ទីក្រុង កាត់ថ្មាន់ឌូ: និយតករ​ទូរគមនាគមន៍​របស់​ប្រទេស​នេប៉ាល់​នឹង​ព្រាង​គោលនយោបាយ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទូរគមនាគមន៍ (ICT) រួមបញ្ចូល​គ្នា​ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​បច្ចេកវិទ្យា​ព័ត៌មាន (IT) ចំពោះ​គ្រប់​ទិដ្ឋភាព​សង្គម​ និង​ការអភិវឌ្ឍ​ និង​ដើម្បី​ចៀសវាង​ការកើនឡើង​គម្លាត​ឌីជីថល​។

ប្រទេស​នេប៉ាល់​បាន​សង្កេតឃើញថា​មានការ​រីកចម្រើន​គួរឱ្យ​ចាប់អារម្មណ៍​នៅក្នុង​វិស័យ​ព័ត៌មាន​ និង​ទូរគមនាគមន៍ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុង​ក្រោយនេះ​។


ទោះបី​ការប្រើប្រាស់​អ៊ីនធឺណិត​នៅតាម​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) ដូចជា នេប៉ាល់​កំពុង​កើនឡើង​យ៉ាងឆាប់រហ័ស​ក៏ដោយ​ក៏​ភាពខុសគ្នា​នៅតែមាន​រវាង​ក្រុម​ផ្សេងៗ​គ្នា​។ ជា​ឧទាហរណ៍​ភាគរយ​នៃ​ស្ត្រី​ដែល​ប្រើប្រាស់​អ៊ីនធឺណិត​គឺ​ទាប​ជាង​បុរស​។ លើសពីនេះ​មាន​ភាពមិន​ស្មើគ្នា​ដែល​សង្កេតឃើញ​រវាង​បុគ្គល​ដែល​រស់នៅក្នុង​ទីក្រុង​ និង​តំបន់​ជនបទ​។


លោក​ Min Prasad Aryal នាយក​អាជ្ញាធរ​ទូរគមនាគមន៍​នេប៉ាល់​បាន​ថ្លែងថា​៖ «​ជាមួយនឹង​ការរីកចម្រើន​យ៉ាងខ្លាំង​ផ្នែក ICT មាន​បញ្ហា​ជាច្រើន​ដែល​យើង​ត្រូវ​ដោះស្រាយ​ទៅតាម​ពេលវេលា​ដែល​ផ្លាស់ប្តូរ​»​។


លោក​បាន​បន្តថា សេចក្តីព្រាង​ដែល​បានស្នើ​ឡើង រំពឹងថា​នឹង​បម្រើ​ជា​ក្របខ័ណ្ឌ​គោលនយោបាយ​ការពារ​ដោយ​រួមបញ្ចូល​វិស័យ​ទូរគមនាគមន៍ និង​អ៊ីនធឺណិត ICT និង​ទិដ្ឋភាព​សេដ្ឋកិច្ច​ឌីជីថល​ ដើម្បី​បំពេញតម្រូវការ​ការអភិវឌ្ឍ​របស់​ប្រទេសមួយ​នេះ​។


ពិភពលោក​កំពុង​ផ្លាស់ប្តូរ​។ ​គំរូ​អាជីវកម្ម​ដែល​រីកចម្រើន​រហ័ស និង​បច្ចេកវិទ្យា​ដែល​រំខាន​ដូចជា​បញ្ញា​សិប្បនិមិ្មត (AI) មនុស្ស​យន្ត​ និង​សង្គម​អ៊ីនធឺណិត​កំពុង​ផ្លាស់ប្តូរ​របៀប​ធ្វើ​ការងារ​។


បច្ចេកវិទ្យា​ឌីជីថល​ទាំងនេះ​កំពុង​អាចឱ្យ​រដ្ឋាភិបាល​ និង​សហគ្រាស​នៅ​ទូទាំង​ពិភពលោក លើកកម្ពស់​សក្តានុពល​ដើម្បី​សម្រេចបាន​កំណើន​ដ៏​រហ័ស​។

មាន​ការ​ភ្ជាប់​ទំនាក់ទំនង​យ៉ាងរឹងមាំ​រវាង​ការទទួលយក​ឌីជីថល​ និង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​។ ​យោងតាម​របាយការណ៍​របស់​ធនាគារពិភពលោក​រាល់​ការកើនឡើង​ ១០ ​ភាគរយ​នៃ​ការចូល​ទីផ្សារ​របស់​អ៊ីនធឺណិត​ក្នុង​ប្រទេសមួយ​បណ្តាលឱ្យមាន​កំណើន​សេដ្ឋកិច្ច​កើនឡើង​ ១,៣ ​ភាគរយ​។

រដ្ឋាភិបាល​នេប៉ាល់​បាន​បង្កើត​គោលនយោបាយ​ទូរគមនាគមន៍​ឆ្នាំ​ ២០០៤ ​គោលនយោបាយ​អ៊ីនធឺណិត​ជាតិ​ឆ្នាំ​ ២០១៤ ​និង​គោលនយោបាយ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​ជាតិ​ចុងក្រោយ​នៅ​ឆ្នាំ​ ២០១៥​។

ប៉ុន្តែ​សព្វថ្ងៃនេះ​បច្ចេកវិទ្យា​ត្រូវ​ពឹង​ផ្អែកលើ​ពិធីសារ​អ៊ីនធឺណិត (IP) ហើយ​ទាមទារ​ឱ្យមាន​ការឆ្លើយតប​គោលនយោបាយ​ទំនាក់ទំនង និង​រួមបញ្ចូល​គ្នា​។ បច្ចេកវិទ្យា​ដែលមាន​មូលដ្ឋាន​លើ​ IP គឺ​ក្រុមហ៊ុន​សេវា​សា​ជា​សំឡេង ​(VoIP) ការផ្សាយ​តាម​អ៊ីនធឺណិត និង​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ឥត​ខ្សែ​។

លោក Aryal​បាន​ថ្លែងថា​៖ «​គោលនយោបាយ​ដែលមាន​ស្រាប់​ទាំងអស់​នេះ​នឹងត្រូវ​បានដាក់​បញ្ចូល​ទៅក្នុង​គោលនយោបាយ​ដ៏ទូលំទូលាយ​មួយ​»​។

ខណៈពេល​ដែល​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​សកម្មភាព​សេដ្ឋកិច្ច ស្ថានភាព​បែបនេះ​ក៏បាន​បណ្តាលឱ្យ​មាន​ការកើនឡើង​ពិសេស​ក្នុង​ការប្រើប្រាស់​ដំណោះស្រាយ​ឌីជីថល​ផ្សេងៗ​ផងដែរ​។

បុគ្គលិក​បម្រើ​ការងារ​នៅតាម​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​របស់​រដ្ឋ​នៅ​ជុំវិញ​ពិភពលោក​បាន​ផ្លាស់ប្តូរ​ទៅធ្វើការ​ពី​ផ្ទះ​ និង​សន្និសីទ​អនឡាញ​ ខណៈដែល​សិស្ស​ជាច្រើន​ត្រូវ​រៀន​ពី​ចម្ងាយ​ដែល​គាំទ្រ​ដោយ​បច្ចេកវិទ្យា​ឌីជីថល​ផ្សេងៗ​គ្នា​៕ THE KATHMANDU POST (NEPAL)-ANN/LA