ្វះ​ទុនទិញ​បង្គោល​ថែម ព្រោះ​ឥឡូវ​ក្នុងចំណោម​អ្នករក​របរ​ហ្នឹង​ ១៥០ ​នាក់ គឺមាន​តែ ៣០ ​ភាគរយ​ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​ទិញ​បង្គោល​ទុក​ត្រៀម​សម្រាប់​ឆ្នាំក្រោយ​»​។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី បាន​និយាយថា ទីផ្សារ​ក្នុងស្រុក​សម្រាប់​គ្រំចំពុះទា ភាគច្រើន​ជា​ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ខេត្តកោះកុង ប៉ុន្តែ​ដោយសារ​បច្ចុប្បន្ន​មិនទាន់​សម្បូរ​ភ្ញៀវ​ទើប​តម្រូវការ​គ្រំ​ប្រភេទ​នេះ​មាន​តិចតួច​។ ម្យ៉ាងទៀត​ប្រជាជន​ខ្មែរ​ភាគច្រើន​នៅ​មិនទាន់​ស្គាល់​វា​ផងដែរ​។ លោក​ប្រាប់ថា​៖ «​ក្រសួង​កំពុង​រក​ទីផ្សារ ដោយ​នៅតាម​ផ្សារ​ទំនើប ឬ​សណ្ឋាគារ​។ យើង​ជំរុញ​ឱ្យ​ពួកគាត់​ប្រើប្រាស់​គ្រំចំពុះទា​នេះ​ច្នៃ​ជា​ម្ហូបអាហារ​ឱ្យបាន​ច្រើន​»​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ក្នុងឱកាស​នៃ​ការចូលរួម​ពិធី​ផ្សព្វផ្សាយ​ផលិតផល​គ្រំចំពុះទា នៅ​ផ្សារ​ម៉ាក្រូ​កាលពី​ខែកញ្ញា​បាន​និយាយថា ក្រសួងបរិស្ថាន​នឹង​ខិតខំ​ប្រឹងប្រែង​ជួយ​រក​ទីផ្សារ​គ្រំចំពុះទា​លើ​ទីផ្សារ​ក្នុងស្រុក ដើម្បី​ជួយ​ដល់​ជីវភាព និង​សេដ្ឋកិច្ច​គ្រួសារ​របស់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ឱ្យ​កាន់តែ​ល្អ​។

សូមជម្រាបថា ខ្យង​ចំពុះទា​ត្រូវបាន​ប្រជាសហគមន៍​តំបន់​ការពារ​ធម្មជាតិ ចិញ្ចឹម​តាមបែប​ធម្មជាតិ​តាមរយៈ​ការបោះបង្គោល​ចំនួន ១៨៦ ១០០ ​នៅក្នុង​ផ្ទៃ​ទឹកសមុទ្រ​ប្រមាណ ៥០០ ​ហិកតា ដែល​អាច​ផលិត​ខ្យង​ចំពុះទា​ជា​មធ្យម ៣ ១៦៣ ​តោន ក្នុង​ ១ ​ឆ្នាំ​ក្នុង​ចន្លោះ​ខែកញ្ញា ដល់​ខែមេសា​។ ខ្យង​ចំពុះទា​ស្រស់​ទាំង​សម្បក​មានតម្លៃ​ចន្លោះ​ពី ១៥០០-២ ០០០ ​រៀល ក្នុង​ ១ ​គីឡូក្រាម និង​បកសម្បក​រួច​មាន​តម្លៃ ៤០ ០០០-៦០ ០០០ ​រៀល ក្នុង​ ១ ​គីឡូក្រាម ដែល​ធ្វើឱ្យ​សហគមន៍​នេះ​ក្នុង​ ១ ​គ្រួសារ​អាច​រកចំណូល​បាន​ប្រមាណ ៤ ០០០ ​ទៅ ៦ ០០០ ​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​៕ LA

ព័ត៌មានថ្មីៗ