ទីក្រុងបាងកកៈ ប្រទេស​ថៃ​ និង​អារ៉ាប៊ីសាអ៊ូឌីត​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​អង្គា​រថា​នឹង​បង្កើត​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​បន្ថែមទៀត​។

ប្រទេស​ទាំង​ ២​ ក៏បាន​យល់ព្រម​ក្នុង​ការលើកលែង​លក្ខខណ្ឌ​តម្រូវ​ទិដ្ឋាការ​សម្រាប់​កិច្ចការ​ការទូត​ និង​កិច្ចការ​រដ្ឋាភិបាល​ ខណៈ​ដែល​ប្រទេស​អារ៉ាប៊ីសាអូឌីត​នឹង​ពិចារណា​ជួយ​ដល់​ជនជាតិ​ថៃ​ចំនួន​ ៨០០ ​នាក់​ដែល​ទិដ្ឋាការ​បាន​ផុតកំណត់​។


លោក Don Pramudwinai ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បានបង្ហាញ​ពី​ការអភិវឌ្ឍ​ទាំងនេះ​ បន្ទាប់ពី​កិច្ច​ជាមួយ​សមភាគី​អារ៉ាប៊ីសាអ៊ូឌីត​ព្រះអង្គម្ចាស់ ​Faisal bin Farhan Al Saud នៅ​ទីក្រុង​រីយ៉ាដ​នៅ​ថ្ងៃ​អង្គារ​។


លោក Don បាន​ថ្លែងថា​៖ «​ព្រះអង្គម្ចាស់ Faisal បានឱ្យ​ដឹងថា​ព្រះអង្គ​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​ក្នុង​ខែមិថុនា​ ដើម្បី​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​រាជទាយាទ​ព្រះអង្គម្ចាស់​ Mohammad bin Salman»​។


ទន្ទឹមនឹងនោះ​លោក​បានឱ្យ​ដឹងថា​ប្រទេស​ថៃ​នឹង​តែងតាំង​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ប្រទេស​អារ៉ាប៊ីសាអូឌីត នៅក្នុង​ត្រីមាស​ទី​ ៣ ​ឆ្នាំនេះ​។


លោក​បាន​លើកឡើង​ថា​៖ «​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បានចាប់ផ្តើម​ជើងហោះហើរ​ត្រង់​ទៅកាន់​ប្រទេស​ថៃ​រួចហើយ​ហើយ​យើង​ជឿជាក់ថា ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ជាច្រើន​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​នេះ​»​។ លោក​បន្តថា​៖ «​ទន្ទឹមនឹងនេះ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ក៏​ចង់ឱ្យ​ប្រជាជន​ថៃ​មក​ទស្សនា​ប្រទេស​នេះ​»​។


លោក Don បាន​បន្ថែមថា គោលបំណង​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ក្រុមហ៊ុន​មកពី​ប្រទេស​ទាំង​ ២ ​ដូច្នេះ​ពួកគេ​អាច​ទទួល​បាន​ឱកាស​ច្រើន​បំផុត​។

លោក​បាន​ថ្លែងថា​៖ «​យើង​ដឹងថា​យ៉ាងហោចណាស់​ការងារ​ចំនួន ៥០០ ​ពាន់​កន្លែង​នៅក្នុង​វិស័យ​សំណង់​ និង​សេវាកម្ម​ពាក់ព័ន្ធ​ផ្សេងទៀត​អាច​រកបាន​ក្នុងនោះ​ប្រហែល​ ២០០​ពាន់​កន្លែង​នឹងត្រូវ​បម្រុង​ទុក​សម្រាប់​ជនជាតិ​ថៃ​»៕The Nation-ann/LA