ទីក្រុងវៀងចន្ទន៍ៈ ក្រុមហ៊ុន Amata Corp Pcl ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឧស្សាហកម្ម​ដ៏ធំ​មួយ​នៅក្នុង​ប្រទេស​ថៃ​គ្រោង​នឹង​វិនិយោគ​ចំនួន​​ ១ ​ពាន់​លាន​ដុល្លារ​ក្នុងការ​សាងសង់​ទីក្រុង Amata Smart និង​ធម្មជាតិ (Eco City) នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ឡាវ​។

រដ្ឋាភិបាល​ឡាវ​បានផ្តល់​ដីសម្បទាន​ដល់​ក្រុមហ៊ុន Amata ដើម្បី​សាងសង់​តំបន់​ឧស្សាហកម្ម​លើ​ផ្ទៃដី ៤១០ ​ហិកតា​ក្នុង​តំបន់ Natuey ក្នុង​ខេត្ត Luang Namtha​។


លោក Vikrom Kromadit ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amata ត្រូវបាន​ដកស្រង់​សម្តី​ក្នុង​កាសែត Bangkok Post ថា ការសាងសង់​គម្រោង Amata Smart និង Eco City Natuey នឹង​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំនេះ​ជាមួយ​នឹង​សក្តានុពល​សម្រាប់​ពង្រីក​ដល់ ២​ ម៉ឺន​ហិកតា​ក្នុង​ដំណាក់កាល​បន្ទាប់​។


លោក​បាន​បន្ថែមថា បរិវេណ​ឧស្សាហកម្ម​នេះ​ត្រូវបាន​កំណត់ឱ្យ​ក្លាយជា​គំរូ​សម្រាប់​សួន​ឧស្សាហកម្ម​ទំនើប ជាមួយ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​សន្សំសំចៃ​ថាមពល និង​ការគ្រប់គ្រង​បរិស្ថាន​ប្រកបដោយ​និរន្តរភាព​។


​លោក Somphavan Chanthachakvong មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋបាលខេត្ត Luang Namtha បាន​ប្រាប់​កាសែត Vientiane Times នៅ​ថ្ងៃទី​ ១៨ ខែមករា​ថា Amata Smart និង Eco City ត្រូវបាន​រចនា​ឡើង​ដើម្បី​ផ្លាស់ប្តូរ​មុខមាត់​នៃ​ខេត្ត Luang Namtha និង​ឡាវ​ទាំងមូល​ជា​វិជ្ជមាន​។


ទីក្រុង​ឆ្លាត​វៃ​នេះ​មាន​គោលបំណង​បម្រើ​អ្នកវិនិយោគ​អន្តរជាតិ​ក្នុង​ឧស្សាហកម្ម​ផ្សេងៗ​រួមទាំង​ការដឹកជញ្ជូន និង​ឃ្លាំង ផលិតផល​កៅស៊ូ និង​ជ័រប្លាស្ទិក គ្រឿង​ម៉ាស៊ីន អាហារ និង​ភេសជ្ជៈ ក៏ដូចជា​សារធាតុ​គីមី និង​ឱសថស្ថាន​។


លោក Somphavan បាន​និយាយថា​៖ «​ទីក្រុង​ឆ្លាត​នេះ​មាន​ទីតាំងនៅ​ជិត​ស្ថានីយ​រថភ្លើង Natuey ដែលមាន​ចម្ងាយ​ប្រហែល ២០ ​គីឡូម៉ែត្រ​ពី​ព្រំដែន​ប្រទេស​ចិន​»​។

លោក​និយាយថា​៖ «​មាន​ស្ថានីយ​រថភ្លើង​ចំនួន​ ២ ​នៅក្នុង​ខេត្ត Luang Namtha ដែល​បម្រើ​ជា​ច្រក​ផ្លូវ​រវាង​អាស៊ាន និង​ចិន ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​ទេសចរ និង​ពាណិជ្ជកម្ម​បន្ថែមទៀត​។

លោក Somphavan បាន​និយាយថា ផ្លូវ​រថភ្លើង​ឡាវ-ចិន​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការសម្របសម្រួល​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​អាស៊ាន និង​ចិន និង​លើសពីនេះ​ទៀត​។

លោក Vikrom ត្រូវបាន​គេ​ដកស្រង់​សម្ដី​ចុះផ្សាយ​ក្នុង​កាសែត Bangkok Post ដែល​បាន​និយាយថា Amata គ្រោង​នឹង​អញ្ជើញ​ក្រុមហ៊ុន និង​រដ្ឋាភិបាលចម្រុះ​ជាតិ​សាសន៍​ពី​ប្រទេស​ចិន ជប៉ុន សិង្ហបុរី និង​ថៃ ដើម្បី​ផ្សព្វផ្សាយ​គម្រោង Amata Smart និង Eco City៕Vientiane Times-ANN/RR