ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បានបញ្ចេញប្រាក់វិនិយោគ ៥១ លានដុល្លារទៅលើការដាំដំណាំចេក និងដំណាំហូបផ្លែមួយចំនួននៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីជំរុញការនាំចេញ ពិសេសទៅទីផ្សារប្រទេសចិន។ នេះបើយោងតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៤ ខែមករា លោក វេង សាខុន បានឱ្យដឹងថា បច្ចុប្បន្នអគ្គរដ្ឋបាលគយចិនបានគាំទ្រដល់ក្រុមហ៊ុនឯកជនចំនួន ២២ សម្រាប់ការនាំចេញចេកអំបូងលឿងស្រស់ទៅកាន់ប្រទេសចិន ខណៈដំបូងឡើយមានតែក្រុមហ៊ុន ៦ ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត។
ទាក់ទងទៅនឹងការវិនិយោគរបស់ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd លោករដ្ឋមន្ត្រីបានប្រាប់ថា ការជ្រើសរើសតំបន់ អន្លង់វែង ដើម្បីដាំដំណាំចេក គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះតំបន់នោះមានប្រភពទឹកគ្រប់គ្រាន់ ដែលអំណោយផលដល់ដំណាំចេក។
លោកថ្លែងថា៖ «តំបន់អន្លង់វែងមានប្រភពទឹកសំខាន់មួយ គឺអាងទឹកតាម៉ុក ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់វិស័យកសិកម្ម ដូចនេះទីតាំងនេះជាទីតាំងល្អស័ក្តិសមនឹងការដាំចេក ដែលជាដំណាំមួយប្រភេទត្រូវការទឹកជាចាំបាច់»។
លោករដ្ឋមន្ត្រីក្រសួងកសិកម្មរំពឹងថា កម្ពុជានឹងអាចនាំចេញផ្លែចេកស្រស់រាប់លានតោនទៅកាន់ទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខនេះ ខណៈក្រុមហ៊ុនដែលមានសិទ្ធិនាំចេញចេកទៅកាន់ប្រទេសចិនកើនឡើងពី ៦ ក្រុមហ៊ុនដល់ ២២ ក្រុមហ៊ុនហើយបើគិតត្រឹមដើមឆ្នាំ ២០២២ នេះ។
លោកបន្ថែមថា៖ «លទ្ធភាពនៃការនាំផ្លែចេកអំបូងលឿងទៅកាន់ប្រទេសចិន អាចទទួលបានប្រាក់ចំណូលសមស្របប្រសើរជាងផ្លែស្វាយ ដោយសារតែដំណាំស្វាយត្រូវការប្រើប្រាស់ទុនវិនិយោគច្រើន»។
អគ្គនាយកក្រុមហ៊ុន Longmate Agriculture លោក ហ៊ុន ឡាក់ ដែលវិនិយោគលើការដាំ និងនាំចេញចេកអំបូងលឿងទៅកាន់ប្រទេសចិន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សណ្ឋានដី អាកាសធាតុ និងប្រភពទឹកពិតជាមានសារៈសំខាន់ណាស់ក្នុងការដាំចេកអំបូងលឿង។ នៅកម្ពុជាតំបន់ដែលដីមានជីជាតិ និងមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ការដាំដុះចេក មិនមានច្រើនទេ ខណៈទុនវិនិយោគក៏ច្រើនដែរ ដើម្បីរៀបចំប្រព័ន្ធស្រោចស្រពបែបបច្ចេកវិទ្យាទំនើបឱ្យបានត្រឹមត្រូវ ហេតុដូចនេះទាមទារឱ្យវិនិយោគិនត្រូវសិក្សាឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តវិនិយោគ។
លោកបានបញ្ជាក់ថា៖ «ចេកអំបូងលឿងដែលកម្ពុជាកំពុងនាំចេញទៅទីផ្សារប្រទេសចិនគឺជាពូជចេកម្យ៉ាងដែលមានលក្ខណពិសេសជាងចេកដទៃទៀត ដោយចេកប្រភេទនេះមានរសជាតិឆ្ងាញ់ជាងចេកដទៃទៀត ហើយមិនអាចទុកទុំនៅលើដើមបានទេ តម្រូវឱ្យបេះនៅខៀវចាស់ និងអាចដឹកជញ្ជូនបានឆ្ងាយ ព្រោះអាចទុករហូតដល់ជិត ២ ខែ»។
លោក ហ៊ុន ឡាក់ បានប្រាប់ថា ក្នុងរយៈពេលចុងក្រោយនេះ ទិន្នផល និងការចេញចេកមានកំណើនជាបន្តបន្ទាប់ដែលបានជំរុញឱ្យអ្នកវិនិយោគចាប់អារម្មណ៍ដាំដុះកាន់តែច្រើន។ បែបនេះក្តី លោកបានស្នើដល់ក្រុមហ៊ុនដែលចង់វិនិយោគដំណាំប្រភេទនេះ ត្រូវគោរពតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យរបស់ចិនឱ្យបានល្អ ដើម្បីបន្តរក្សាកំណើននៃការនាំចេញជាបន្តបន្ទាប់។
បើតាមលោក វេង សាខុន សព្វថ្ងៃនេះកម្ពុជាមានផ្ទៃដីដាំដុះចេកប្រមាណជាង ១៦ ពាន់ហិកតា និងផ្ទៃដីកំពុងប្រមូលផលជាង ១១ ពាន់ហិកតា ក្នុងនោះខេត្តដែលមានដាំដុះចេកច្រើនជាងគេ រួមមាន រតនគិរី ក្រចេះ ស្ទឹងត្រែង កំពង់ចាម កំពត និងកំពង់ស្ពឺជាដើម។
ទិន្នន័យបឋមរបស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២១ កម្ពុជាបាននាំចេញផ្លែចេកស្រស់ ៤២៣ ១៦៨,៩៧ តោន កើនឡើង ២៧,០២ ភាគរយធៀបឆ្នាំ ២០២០ ក្នុងនោះនាំទៅប្រទេសចិន ៣៧៦ ៩៦១,៦០ តោន, វៀតណាម ៤៥ ១៩៣,៣៧ តោន, ជប៉ុន ៥៣៣,៥២ តោន និងសិង្ហបុរី ៤៨០,៤៨ តោន៕ LA