ព្រះសីហនុៈ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បាន​គាំទ្រ និង​ទទួល​អនុវត្ត​អនុសាសន៍​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ចំពោះ​ការរៀបចំ​ឱ្យមាន​កិច្ចពិភាក្សា​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ ដោយ​ចាប់ផ្តើម​ពី​ការជំរុញ​ទេសចរណ៍​ផ្ទៃក្នុង (Intra-ASEAN Travel) ឱ្យបាន​ឆាប់​។ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​សំខាន់ៗ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី ​២៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា កាលពី​ថ្ងៃទី​ ២១ ខែមករា ឱ្យដឹងថា រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បាន​គាំទ្រ និង​ទទួល​អនុវត្ត​នូវ​អនុសាសន៍​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំពោះ​ការជំរុញ​ឱ្យ​ពិភាក្សា​ពី​ការបើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ ដោយ​ត្រូវ​ជំរុញ​បើក​ទេសចរណ៍​ផ្ទៃក្នុង​របស់ខ្លួន (Intra-ASEAN Travel) ឱ្យបាន​ឆាប់​ចំពោះមុខ​តាមរយៈ​ការគិតគូរ​រៀបចំ​អនុវត្ត​ច្រករបៀង​នៃ​ការធ្វើដំណើរ​ក្នុង​តំបន់​អាស៊ាន (ASEAN Travel Corridor), ការគិតគូរ​បង្កើតឱ្យមាន​ប្រព័ន្ធ​រួម​ទទួលស្គាល់​ការចាក់​វ៉ាក់សាំង ដូចជា​លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង​តាម​ប្រព័ន្ធ​ឌីជីថល (Digital Vaccination Certificate) ជាដើម​។​


សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែមថា ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បាន​ឯកភាព​ជំរុញ​អនុវត្ត​ផែនការ និង​គោលការណ៍​ដែល​បានអនុម័ត​មានដូចជា ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​អាស៊ាន​ឡើងវិញ និង​គោលការណ៍​ណែនាំ​អាស៊ាន​ស្តីពី​វិធាន​សុវត្ថិភាព និង​អនាម័យ​អាស៊ាន ស្របតាម​សេចក្តី​ថ្លែងការណ៍​ភ្នំពេញ ស្តីពី​ទេសចរណ៍​អាស៊ាន ប្រកប​ដោយ​ចីរភាព បរិយាបន្ន និង​ភាពធន់​កាន់តែ​ប្រសើរ​។


តាមរយៈ​វេទិកា​ទេសចរណ៍​អាស៊ាន ២០២២ «​តារា​រះ​ទិសនិរតី​» ដែល​កម្ពុជា ជា​ម្ចាស់ផ្ទះ និង​កំពុង​រៀបចំ​នៅ​ក្រុងព្រះសីហនុ ពីថ្ងៃ​ទី​ ១៦-២២ ខែមករា នេះ ក្រុម​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ក៏បាន​ឯកភាព​គ្នា​លើ​កិច្ចការ​មួយចំនួន​ទៀត​មានដូចជា​៖ ការប្រកាស​បើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ​ក្រោម​បរិបទ​កូវីដ​ ១៩ ទាំង​ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាន និង​ទេសចរណ៍​អន្តរជាតិ​, ការលើក​ទឹកចិត្ត​ឱ្យ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឡើង​វិញ​ជាមួយ​ដៃគូ​អន្តរជាតិ សមាគម​ទេសចរណ៍​នានា និង​ផ្នែក​ឯកជន ដើម្បី​បង្កើន​ការចូលរួម​ជ្រោមជ្រែង​ការបើក​ទេសចរណ៍​តំបន់​ឡើងវិញ ប្រកប​ដោយ​ភាពរលូន កំណើន និង​មាន​សុវត្ថិភាព​, ការឯកភាព និង​អនុម័ត​លើ​ឯកសារ​ស្នើឡើង​ដោយ​ប្រធាន​ស្ថាប័ន​ជាតិ​ទេសចរណ៍ អាស៊ាន (ASEAN NTOs), និង​បាន​ឯកភាពគ្នា​ផ្តល់​កិច្ចសហការ​សម្របសម្រួល​ចាំបាច់​នានា ដើម្បី​អនុវត្ត​ការបើក​ទេសចរណ៍​អាស៊ាន ប្រកប​ដោយ​ភាពរលូន​ជា​ដំណាក់កាល និង​ទទួលបាន​នូវ​ចីរភាព និង​កំណើន​។


ក្នុង​ឱកាស​នោះ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ដែល​បានផ្តល់​ការគាំទ្រ​ខ្ពស់​ដល់​វិស័យ​ទេសចរណ៍​អាស៊ាន និង​បាន​ផ្តល់នូវ​អនុសាសន៍​ណែនាំ​ជាច្រើន​ ដើម្បី​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​មាន​ដំណើរការ​ឡើង​វិញ​ជា​បណ្តើរៗ និង​មាន​សុវត្ថិភាព បន្ទាប់ពី​ត្រូវបាន​ជាប់គាំង​ជាង ២ ​ឆ្នាំ ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩​។


ប្រទេស​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន ២០២២ នៅ​ក្រុងព្រះសីហនុ ចាប់ពី​ថ្ងៃទី​ ១៦-២២ ខែមករា ឆ្នាំ​ ២០២២ តាម​ទម្រង់​ផ្ទាល់​រវាង​ប្រទេស​សមាជិក​អាស៊ាន និង​ដៃគូ​អាស៊ាន​មួយចំនួន​មានដូចជា អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO), សមាគមន៍​ទេសចរណ៍​អាស៊ាន (ASEANTA) និង​សមាគមន៍​ទីភ្នាក់ងារ​ធ្វើដំណើរ​អាស៊ី​ប៉ាស៊ីហ្វិក (PATA)​។ រីឯ​ដៃគូ​អាស៊ាន​មួយចំនួនច្រើន​ទៀត ដូចជា​ប្រទេស​បូក​បី ឥណ្ឌា រុស្ស៊ី ស្ថាប័ន​ទេសចរណ៍​ដៃគូ​អាស៊ាន និង​ផ្នែក​ឯកជន​បាន​ចូលរួម​តាម​ប្រព័ន្ធ​អនឡាញ​។


វេទិកា​នេះ​មាន​ការចូលរួម​ពី​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​ទាំង​ផ្ទាល់ និង​អនឡាញ ថ្នាក់ដឹកនាំ​ទេសចរណ៍​អាស៊ាន និង​តំណាង​អង្គទូត​នានា​នៃ​បណ្តា​ប្រទេស​អាស៊ាន​ប្រចាំ​កម្ពុជា​ផងដែរ​៕