​ភ្នំពេញៈ កម្ពុជា​ប្រមូលប្រាក់​បាន​ជាង ១,៥​ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​កសិផល​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៤​ខែ​ដើមឆ្នាំ​២០២២ ដោយ​ក្នុងនោះ​កសិផល​ក្រៅពី​ស្រូវ​-​អង្គ មាន​ទឹកប្រាក់​រហូតដល់​ជាង ១,០៨​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​របាយការណ៍​ស្តីពី​សភាពការណ៍​កសិកម្ម រយៈពេល ៤​ខែ របស់​ក្រសួងកសិកម្ម ដែល​ផ្សព្វផ្សាយ​ក្នុង​ថ្ងៃទី​២០ ខែឧសភា បាន​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែមេសា ការនាំចេញ​កសិផល មាន​ទឹកប្រាក់​សរុប ១ ៥៧២,៩៨​លាន​ដុល្លារ ដោយ​ក្នុងនោះ​ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ មាន​ចំនួន ១ ០៨៧,១៩​លាន​ដុល្លារ​, ស្រូវ មានតម្លៃ ២៩៦,៧២​លាន​ដុល្លារ និង​អង្ករ ១៨៩,០៧​លាន​ដុល្លារ​។​


​យោងតាម​ក្រសួងកសិកម្ម កសិផល​ក្រៅពី​ស្រូវ​-​អង្ករ ដែល​បាន​នាំចេញ​មាន​បរិមាណ​សរុប ២ ៧៦២៥៦៣,៧៥​តោន ដែលមាន​ដូចជា ដំឡូង​មី (​ស្រស់ ស្ងួត ម្ស៉ៅ និង​កាកសំណល់​), គ្រាប់ស្វាយចន្ទី​(​ឆៅ និង​កែច្នៃ​រួច​), ពោត​, សណ្តែកបាយ​, ស​ណ្តែ​ង​សៀង​, ផ្លែ​ចេក​, ក្រូច​ផ្លុ​ង​, ផ្លែស្វាយ​(​ស្រស់ និង​ដំណាប់​), ដូងប្រេង​, ម្រេច​, ថ្នាំជក់​, និង​បន្លែ​ចម្រុះ ជាដើម​។​


​ចំណែក​ការនាំចេញ​ស្រូវ មាន​បរិមាណ ១ ៦៤៨ ៤៧៤​តោន និង​អង្ករ មាន​ចំនួន ៥០ ៥៩៩​តោន​។​


​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន ធ្លាប់បាន​និយាយថា សកម្មភាព​ដាំ​ដុះ ប្រមូល​ផល និង​ការនាំចេញ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​កំពុង​កើន​ឡើងជា​បន្តបន្ទាប់ ជាពិសេស​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ ១៩​។ លោក​បន្តថា ក្រសួង​ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាច្រើន ដើម្បី​គាំទ្រ និង​ជំរុញ​បរិមាណ​ផលិត និង​គុណភាព​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក និង​ឈានទៅ​ការនាំចេញ​។​


​យោងតាម​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ របស់​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ឆ្នាំ ២០២១ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស (៦៨ ប្រទេស​) សរុប​ចំនួន ៧ ៩៨៤ ២៥១,៨៣ តោន កើនឡើង ៦៣,៨៣​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០​។ តាម​ការប៉ាន់ស្មាន តម្លៃ​សរុប​នៃ​ការនាំចេញ​កសិផល រយៈពេល ១២ ខែ​ឆ្នាំ​២០២១ មាន​ចំនួន ៤ ៩៦៧,៨៥​លាន​ដុល្លារ​៕