ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​ស្នើសុំ​ការគាំទ្រ​បន្ថែម​ពី​ប្រទេស​សិង្ហបុរី​ លើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​លើ​វិស័យ​ឌីជីថល និង​ការលក់រាយ​ក្នុង​វិស័យ​ SMEs ខណៈ​អ្នក​ប្រើប្រាស់​ឌីជីថល មាន​កំណើន​យ៉ាង​ច្រើន​ក្នុង​អំឡុងពេល​វិបត្តិ​កូវីដ ​១៩​។

ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​កាលានុវត្តភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​លើ​វិស័យ​ឌីជីថលូបនីយកម្ម​ជាមួយ​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម ​និង​ឧស្សាហកម្ម​សិង្ហបុរី​តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី​ ២១ ខែមករា លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​លើកឡើងថា អ្នកប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​បាន​កើន​ដល់​ប្រមាណ ១២ ​លាន​នាក់ ខណៈ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម (MSMEs) ប្រមាណ ២/៣ បាននិង​កំពុង​អនុវត្ត​សកម្មភាព​ឌីជីថល​ក្នុង​ប្រតិបត្តិការ​។


លោក​បាន​បន្តថា ស្រប​នឹង​កំណើន​ដ៏​គួរឱ្យ​កត់សម្គាល់​នេះ រាជរដ្ឋាភិបាល​បាន​បង្កើតជា​បទប្បញ្ញត្តិ និង​យន្តការ​ជាច្រើន​សំដៅ​ធានា​ការពារ និង​លើក​កម្ពស់​និរន្តរភាព​នៃ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល ដែល​ក្នុងនោះ​មាន​៖ ការដាក់ឱ្យ​ប្រើប្រាស់​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ច្បាប់​ស្តីពី​ការទូទាត់​ដែលមាន​កិច្ចធានា ច្បាប់​ស្តីពី​ការប្រកួតប្រជែង យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ព្រមទាំង​ក្របខ័ណ្ឌ​គោលនយោបាយ​សង្គម និង​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ឆ្នាំ​ ២០២១-២០៣៥ ជាដើម​។


លោក សុភ័ក្ត្រ បញ្ជាក់ថា៖ «​កម្ពុជា​បាន​ជួបប្រទះ ពិសេស​កង្វះខាត​នៃ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សម្រាប់​គាំទ្រ​សេដ្ឋកិច្ច​ឌីជីថល កង្វះខាត​ធនធាន​មនុស្ស និង​ភាព​នៅមានកម្រិត​នៃ​បទប្បញ្ញត្តិ​ចាំបាច់ ដែល​ត្រូវការ​ការគាំទ្រ​ពី​ដៃគូ​នានា រួមទាំង​សិង្ហបុរី​»​។


ជាមួយ​គ្នានេះ លោក Alvin Tan អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហបុរី បាន​លើកឡើងថា កម្ពុជា​បាន​សម្រប​ខ្លួន​អនុវត្ត​សកម្មភាព​ឌីជីថល​បាន​យ៉ាងច្រើន និង​ឆាប់រហ័ស​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់​។ សិង្ហបុរី​នឹង​បញ្ជូន​អ្នកជំនាញ​ការ​ឱ្យមក​ផ្តល់​ជា​ជំនាញ​បច្ចេកទេសផ្នែក​ឌីជីថល​ដល់ SMEs នៅ​កម្ពុជា​។


លោក​បន្តថា​៖ «​កម្ពុជា​គួរ​ពិចារណា​គាំទ្រ​ការសិក្សា​រួមគ្នា​ស្តីពី​ការធ្វើ​អត្តសញ្ញាណ​ធុរកិច្ច​រួមមួយ​សម្រាប់​តំបន់​អាស៊ាន ដើម្បី​ធានា​សង្គតិភាព​នៃ​ការស្តុក​ទុក​ព័ត៌មាន​ធុរកិច្ច​ក្នុង​តំបន់​នេះ និង​គាំទ្រ​អន្តរ​ប្រតិបត្តិការ (Interoperability) នៃ​ការធ្វើ​ធុរកិច្ច​បែប​ឌីជីថល​ក្នុង​តំបន់​ផងដែរ​»​។


លោក Alvin Tan ក៏បាន​ស្នើ​កម្ពុជា​ឱ្យជួយ​បន្ថែម​ការផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​នានា​ក្រោម​ច្បាប់​វិនិយោគ​ថ្មី​ដល់​វិនិយោគិន និង​ធុរជន​សិង្ហបុរី​នៅ​កម្ពុជា និង​បាន​គាំទ្រ​សំណើ​កម្ពុជា​ក្នុងការ​បង្កើត​ក្របខ័ណ្ឌ​ឌីជីថល​លើ​ទីផ្សារ​បន្ថែមទៀត ពិសេស​ទីផ្សារ​អេឡិចត្រូនិក (E-Marketplaces) សំដៅ​ពង្រឹង​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅក្នុង និង​រវាង​ប្រទេស​ទាំង​ ២​។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក តែ តាំងប៉ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការប្រើ​បច្ចេកវិទ្យា​ឌីជីថល​របស់ SMEs កម្ពុជា​នៅមានកម្រិត​នៅឡើយ ដូចនេះ​ពិតជា​ចាំបាច់​ណាស់​ដែល​កម្ពុជា​ត្រូវការ​ប្រទេស​ជឿនលឿន​ដូច​សិង្ហបុរី ជួយ​បណ្តុះបណ្តាល​បន្ថែម​។

លោក​បាន​បញ្ជាក់ថា​៖ «​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ពិតជា​មាន​ភាពចាំបាច់​ណាស់​នៅក្នុង​បរិបទ​កូវីដ​ ១៩ ​នេះ ដែល​តម្រូវឱ្យ​សមាគម​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​នេះ ដោយ​មិន​គិតថ្លៃ​ជា​បន្តបន្ទាប់ ប៉ុន្តែ​អ្នកចូលរួម​នៅមានកម្រិត ដូច្នេះ​ម្ចាស់ SMEs គួរ​ចំណាយពេល​ក្នុង​សិក្សា​ជំនាញ​នេះ​បន្ថែម ដើម្បី​ដើរ​ឱ្យទាន់​សម័យកាល​ទំនើប​របស់​សកលលោក​»៕ LA​