ភ្នំពេញៈ ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​ចំនួន ៣ បាន​រាយការណ៍​ពី​ប្រតិបត្តិការ​អាជីវកម្ម​ល្អប្រសើរ​របស់ខ្លួន​នៅក្នុង​ត្រីមាស​ទី ​១ ឆ្នាំ​ ២០២២ ដោយសារ​ការស្ទុះ​ងើបឡើង​វិញ​នៃ​សកម្មភាព​សេដ្ឋកិច្ច បន្ទាប់ពី​ប្រទេស​កម្ពុជា​បានប្រកាស​បើក​ដំណើរការ​សេដ្ឋកិច្ច​សង្គម​ឡើងវិញ​ទាំងស្រុង​កាលពីដើម​ខែវិច្ឆិកា​ឆ្នាំមុន​។

យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ផ្ញើ​ទៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) កាលពី​ថ្ងៃ​ទី ​១៧ ខែឧសភា ធនាគារ ABA បាន​រាយការណ៍​ថា ក្នុង​ត្រីមាស​ទី​ ១ ​កម្ចី​ចំនួន​ ១២ ៦២២ ដែលមាន​តម្លៃ ៥៩០,៣ លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ​។ វា​បាន​បង្កើន​ផលប​ត្រ​ប្រាក់កម្ចី​សរុប​របស់​ធនាគារ​ចំនួន ៨ ​ភាគរយ ស្មើនឹង ៥,៨ ពាន់​លាន​ដុល្លារ​អាមេរិក​។


ផលបត្រ​ប្រាក់​បញ្ញើ​របស់​ធនាគារ ABA ស្មើនឹង ៦,៧ ​ពាន់​លាន​ដុល្លារ​កាលពី​ត្រីមាស​ទី​ ១ ឆ្នាំ ​២០២២ ដែល​តំណាង​ឱ្យ​ការកើនឡើង ៦ ​ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២១​។ មូលដ្ឋាន​អតិថិជន​កាលពី​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ បាន​កើនឡើង ៨ ​ភាគរយ ហើយ​ចំនួន​គណនី​របស់​អតិថិជន​របស់​ធនាគារ ABA បាន​កើនឡើង​ដល់ ២,២ ​លាន​។


លោក Yves Jacquot ប្រធាន​ធនាគារ ABA បានឱ្យ​ដឹងថា ប្រទេស​កម្ពុជា​បាន​ដើរ​តាម​គន្លង​នៃ​ការ​ស្ទុះ​ងើបឡើង​វិញ​ពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ក្នុងអំឡុងពេល​រាយការណ៍​។


លោក​ថ្លែងថា​៖ «​ការបើក​ប្រទេស​ឡើងវិញ​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​មាន​វិសាលភាព​កាន់តែ​ធំ​កាលពី​ខែមីនា ឆ្នាំ​ ២០២២ នៅពេល​ប្រទេស​កម្ពុជា​បានសម្រេច​លុបចោល​ការ​ធ្វើតេស្ដ​ដោយ​ម៉ាស៊ីន PCR និង​ការធ្វើ​តេស្ត​រហ័ស​សម្រាប់​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​។ វា​ត្រូវបាន​គេ​ជឿថា​នឹង​ធ្វើឱ្យ​ទេសចរណ៍​អន្តរជាតិ​ប្រសើរឡើង ដែល​នឹង​ផ្ដល់​ផល​វិជ្ជមាន​ដល់​អាជីវកម្ម​ក្នុងស្រុក ពិសេស​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​»​។


ជាមួយ​គ្នានេះដែរ​ក្រុមហ៊ុន RMA ក៏បាន​រាយការណ៍​ថា ប្រាក់ចំណេញ​ដុល​របស់ខ្លួន​បាន​កើនឡើង ២,៦ ​ភាគរយ​ស្មើនឹង​ជាង ៧៥,៤៧ ​លាន​ដុល្លារ​បើ​ធៀប​នឹង ៧៣,៥​ លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ទោះយ៉ាងណា​ក៏ដោយ ប្រាក់ចំណូល​សរុប​បាន​ធ្លាក់ចុះ ១០,៨ ​ភាគរយ​ពី ៤៨២ លាន​ដុល្លារ​កាលពី​ត្រីមាស​ទី​ ១ កាលពី​ឆ្នាំមុន​មក​នៅត្រឹម​ប្រហែល ៤៣០ ​លាន​ដុល្លារ​។


លោក Kevin Whitcraft ប្រធាន​ក្រុមហ៊ុន RMA បានឱ្យ​ដឹងថា នៅក្នុង​អំឡុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ កម្ពុជា​បាន​កត់ត្រា​ការកើនឡើង​តិចតួច​នៃ​ករណី​ឆ្លង​កូវីដ​ ១៩ ជាមួយ​នឹង​ចំនួន​អ្នកស្លាប់​កាន់តែ​តិច ដែល​បង្ហាញ​ពី​ការវិវត្ត​ទៅរក​ភាពប្រក្រតី​ឡើងវិញ​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​នេះ​គឺជា​ដំណឹង​ល្អ​បំផុត ដែល​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​លើ​ការចាក់​វ៉ាក់សាំង ដែល​ត្រូវបាន​ប្រទេស​ជាច្រើន​ជុំវិញ​ច្រណែន​ជាមួយនឹង​ការបើក​ដំណើរការ​ប្រទេស​ក្នុងអំឡុង​ពេលនេះ​»​។

ក្នុង​អំឡុងពេល​ដូចគ្នានេះ​ក្រុមហ៊ុន RMAC សម្រេចបាន​ប្រតិបត្តិការ​លក់​ដ៏រឹងមាំ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ការលក់​យានយន្ត​បាន​ធ្លាក់ចុះ​តិចតួច ដោយសារ​តែ​ស្ដុក​មាន​កម្រិត​។

ទន្ទឹមនឹងនេះ លោក Yang Shaw Shin ប្រធាន​ក្រុមហ៊ុន Grand Twins International (Cambodia) បាន​រាយការណ៍​ថា ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ Grand Twins រកប្រាក់​បាន ១១១ ៩៧៨ ​លាន​រៀល (២៧,៥៨១ ​លាន​ដុល្លារ​) និង​ប្រាក់ចំណេញ​មុនពេល​បង់ពន្ធ ២ ០៥១ លាន​រៀល (៥០៥ ២៨៤ ​ដុល្លារ​) និង​ប្រាក់ចំណេញ​ក្រោយ​បង់ពន្ធ ១ ១១៧ លាន​រៀល (២៧៥ ១៦៧ ​លាន​ដុល្លារ​)​។ វា​មានការ​កើនឡើង​បន្តិច​បើ​ធៀប​ទៅនឹង​ត្រីមាស​ទី​ ១ ឆ្នាំមុន​។

លោក​និយាយថា​៖ «​យើង​នឹង​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ Adidas ដែលជា​អតិថិជន​ដ៏សំខាន់​របស់​យើង ហើយ​ទន្ទឹមនឹងនោះ​យើង​នឹង​បន្ត​សហការ​ជាមួយ​អតិថិជន​ផ្សេងទៀត​ ដើម្បី​បង្កើន​ប្រាក់ចំណូល​ផ្សេងទៀត​របស់​យើង ដូចជា​ក្រុមហ៊ុន​ម៉ៅការ​បន្ត និង​ក្រុមហ៊ុន CMP ដើម្បី​រក្សា​ស្ថិរភាព និង​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​»​។

លោក​បន្ថែមថា​៖ «​សម្រាប់​ត្រីមាស​ផ្សេងទៀត​ក្នុង​ឆ្នាំ​ ២០២២ យើង​ប្តេជ្ញាចិត្ត​ថា នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ពង្រឹង​អភិបាលកិច្ច​សាជីវកម្ម​របស់​យើង និង​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ និង​បេសកកម្ម​របស់​យើង​។ គោលដៅ​របស់​យើង គឺ​ដើម្បី​ទទួលបាន​ប្រាក់ចំណេញ​កាន់តែ​ខ្ពស់ជាង​ឆ្នាំមុនៗ​៕ LA