បាត់ដំបងៈ រដ្ឋបាលខេត្ត​បាត់ដំបង​បាននិង​កំពុង​ដាក់ចេញ​នូវ​ផែនការ និង​ស្វែងរក​ដៃគូ​វិនិយោគ​បង្កើត Pub Street នៅ​តំបន់​ជុំវិញ​អគារ​បុរាណ​ក្នុង​ក្រុង​បាត់ដំបង ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​មកលេង​កម្សាន្ត​កាន់តែច្រើន​ថែមទៀត​នៅក្នុង​ទឹកដី​ខេត្ត​បាត់ដំបង​។

អភិបាលខេត្ត​បាត់ដំបង​លោក សុខ លូ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៧ ខែឧសភា​ថា ផែនការ​បង្កើត​ឱ្យមាន Pub Street នៅក្នុង​ក្រុង​បាត់ដំបង​នេះ​នៅ​មិនទាន់​បានសម្រេច​ជា​ផ្លូវការ​នៅឡើយ​ទេ ដោយសារ​តែ​រដ្ឋបាល​ខេត្ត​នៅ​មិនទាន់បាន​ពិភាក្សា​ស៊ីជម្រៅ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្នុង​ក្រុង​នៅឡើយ ដែល​អគារ​លំនៅឋាន​ភាគច្រើន​ពួកគាត់​កំពុង​រស់នៅ គឺជា​ផ្ទះ​បុរាណ​។


លោក​ប្រាប់ទៀតថា ការគិតគូរ​នេះ​ទៀតសោត គឺ​រដ្ឋបាលខេត្ត​ក៏​មិនទាន់​មាន​តម្រូវការ​ឱ្យមាន​អ្នកវិនិយោគ​ដែរ ព្រោះ​ខេត្ត​មិនមាន​ទីធ្លា​ធំ​ដូច​នៅ​ក្រុង​សៀមរាប​ទេ ប៉ុន្តែ​បើ​មាន​អ្នកវិនិយោគ​ណា​ចាប់អារម្មណ៍​អាចមក​សិក្សា និង​ធ្វើ​ផែនការ​វិនិយោគ​មកឱ្យ​រដ្ឋបាលខេត្ត​ពិនិត្យ​ជាមុនសិន ថា​តើ​គម្រោង​នេះ​ត្រូវធ្វើ​ដូចម្តេច​?


ទោះបី​យ៉ាងណា លោក​បញ្ជាក់ថា នៅក្នុង​ផែនការ​ជំហាន​ដំបូង​របស់​រដ្ឋបាល​ខេត្ត គឺ​នឹង​រៀបចំ​ឱ្យមាន​ផ្លូវ​ដើរ​កម្សាន្ត​នៅពេល​យប់ និង​រៀបចំ​ឱ្យមាន​កន្លែង​លក់ដូរ​ម្ហូបអាហារ និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ទៀត ដោយ​តម្រូវឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន​ជា​ប្រភេទ​អគារ​បុរាណ​ចូលរួម​លក់ដូរ និង​រៀបចំ​អភិវឌ្ឍ​ឱ្យក្លាយ​ទៅជា​តំបន់ Pub Street​។


លោក​ថ្លែងថា​៖ «​សម្រាប់​ផែនការ​បង្កើត Pub Street នេះ​មិនទាន់បាន​ពិភាក្សា​លម្អិត​ទេ ដោយ​យើង​គ្រាន់តែ​ធ្វើ​ការស្ទង់មតិ​មួយចំនួន​ប៉ុណ្ណោះ​។ នៅពេល​មាន Pub Street វា​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​មកលេង​កម្សាន្ត​ក្នុង​ក្រុង​បាត់ដំបង​កាន់តែច្រើន​។ ពួកគាត់​អាច​ធ្វើ​ដំណើរ​មើល​ផ្ទះ​បុរាណ​នៅក្នុង​ក្រុង និង​ញាំ​ម្ហូបអាហារ​ផ្សេងៗ​»​។


យោងតាម​លោក សុខ លូ ផែនការ​បង្កើត​ឱ្យមាន Pub Street នេះ​គឺ​ស្រប​នឹង​ផែនការ​រៀបចំ​ក្រុង​បាត់ដំបង​ឱ្យ​ក្លាយទៅជា​ទីក្រុង​ឆ្លាតវៃ ខណៈ​ពេលនេះ​រដ្ឋបាលខេត្ត​ក៏ដូចជា​ភាគី​ជប៉ុន​បាននិង​កំពុង​រៀបចំ​ធ្វើ​លើ​កិច្ចការ​ទាំងនេះ​។ គម្រោង​បង្កើត​ឱ្យមាន Pub Street នឹងមិន​ធ្វើឱ្យ​ប៉ះពាល់​ដល់​អគារ​បុរាណ​នោះទេ​។ ប៉ុន្តែ​ផ្ទុយទៅវិញ វា​នឹង​ទទួលបាន​ផល​ចំណូល​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ តាមរយៈ​ការចំណាយ​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មកលេង​កម្សាន្ត​នៅក្នុង​ទីក្រុង​។


លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គម្រោង​បង្កើត​ឱ្យមាន Pub Street នៅ​ក្រុង​ខេត្តបាត់ដំបង ធ្លាប់​ត្រូវបាន​លើកឡើង​រួចមកហើយ​កាលពី​អភិបាលខេត្ត​ក្នុង​អាណត្តិ​មុនៗ ប៉ុន្តែ​មិន​ទទួលបាន​ជោគជ័យ​។ លោក​បន្តថា ខេត្តបាត់ដំបង​មាន​ទំហំ​ធំ និង​មាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​ទេសចរណ៍ ព្រោះ​ខេត្ត​នេះ​មាន​វិស័យ​សាសនា វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធនធានធម្មជាតិ​ដ៏សម្បូរបែប​។

បើតាម លោក ស៊ីណាន ការបង្កើត Pub Street នៅក្នុង​ក្រុង​បាត់ដំបង​មិនគួរ​រៀបចំ​ធ្វើ​ដូច​នៅ​ខេត្តសៀមរាប​ទេ ដោយ​រដ្ឋបាលខេត្ត​គួរតែ​ធ្វើ​អ្វី​ឱ្យ​ប្លែក​ជាង​ខេត្តសៀមរាប​។ បើ​រៀបចំ​បង្កើត​ឱ្យ​ដូចនឹង​ខេត្តសៀមរាប គឺ​ខេត្ត​បាត់ដំបង​មិនមាន​គំនិត​ច្នៃប្រឌិត និង​ចំណុច​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​នោះទេ​។

លោក​និយាយថា​៖ «​កុំ​មានគំនិត​ថា​សៀមរាប​ជោគជ័យ​លើ Pub Street យើង​ធ្វើ​នៅ​បាត់ដំបង​ដែរ គឺ​អត់​ទេ​។ ខ្ញុំ​ចង់​ទាញ​ចំណាប់​អារម្មណ៍​ថា នៅតាម​ខេត្ត​នីមួយៗ​គួរ​បង្កើត​ភាព​ច្នៃប្រឌិត​ដោយ​ខ្លួនឯង ហើយ​នៅពេល​យើង​បង្កើត​តំបន់​ទេសចរណ៍​បាន​ច្រើន វា​នឹង​ក្លាយជា​សក្តានុពល​សម្រាប់​ខេត្ត​ក្នុងការ​ទាក់ទាញ​ហើយ ព្រោះ​ប្រជាជន​ខ្មែរ​ចូលចិត្ត​អ្វីដែល​ថ្មី ប្លែក និង​ភាព​ហ៊ឺហា​»៕ LA