ការនាំចេញ​ម្រេច​ក្នុង​រយៈពេល ៤ ​ខែ កើន ៨០ ​ភាគរយ

Content image - Phnom Penh Post
កសិករ​បាញ់​ទឹក​ស្រោច​ដើម​ម្រេច​ក្នុង​ចម្ការ​មួយ​ក្នុង​ខេត្ត​រតនគិរី​។ រូបថត រ៉ាស់ហ៊ីម

ភ្នំពេញៈ កម្ពុជា​នាំចេញ​ម្រេច​បាន​បរិមាណ​ជិត​ ៤​ ពាន់​តោន ក្នុង​រយៈពេល​ ៤ ​ខែ ឆ្នាំ​ ២០២២ កើនឡើង​ជិត ៨០ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ខណៈ​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​សម្តែង​ក្តីបារម្ភ​អំពី​ផលប៉ះពាល់​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​។

របាយការណ៍​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្ហាញថា ចាប់ពី​ខែមករា​ដល់​មេសា ឆ្នាំ​ ២០២២ ការនាំចេញ​ម្រេច​សម្រេច​បាន ៣ ៨៣៤,៦៧ ​តោន កើន ៧៩,០៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ក្នុងនោះ​ការនាំ​ចេញទៅ​វៀតណាម​មាន​បរិមាណ​ច្រើន​ជាងគេ គឺ ៣ ៥៤០,០១ ​តោន​, អាល្លឺម៉ង់ ២៥៥,៦០ ​តោន​,​ម៉ាឡេស៊ី ១៣,៦៤ ​តោន​, បែលហ្ស៊ិក ៨,៨០ ​តោន​, បារាំង ៨,៦១ ​តោន​, សាធារណរដ្ឋ​ឆេក ២,៣០ ​តោន​, និង​ជប៉ុន ២,០១​ តោន ជាដើម​។

លោក ម៉ាក នី ប្រធាន​សហព័ន្ធ​ម្រេច​ និង​គ្រឿងទេស​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២២ ខែឧសភា​ថា ការប្រមូល​ម្រេច​របស់​កសិករ​នៅ​តំបន់​ខ្លះ​បានបញ្ចប់​ហើយ និង​ខ្លះ​នៅ​បន្ត​ប្រមូលផល ដោយសារ​តែ​ភ្លៀង​ធ្លាក់​ច្រើនពេក និង​កង្វះខាត​កម្លាំង​ពលកម្ម​ផងដែរ​។

លោក​បាន​បន្ថែមថា នៅក្នុង​អំឡុងពេល​ការប្រមូលផល​កំពុង​សម្រុក​ខ្លាំង​នេះ តម្លៃ​ម្រេច​បាន​ធ្លាក់​មក​នៅត្រឹម​ជា​មធ្យម ១៣ ០០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម ខណៈ​នៅពេល​ប្រមូល​ផល​ដំបូង ​(​ក្នុង​ខែមករា​) ម្រេច​មានតម្លៃ​ប្រមាណ ១៦ ០០០ ​រៀល​។ គិត​មកទល់​ពេលនេះ ការប្រមូលផល​ម្រេច​បាន​ប្រមាណ​ពី ៦០ ​ទៅ​ ៧០​ ភាគរយ​នៃ​ចំនួន​ម្រេច​សរុប​ប្រមាណ​ជាង ២ ​ម៉ឺន​តោន ដែល​កសិករ​តែង​ប្រមូលផល​ជា​រៀងរាល់ឆ្នាំ​។

លោក​បញ្ជាក់ថា​៖ «​វៀតណាម គឺជា​ឈ្មួញ​ធំ​របស់​កម្ពុជា​។ ការនាំ​ចេញទៅ​ប្រទេស​នេះ​ក៏​មិនទាន់​បញ្ហា​អ្វី​ដែរ គ្រាន់តែ​ថា​វៀតណាម​ទម្លាក់​តម្លៃ​ម្រេច​យើង​បន្តិច ដោយសារ​តែ​កសិករ​យើង​កំពុង​សម្រុក​ប្រមូល​ផល​»​។

ប្រធាន​សមាគម​ម្រេច​កំពត លោក ងួន ឡាយ បាន​ប្រាប់ឱ្យ​ដឹង​ដែរ​ថា ម្រេច​កំពត កំពុង​តែ​ប្រមូល​ផល និង​បាន​នាំចេញ​បណ្តើរៗ​បាន​ជាង ១០ ​ភាគរយ​នៃ​ការនាំចេញ​សរុប​ប្រចាំឆ្នាំ​ប្រមាណ ១២០​ តោន​។

លោក​បញ្ជាក់ថា​៖ «​យើង​ទើប​នាំចេញ​បាន​តិចតួច​។ តម្លៃ និង​ទិន្នផល​ម្រេច​ឆ្នាំនេះ ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​ ២០២១ ដែរ ដោយសារ​តែ​មិនសូវ​រង​ផលប៉ះពាល់​ពី​អាកាសធាតុ​។ កសិករ​ខ្នាតតូច និង​មធ្យម​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​នាំចេញ​អស់ហើយ នៅតែ​កសិករ​ធំៗ​មិនទាន់​មាន​ក្រុមហ៊ុន​ចុះ​កុងត្រា​ជាមួយ ដោយហេតុថា ការទិញ​ម្រេច​កំពត គឺជា​ការទិញ​បែប​សមធម៌ ដូចនេះ​អ្នក​ដាំដុះ​ធំៗ​មិនទាន់​មាន​ការចុះ​កុងត្រា​នៅឡើយ​ទេ​»​។

លោក​បន្ថែមថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ប្រមាណ ៨ ក្នុង​ចំណោម​ក្រុមហ៊ុន​ជាង ៣០ ដែល​បាន​ចុះ​កុងត្រា​ជាមួយ​ដៃគូ ដើម្បី​នាំចេញ​ទៅ​ក្រៅ​ប្រទេស​។

លោក ហៃ លីអ៊ាង ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ខនហ្វីរែល និយាយ​ថា ក្នុង​រយៈពេល​ជាង​ ៤ ​ខែ​មកនេះ ក្រុមហ៊ុន​លោក​នាំ​ម្រេច​កំពត ៣ ​ប្រភេទ រួមមាន​ស ក្រហម និង​ខ្មៅ ក្នុង​រង្វង់​ជាង ៥ ​តោន​ទៅ​ក្រៅប្រទេស​ដូចជា បារាំង កូរ៉េ និង​កាហ្សាក់ស្ថាន​។ លោក​បាន​បន្ថែមថា ក្នុង​ចំណោម​ម្រេច​ទាំង ៣ ​ប្រភេទ​នេះ ម្រេច​ក្រហម​កំពុងមាន​ការខ្វះខាត​សម្រាប់​នាំចេញ​ដោយសារ​អ្នកបញ្ជា​ទិញ​មាន​ចំនួន​ច្រើនជាង​ការរំពឹងទុក​។

លោក​បាន​អះអាងថា​៖ «​ម្រេច​ក្រហម​មានតម្លៃ​ថ្លៃ ក៏​កំពុងមាន​តម្រូវការ​ច្រើន​ដែរ​ពី​ប្រទេស​អ្នកបញ្ជា​ទិញ​។ ម្រេច​ប្រភេទ​នេះ នៅក្រៅ​ប្រទេស​មានតម្លៃ​ចន្លោះ​ពី ២៥ ​ទៅ​ ៤០ ​ដុល្លារ ក្នុង​ ១​ គីឡូក្រាម​។ ឆ្នាំនេះ​មាន​ភ្លៀង​ច្រើន​គួរសម ដែល​អាច​ថា នឹង​ប៉ះពាល់​ដល់​ការប្រមូល​ម្រេច​ខ្លះ​ដែរ ព្រោះ​ពិបាក​ហាល និង​ម្រេច​ធ្លាក់​គ្រាប់​ច្រើន​»៕ LA

ព័ត៌មានថ្មីៗ