ទីក្រុងហាណូយៈ សមាមាត្រ​នៃ​សហគ្រាស​ជប៉ុន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ប្រទេស​វៀតណាម​បាន​ព្យាករ​ថា​នឹង​ទទួលបាន​ប្រាក់​ចំណេញ​ក្នុង​សកម្មភាព​អាជីវកម្ម​កាលពី​ឆ្នាំមុន គឺ​ ៥៤,៣​ ភាគរយ​កើនឡើង​ ៤,៧ ​ពិន្ទុ ធៀប​នឹង​ឆ្នាំ​ ២០២០​។

តួលេខ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ស្ទង់​មតិ​លើ​ការវិនិយោគ​របស់​ជប៉ុន​នៅ​តំបន់​អាស៊ី និង​អូសេអានី ឆ្នាំ​ ២០២១​។ តំណាង Jetro នៅ​ទីក្រុង​ហាណូយ​លោក Takeo Nakajima បានបង្ហាញ​តួលេខ​នេះ​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​ពុធ​។


នៅក្នុង​ការស្ទង់មតិ​លើក​ទី​ ៣៥ ​នេះ កម្មវិធី​បានទទួល​ការឆ្លើយតប​ពី​សហគ្រាស​ជប៉ុន​ចំនួន​ ៧០២ ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​វៀតណាម​។


គួរ​កត់សម្គាល់ថា រយៈពេល​នៃ​ការស្ទង់​មតិ គឺ​ចាប់ពី​ថ្ងៃទី ​២៥ ខែសីហា ដល់​ថ្ងៃទី​ ២៤ ខែកញ្ញា ឆ្នាំមុន ស្រប​ពេលដែល​ប្រទេស​វៀតណាម​បាន​អនុវត្ត​វិធានការ​រក្សា​គម្លាត​សង្គម​យ៉ាង​តឹងរ៉ឹង​ដោយសារ​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។


លោក Nakajima បាន​និយាយថា ដូច្នេះ​វា​ប៉ះពាល់​ដល់​លទ្ធផល​ឆ្លើយតប​របស់​សហគ្រាស​។


ទោះជា​យ៉ាងណា ចំនួន​ធុរកិច្ច​ជប៉ុន​ដែល​កំពុង​វិនិយោគ និង​ប្រតិបត្តិការ​នៅ​វៀតណាម​បាន​និយាយថា ប្រាក់​ចំណេញ​របស់​ពួកគេ​មាន​ភាពប្រសើរឡើង​ឈានដល់ ៣១,៤ ​ភាគរយ ដែល​ជាការ​កើនឡើង​បើ​ធៀប​នឹង​ការ​ស្ទង់មតិ​ចុងក្រោយ​ក្នុង​ឆ្នាំ​ ២០២០​។


ម្យ៉ាងទៀត ដោយសារ​ឥទ្ធិពល​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ការ​ងើបឡើង​នៃ​អាជីវកម្ម​គឺ​យឺត​ជាង​ប្រទេស​ដទៃទៀត​។

ជាក់ស្តែង​នៅក្នុង​តំបន់​ភាគខាងត្បូង និង​កណ្តាល​នៃ​ប្រទេស​វៀតណាម អាជីវកម្ម​ជាង​ ៤០ ​ភាគរយ​បាន​ឆ្លើយថា ប្រាក់ចំណេញ​ប្រតិបត្តិការ​របស់​ពួកគេ «​ធ្លាក់ចុះ​»​ ដោយសារតែ​ការថយចុះ​នៃ​អត្រា​ប្រតិបត្តិការ​។

ចំពោះ​ឧស្សាហកម្ម​ផលិតកម្ម សមាមាត្រ​នៃ​សហគ្រាស​ដែល​រាយការណ៍​ប្រាក់ចំណេញ​គឺ​ ៥៧,៥​ ភាគរយ ខណៈ​សហគ្រាស​មិនមែន​ផលិតកម្ម​មាន ៥១,៥ ​ភាគរយ​។

ឆ្ពោះទៅកាន់​ឆ្នាំ​ថ្មី ៥៦,២ ​ភាគរយ​នៃ​អាជីវកម្ម​ដែល​បាន​ស្ទង់​មតិ​បាន​ឆ្លើយថា​ «​មាន​ភាពប្រសើរឡើង​» ទាក់ទង​នឹង​ការរំពឹងទុក​ប្រាក់ចំណេញ​អាជីវកម្ម​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​។

ភាគរយ​នៃ​សហគ្រាស​ដែលមាន​បំណង​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ក្នុងប្រទេស​វៀតណាម​ក្នុង​រយៈពេល​ពី ១ ​ទៅ ២ ​ឆ្នាំ​ខាងមុខ គឺ ៥៥,៣ ​ភាគរយ​កើនឡើង ៨,៥​ ពិន្ទុ​ធៀប​នឹង​ឆ្នាំមុន ដោយ​ជាប់​ចំណាត់ថ្នាក់​ទី​ ១ ក្នុង​តំបន់​អាស៊ាន និង​ទី​ ៤ ​ក្នុងចំណោម​ប្រទេស​ចំនួន​ ២០​ សម្រាប់​ការស្ទង់មតិ មានតែ​នៅ​ពីក្រោយ​ប្រទេស​ឥណ្ឌា បង់ក្លាដែស និង​ប៉ាគីស្ថាន​ប៉ុណ្ណោះ​។

លោក Nakajima បាន​និយាយថា ភាគរយ​នៃ​អាជីវកម្ម​ដែល​ចង់​ពង្រីក​ប្រតិបត្តិការ​ក្នុងប្រទេស​វៀតណាម​បាន​ថយ​ចុះបើ​ធៀប​ទៅនឹង​មុនពេល​ជំងឺ​រាតត្បាត​។ ទោះជា​យ៉ាងណា នេះ​គឺជា​និន្នាការ​ទូទៅ​នៅក្នុង​ទីផ្សារ​ផ្សេងទៀត មិន​ត្រឹមតែ​វៀតណាម​ប៉ុណ្ណោះ​ទេ ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​បាន​បន្ថែមថា វៀតណាម​ក៏​ជា​ប្រទេសមួយ​ដែលមាន​អត្រា​សហគ្រាស​ពង្រីក​ផលិតកម្ម​ខ្ពស់​ជាងគេ​នៃ​តំបន់​អាស៊ាន​។

នៅក្នុង​លក្ខខណ្ឌ​នៃ​គុណសម្បត្តិ​នៃ​បរិយាកាស​វិនិយោគ សមត្ថភាព​ទីផ្សារ សក្តានុពល​នៃ​ការអភិវឌ្ឍ ស្ថិរភាព​នយោបាយ និង​សង្គម និង​បុគ្គលិក​ដែលមាន​គុណភាព​ខ្ពស់ គឺជា​ចំណុច​លេចធ្លោ​របស់​វៀតណាម បើ​ធៀប​នឹង​ប្រទេស​អាស៊ាន​ដទៃទៀត​។

ទោះបីជា​ប្រាក់​ឈ្នួល​អប្បបរមា​កាលពី​ឆ្នាំមុន​មិនបាន​កើនឡើង​ក៏ដោយ ប៉ុន្តែ​ប្រាក់​ឈ្នួល​នៅក្នុង​អាជីវកម្ម​ជប៉ុន​បាន​កើនឡើង​ជា​មធ្យម ៥,៤ ​ភាគរយ​។

របាយការណ៍​របស់ Jetro ក៏​បង្ហាញ​ដែរ​ថា អាជីវកម្ម​ក្នុងប្រទេស​វៀតណាម​ចាប់អារម្មណ៍​បំផុត​លើ «​ការសន្សំ​ថាមពល និង​ធនធាន​សន្សំ​» ក្នុង​និន្នាការ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។

មាន​សហគ្រាស​តិចតួច​ដែល​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ចាប់ផ្តើម​អាជីវកម្ម​របស់​វៀតណាម (៥ ភាគរយ​) និង​សហគ្រាស​មានបំណង​សហការ (៣ ​ភាគរយ​) ប៉ុន្តែ​សហគ្រាស​ដែល​ចាប់អារម្មណ៍​លើ​កិច្ចសហប្រតិបត្តិការ​មាន​ចំនួន ៣០ ​ភាគរយ ខ្ពស់ជាង​មធ្យមភាគ​នៃ​តំបន់​អាស៊ី និង​អូសេអានី​។

ទាក់ទិន​នឹង​ការរំពឹងទុក​នៃ​រំហូរ​មូលធន​ថ្មី​ក្នុង​ឆ្នាំ​ថ្មី Jetro ជឿជាក់ថា នៅពេលដែល​ផ្លូវ​ហោះហើរ​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ ២ ត្រូវបាន​ស្តារ​ឡើងវិញ និង​មាន​ស្ថិរភាព​ដោយ​ទិន្នន័យ​នេះ​នឹង​បង្កើត​មូលដ្ឋាន​សម្រាប់​សហគ្រាស​ជប៉ុន​សិក្សា​បរិយាកាស​ធុរកិច្ច​វៀតណាម និង​ធ្វើការ​សម្រេចចិត្ត​៕VNS-ANN/RR