ភ្នំពេញៈ Walmart ដែល​ជា​ក្រុមហ៊ុន​លក់រាយ​ធំជាងគេ​លើ​ពិភពលោក​គ្រោង​នឹង​ពង្រីក​ការបញ្ជាទិញ​ផលិតផល​ពី​កម្ពុជា ខណៈ​ក្រុមហ៊ុន​នេះ​ គឺជា​ក្រុមហ៊ុន​ទាំង ១០ ដែល​បញ្ជា​ទិញ​ផលិតផល​វាយនភណ្ឌ​ពី​ប្រទេស​កម្ពុជា​។

ក្នុងជំនួប​ការងារ​តាមរយៈ​ប្រព័ន្ធ​អនឡាញ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​កាលពី​ថ្ងៃទី​ ២២ ខែមិថុនា ឆ្នាំ​ ២០២២ តំណាង​ក្រុមហ៊ុន Walmart បាន​លើកឡើង​ថា ក្រុមហ៊ុន​មាន​គម្រោង​ពង្រីក​ការបញ្ជាទិញ​ផលិតផល​ពី​កម្ពុជា ដើម្បី​ចូលរួម​លើកកម្ពស់​ឱកាស​ការងារ និង​ជីវភាព​របស់​ប្រជាជន​កម្ពុជា​ព្រមទាំង​អាច​ជួយ​ដល់​ការអភិវឌ្ឍ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​កម្ពុជា​ថែមទៀត​។


លោកស្រី អាន ប៊ីញ ផាន នាយិកា​ផ្នែក​កិច្ចការ​រដ្ឋាភិបាល​ជា​សកល​ក្រុមហ៊ុន Walmart បាន​និយាយថា ដោយសារ​តែ​ប្រទេស​កម្ពុជា​មាន​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ ជាពិសេស​ការគ្រប់គ្រង និង​ទប់ស្កាត់​បាន​យ៉ាង​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ទើប​អាច​ធានា​បាន​នូវ​និរន្តរភាព​ចង្វាក់​ផលិតកម្ម និង​ការនាំចេញ​ផលិតផល​ទៅ​ក្រៅ​ប្រទេស​។


លោកស្រី​បន្តថា ក្រុមហ៊ុន Walmart គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង សម្ភារ​ធ្វើដំណើរ និង​ផលិតផល​កម្សាន្ត​តាម​រដូវកាល​។ នាពេល​អនាគត Walmart គ្រោង​នាំ​ចេញពី​កម្ពុជា​នូវ​ផ្លែឈើ ផលិតផល​ចំណីអាហារ គ្រឿង​អេឡិចត្រូនិក និង​សង្ហារិម គឺ​ពេលដែល​ផលិតផល​​ទាំងនេះ​ត្រូវ​តាម​ស្តង់ដា​អន្តរជាតិ​។


លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើកឡើង​ថា ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ រដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ និង​ផ្តល់​អាទិភាព​ជូន​កម្មករ​និយោជិត​រួមទាំង​កម្មករ​និយោជិត​ជនបរទេស​នៅតាម​រោងចក្រ សហគ្រាស ក្នុង​ការទទួល​បាន​នូវ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ ១៩ បាន​ទាន់ពេល​វេលា និង​ដោយ​ឥតគិតថ្លៃ​ទាំង​ដូស​មូលដ្ឋាន និង​ដូស​ជំរុញ​។


លោក​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​ជា​បន្តបន្ទាប់ និង​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​កញ្ចប់​វិធានការ​អន្តរាគមន៍​ចំនួន ១០ ​ជុំ​រួចមកហើយ ក្នុង​ការបង្ការ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ក៏ដូចជា​ការធានា​បាន​នូវ​ប្រក្រតីភាព​នៃ​អាជីវកម្ម ពាណិជ្ជកម្ម ផលិតកម្ម វិនិយោគ ការងារ និង​មុខរបរ ជីវភាព​រស់នៅ​របស់​បងប្អូន​កម្មករ​និយោជិត និង​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ​»​។


អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) លោក កាំង ម៉ូនីកា បាន​ឱ្យដឹងថា ខាង​សមាគម​មិនមាន​ទិន្នន័យ​ទំហំ​ទឹកប្រាក់​នៃ​ការបញ្ជាទិញ​របស់​ក្រុមហ៊ុន​ទេ ព្រោះ​ជា​ព័ត៌មាន​សម្ងាត់​របស់​ក្រុមហ៊ុន​នីមួយៗ​។ លោក​បាន​បញ្ជាក់ថា​៖ «​យើង​គ្រាន់តែ​ដឹងថា Walmart គឺជា​អ្នកទិញ​ដ៏សំខាន់​របស់​យើង​ដែល​អាច​និយាយថា ជា​អ្នកបញ្ជា​ទិញ​ធំ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន ១០ ដែល​បញ្ជា​ទិញ​ផលិតផល​សម្លៀក​បំពាក់​ពី​កម្ពុជា ហើយ​ទំនិញ​របស់​ពួកគេ​ដែល​បានដាក់​លក់​លើ​ទីផ្សារ ហើយ​មាន​ប្រភព​ចេញពី​កម្ពុជា​កំពុង​មាន​និន្នាការ​កើនឡើង​នាពេល​ថ្មីៗ​នេះ​»​។

លោក លី ឃុនថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា​បាន​ប្រាប់ថា ក្រុមហ៊ុន Walmart នេះ​ជា​អ្នកបញ្ជា​ទិញ​ផលិតផល​ស្បែកជើង​ដ៏ធំ​ ១ នៅក្នុង​ចំណោម​ក្រុមហ៊ុន​ធំ​ ៥ ដែល​បញ្ជា​ទិញ​ផលិតផល​ស្បែកជើង​ពី​កម្ពុជា​។ លោក​បន្ថែមថា កាលពី​អំឡុងពេល​ដែល​មានការ​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ខ្លាំង ក្រុមហ៊ុន​នេះ​នៅតែ​បន្ត​បញ្ជា​ទិញ​ផលិតផល​ស្បែកជើង​ពី​កម្ពុជា ទោះបីជា​ការបញ្ជាទិញ​មានការ​ថមថយ​ក៏ដោយ​។

លោក​អះអាង​ថា​៖ «Walmart ជា​ក្រុមហ៊ុន​ដ៏ធំ​មួយ​របស់​អាមេរិក និង​មាន​ទីផ្សារ​ច្រើន ដូចនេះ វា​គឺ​រឿង​ល្អ​បើ​ក្រុមហ៊ុន​នេះ​មាន​បំណង​ពង្រីក​ការបញ្ជាទិញ​ផលិតផល​កាត់ដេរ​ពី​យើង​បន្ថែមទៀត​។ ការបញ្ជាទិញ​កាន់តែ​ច្រើន​នឹង​អាច​ជំរុញ​ផលិតកម្ម​កាត់ដេរ​របស់​យើង​បន្ថែមទៀត​»​។

Walmart ជា​ក្រុមហ៊ុន​លក់រាយ​ធំជាងគេ​បំផុត​លើ​ពិភពលោក ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៦២ ដោយមាន​ទីស្នាក់ការ​កណ្តាល​នៅ​រដ្ឋ Arkansas សហរដ្ឋ​អាមេរិក​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​បុគ្គលិក ២,៣ ​លាន​នាក់ និង​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង ២៤ ​ប្រទេស​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​បង្ហាញថា ការនាំចេញ​ទំនិញ​ទៅកាន់​សហរដ្ឋអាមេរិក​នៅក្នុង​រយៈពេល ៥ ​ខែ ឆ្នាំ​ ២០២២ មានតម្លៃ​ជាង ៣ ៧២៩ ​លាន​ដុល្លារ កើន​ជាង ៥៧ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ផលិតផល​ដែល​កម្ពុជា​នាំទៅ​ទីផ្សារ​អាមេរិក​ភាគច្រើន​ជា​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង កាបូប និង​សម្ភារ​ធ្វើដំណើរ​៕ LA