ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ថ្នាំជក់​ជិត ៤,៣ ​ពាន់​តោន​ក្នុង​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២១ ថយចុះ ២៤ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដោយ​ក្នុងនោះ​ការនាំ​ចេញទៅ​ទីផ្សារ​វៀតណាម​គ្របដណ្តប់​ស្ទើរ​ទាំង​ស្រុង​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួង​កសិកម្ម​។

យោងតាម​ទិន្នន័យ​ចាប់ពី​ខែមករា-វិច្ឆិកា ឆ្នាំ​ ២០២១ ការនាំចេញ​ថ្នាំជក់​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន ៤ ២៩៤,០៥ ​តោន ថយចុះ ២៤,៤២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ក្នុងនោះ​ការនាំ​ទៅ​ប្រទេស​វៀតណាម គ្របដណ្តប់​ជាង ៩៨ ​ភាគរយ​ដោយមាន​ចំនួន ៤ ២១២,៨០ ​តោន​, ប្រទេស​ប៊ែលហ្ស៊ិក ៥៩,៤២ ​តោន​, ហុងគ្រី ១៩,៨០ ​តោន​, បូស្នៀ និង​ហឺហ្សេហ្គោវីណា ១,៩០ ​តោន​, ចិន ០,១០ ​តោន​, ឥណ្ឌូនេស៊ី ០,០២ ​តោន​, សិង្ហបុរី ០,០១ ​តោន និង​ប្រទេស​អាល្លឺម៉ង់ ០,០០១ ​តោន​។


កម្ពុជា និង​វៀតណាម កាលពី​ឆ្នាំ​ ២០១៦ បាន​យល់ព្រម​លើ​ការអនុគ្រោះ​ពន្ធ​សម្រាប់​ផលិតផល​កសិកម្ម​ឆ្លងកាត់​ព្រំដែន​ទាំង​ ២​។ ស្ថិតនៅក្រោម​កិច្ចព្រមព្រៀង​នេះ​កម្ពុជា​ត្រូវបាន​អនុញ្ញាត​ឱ្យ​នាំ​ថ្នាំជក់​ស្ងួត​ចំនួន ៣ ០០០ ​តោន​ទៅ​វៀតណាម​ដោយ​រួច​ពន្ធ​រយៈពេល ១ ​ឆ្នាំ​។ កិច្ចព្រមព្រៀង​នេះ​ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ រហូត​មក​ដល់​ពេលនេះ​។


លោក ស៊ឹម ថាវីរៈ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ចាម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៧ ខែវិច្ឆិកា​ថា បញ្ហា​តម្លៃ​ទីផ្សារ​បាន​ធ្វើឱ្យ​ការដាំដុះ​ដំណាំ​ថ្នាំជក់​ក្នុង​ខេត្តកំពង់ចាម​ក្នុង​ឆ្នាំនេះ​ធ្លាក់ចុះ​បន្តិចបន្តួច​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដោយ​ផ្ទៃដី​ដាំ​ថ្នាំជក់​ពេលនេះ​មាន​ប្រមាណ ៣ ៤០០ ​ហិកតា​។ សកម្មភាព​ដាំដុះ​ថ្នាំជក់ មិនបាន​បង្ហាញ​សញ្ញា​វិជ្ជមាន​ទេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​ប្រជាកសិករ​បាននាំគ្នា​ងាក​ទៅ​ដាំ​ផលិតផល​ដែល​មាន​សក្តានុពល​សម្រាប់​នាំចេញ​ដូចជា ស្វាយ ចេក និង​ដំឡូងមី​។


លោក​ថ្លែងថា​៖ «​ការធ្លាក់ចុះ​ផល​ថ្នាំជក់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារ​មិនសូវមាន​ទីផ្សារ និង​មាន​តម្លៃ​ទាប​។ បើ​តម្លៃ​ទីផ្សារ​ខ្ពស់ ការដាំដុះ​នឹងមាន​សម្ទុះ​ឡើងវិញ​»​។


ទោះយ៉ាងណា​លោក​អះអាង​ថា ដោយសារ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​គុណវិបត្តិ​នៃ​ថ្នាំជក់​មាន​លក្ខណៈ​កាន់តែ​ទូលំទូលាយ ដូច្នេះ​ផលិតផល​ថ្នាំជក់​មិនត្រូវ​រំពឹងថា​មាន​កំណើន​ឡើងវិញ​នោះទេ​។


យោងតាម​លោក ស៊ឹម ថាវីរៈ ថ្នាំជក់​ត្រូវបាន​គេ​ដាំ​ភាគច្រើន​នៅតាម​ដង​ទន្លេមេគង្គ​ (​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និង​ខេត្តកណ្តាល​) នៅ​រដូវ​ទឹកស្រក និង​ប្រមូលផល​នៅក្នុង​អំឡុង​ដើមខែ​មីនា ដល់​ចុងខែ​មេសា​នៃ​ឆ្នាំ​នីមួយៗ​។

លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ និយាយថា សកម្មភាព​នៃ​ការដាំ​ថ្នាំជក់​មិនមាន​កំណើន​ទេ ខណៈ​ទិន្នផល​ត្រូវបាន​ក្រុម​ឈ្មួញ​ប្រមូល​យកទៅលក់​ឱ្យ​វៀតណាម​។ លោក​បន្តថា ផ្ទៃដី​ដាំដុះ​ថ្នាំជក់​ត្រូវបាន​គេ​បង្វែរ​ទៅ​ដាំ​ដំណាំ​ផ្សេងៗ​ផងដែរ​។

លោក​ប្រាប់ទៀត​ថា​៖ «​ដោយសារ​ទិន្នផល​ធ្លាក់ចុះ ដូច្នេះ​ការនាំចេញ​ក៏​ធ្លាក់ចុះ​ដែរ​។ ម្យ៉ាងទៀត​តម្លៃ​ទីផ្សារ​ដែល​ឈ្មួញ​ប្រមូល​ទិញ​ក៏​មិន​ខ្ពស់​ដែរ​»​។

ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​ថ្នាំជក់​សរុប ៥ ៨២០,៨២ ​តោន ធ្លាក់ចុះ ១៤,០២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ៦ ៧៦៩,៩៧ តោន​។ ក្នុងនោះ​ប្រាក់​ដែល​ទទួលបាន​មានតម្លៃ ១៧ ៤៦២ ៤៦០ ដុល្លារ ធ្លាក់ចុះ ២៨,៣៤ ​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ២៤ ៣៧១ ៨៧៤,៧២ ​ដុល្លារ​៕ LA

វីដេអូ៖