​ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម​កំពុង​ជំរុញ​ឱ្យ​ក្រុមការងារ​របស់ខ្លួន​ធ្វើការ​ពិនិត្យ និង​កែសម្រួល​ខ្លឹមសារ​មួយចំនួន​នៃ​សេចក្តីព្រាង គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ដើម្បី​ត្រៀម​ស្នើសុំ​ការសម្រេច​ពី​រដ្ឋាភិបាល សម្រាប់​យកមកប្រើ​ប្រាស់​។​

​ក្នុង​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី កាលពី​ថ្ងៃទី​២០ ខែមករា លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានលើកឡើង​អំពី​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ដែល​កន្លងមក​គោលនយោបាយ​នេះ​បានដាក់​ឆ្លង​កិច្ចប្រជុំ​ជាច្រើនលើក​រួចមកហើយ ដូចជា កិច្ចប្រជុំ​កម្រិត​អគ្គនាយកដ្ឋាន​-​អន្តរ​អគ្គនាយកដ្ឋាន កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស និង​កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ​រៀបចំ​គោលនយោបាយ​ស្វាយចន្ទី​កម្ពុជា​។ បន្ថែម​ពីលើ​នេះ ក្រុមការងារ​របស់​ក្រសួង ក៏បាន​បញ្ចូល​នូវ​ធាតុ​ចូល​ពី​អន្តរក្រសួង​-​ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ពាក់ព័ន្ធ​ដូចជា សមាគម អ្នក​នាំចេញ អ្នក​ដាំ​ដុះ ដើម្បី​បំពេញបន្ថែម​នូវ​រាល់​ចំណុច​ខ្វះខាត​។​


​លោក​លើកឡើងថា ស្វាយចន្ទី គឺជា​ទំនិញ​មាន​សក្តានុពល​ដែល​កម្ពុ​ជាមាន​ទាំង​ការដាំដុះ និង​ការផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​។ ដូច្នេះ​ការរៀបចំ​ឱ្យមាន​នយោបាយ​ជាតិ​នឹង​រួមចំណែក​យ៉ាងច្រើន​ដល់​ការសម្រេចបាន​នូវ​មហិច្ឆតា​ពេលអនាគត​របស់​កម្ពុជា​ក្នុងការ​ក្លាយជា​ប្រទេស​ផលិត និង​នាំចេញ​។​


​នាពេល​កន្លងមក លោក រាជ រ៉ា ធ្លាប់​និយាយថា​៖«​គោលបំណង​នៃ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​គឺ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ស្វាយចន្ទី​ដ៏​សំខាន់​មួយ​សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក តំបន់ និង​ពិភពលោក​»​។​


​ជា​លទ្ធផល អង្គប្រជុំ​បាន​បើក​កិច្ចពិភាក្សា​ពិនិត្យ​កែសម្រួល និង​បន្ថែម​ខ្លឹមសារ​នៅលើ​ចំណុច​សំខាន់ និង​ទិន្នន័យ​មួយចំនួន​នៃ​គោលនយោបាយ​នេះ ដោយ​រក្សា​នូវ​អត្ថន័យ​ដើម​។​


​លោក​បាន​ថ្លែងថា​៖«​ខ្ញុំ​សូម​ផ្តល់​អនុសាសន៍​ឱ្យ​លេខាធិការដ្ឋាន​រៀបចំ​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ត្រៀម​រៀបចំ​នីតិវិធី​បន្ត​ដើម្បី ស្នើសុំ​ដាក់​ពិភាក្សា​នៅ​កិច្ចប្រជុំ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​»​។


​ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា ក្នុង​ឆ្នាំ​២០២០ កម្ពុជា​នាំចេញ​គ្រាប់ស្វាយចន្ទី​ចំនួន ៩៣៧ ៩៧៤,២៦​តោន តោន​កើនឡើង ៣២៨,៣៤ ភាគរយ​ពី​ចំនួន ២១៨ ៩៨១​តោន​ក្នុង​ឆ្នាំ​២០២០​។ គ្រាប់ស្វាយចន្ទី​ត្រូវបាន​នាំចេញ​ភាគច្រើន​ទៅ​ប្រទេស វៀតណាម ចិន ថៃ ឥណ្ឌា ជប៉ុន និង​កូរ៉េ ជាដើម​៕​