ទីក្រុងវៀងចន្ទន៍៖ ​អណ្តូងរ៉ែ​មាស​ក្រោម​ដី ដែល​ទើបនឹង​រកឃើញ​ថ្មី​ទើបតែ​បានចាប់ផ្តើម​ប្រតិបត្តិការ​នឹង​ជំរុញ​ការផលិត​រ៉ែ​យ៉ាងសំខាន់ ដោយ​ក្រុមហ៊ុន​ Lane Xang Minerals Ltd (LXML) និង​នាំមក​នូវ​ផលប្រយោជន៍​សង្គម និង​សេដ្ឋកិច្ច​ដល់​ប្រទេស​ឡាវ​។

LXML ជា​ក្រុមហ៊ុន​ផលិត​រ៉ែ​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​ឡាវ​បានឱ្យដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​ជាមួយ​នឹង​ធនធាន​ចំនួន​ ៩,៥​ លាន​តោន​ និង​ផលិតកម្ម​រ៉ែ​ដែល​ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង​ពី​ ៤០០ ០០០ ​តោន​ក្នុង​ឆ្នាំ​ ២០២៣​ ដល់​ ១,២​ លាន​តោន​ក្នុង​មួយឆ្នាំ​។ ការរកឃើញ​អណ្ដូងរ៉ែ​ក្រោម​ដី​ជម្រៅ ជ្រៅ​នេះ​ត្រូវបាន​រំពឹងថា​នឹង​បន្ត​អាយុកាល​អណ្តូងរ៉ែ​របស់​ទីក្រុង ​Sepon ​យ៉ាង​ហោចណាស់ ៧ ឆ្នាំ​ទៀត​ដល់​ឆ្នាំ ​២០៣០​។


លោក​ Thongphat Inthavong ​អនុរដ្ឋមន្ត្រី​ក្រសួង​ថាមពល​ និង​រ៉ែ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គម្រោង​ Sepon ​និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​របស់​រដ្ឋាភិបាល​បាន​ទៅ​ពិនិត្យមើល​អណ្តូងរ៉ែ​ Sepon​ របស់​ក្រុមហ៊ុន LXML ក្នុង​ខេត្ត​ Savannakhet​ កាលពី​ថ្ងៃទី ​១៦ ខែឧសភា​ ដើម្បី​បើក​នូវ​អ្វីដែល​ក្រុមហ៊ុន​មួយ​នេះ អះអាងថា​ជា​អណ្តូងរ៉ែ​ក្រោម​ដី​ដ៏​ទំនើប​ដំបូង​គេ​នៅក្នុង​ប្រទេស​ឡាវ​។


ការរកឃើញ និង​ការរំពឹងទុក​ការកើនឡើង​ក្នុង​ការផលិត នឹង​រួមចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​សហគមន៍​មូលដ្ឋាន​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​ LXML ។


លោក Paul Harris អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​ LXML បាន​ថ្លែងថា​៖ «​ការអភិវឌ្ឍ​ថ្មី​នេះ​នឹង​ប្រើប្រាស់​ឧបករណ៍​រុករក​រ៉ែ ក្រោម​ដី​ដ៏ទំនើប ​និង​បច្ចេកទេស​រុករក​រ៉ែ​កម្រិត​ខ្ពស់​ ដើម្បី​ផ្ទេរ​ចំណេះដឹង​ និង​ជំនាញ​ដល់​បុគ្គលិក​ជនជាតិ​ឡាវ​ និង​ក្រុមហ៊ុន​ម៉ៅការ​បន្ត​អ្នកជំនាញ​ការរុករក​រ៉ែ​ឡាវ​ ដើម្បី​កំណត់​ស្តង់ដា​ថ្មី​សម្រាប់​ការជីក​យក​រ៉ែ​ក្រោម​ដី​»​។


ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​ដំណើរការ​នេះ​លោក​ Saman Aneka នាយក​គ្រប់គ្រង​បានឱ្យ​ដឹងថា មូលនិធិ​បរធន​សហគមន៍​របស់​ក្រុមហ៊ុន ​LXML បានរួម​ចំណែក​ដល់​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរឡើង​នៅក្នុង​វិស័យ​សំខាន់ៗ​ចំនួន ៣ គឺ​សន្តិសុខ​ស្បៀង​សុខាភិបាល និង​ការអប់រំ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។


លោក​បាន​បន្ថែមថា ការជីក​យក​រ៉ែ​ក្រោម​ដី​នេះ​ជា​ប្រតិបត្តិការ​ក្រោម​ដី​ដំបូង​គេ​ក្នុង​ប្រទេស​ឡាវ​ដែល​អនុលោម​តាម​លក្ខខណ្ឌ​តម្រូវការ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម (ESIA)​។ ​រហូត​មកដល់​ពេលនេះ ក្រុមហ៊ុន​ LXML បានផ្តល់​ប្រាក់​ចំនួន​ ១១ ​លាន​ដុល្លារ​ដល់​មូលនិធិ​បរធន​សហគមន៍​ និង​ ៤៩​ លាន​ដុល្លារ​ក្នុងការ​បង្កើត​ប្រាក់ចំណូល​សម្រាប់​ក្រុម​ធុរកិច្ច​ក្នុងស្រុក​។

ក្រុមហ៊ុន LXML បាន​នាំយក​អ្នកជំនាញ​អន្តរជាតិ និង​ឧបករណ៍​ឯកទេស​ទៅ​ប្រទេស​ឡាវ​សម្រាប់​គម្រោង​ដ៏​សំខាន់​មួយ​នេះ​។

យុទ្ធសាស្ត្រ​កំណើន​បៃតង​ថ្នាក់ជាតិ​របស់​រដ្ឋាភិបាល​ឡាវ​ទទួលស្គាល់​ឧស្សាហកម្ម​រ៉ែ​ជា​វិស័យ​អាទិភាព​មួយ ដោយសារ​តែ​ការរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​អណ្ដូងរ៉ែ Sepon របស់​ក្រុមហ៊ុន​ LXML ត្រូវ​បានផ្ដល់​ចំណាត់ថ្នាក់ A+ ជាប្រចាំ​ដោយ​ក្រសួង​ថាមពល​ និង​រ៉ែ​សម្រាប់​ការរក្សាបាន​នូវ​ស្តង់ដា​អន្តរជាតិ​កម្រិត​ខ្ពស់​៕Vientiane Time-ANN/LA