NBC ​លក់​ប្រាក់​ដុល្លារ​ចេញ​ជិត $៦០០ ​លាន​ ​ក្នុង​ឆ្នាំ ​២០២១ ដើម្បី​រក្សា​អត្រា​ប្តូរ​ប្រាក់

Content image - Phnom Penh Post
អតិថិជនយកប្រាក់ដុល្លារដាក់ចូលធនាគារ ១ កន្លែងក្នុងរាជធានីភ្នំពេញ។ ហុង មិនា

ភ្នំពេញៈ ​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC)​ បាន​លក់​ប្រាក់​ដុល្លារ​​អាមេរិក​ជិត ៦០០ ​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២១​ ទៅ​ឱ្យ​ធនាគារ និង​ក្រុមហ៊ុន​ប្តូរ​ប្រាក់​តាមរយៈ​ការ​ដាក់​ឱ្យ​ដេញ​ថ្លៃ ដើម្បី​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​នៃ​អត្រា​ប្តូរ​ប្រាក់​ក្នុង​គោល​បំណង​រក្សា​សកម្ម​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ដែល​បាន​បន្ត​ញាំញី​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩។

យោង​តាម​របាយការណ៍​និរន្តរភាព​ហិរញ្ញវត្ថុ​ (FSR) ឆ្នាំ​ ២០២១ ដែល​​​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន អត្រា​ប្តូរ​ប្រាក់​បាន​​ស្ថិត​ក្រោម​សម្ពាធ​ដោយសារ​តែ​ការ​ធ្លាក់ចុះ​វិស័យ​ទេសចរណ៍ និង​ការ​ផ្ទេរ​ប្រាក់​ពី​បរទេស គួប​ផ្សំ​នឹង​បញ្ហា​ជា​ច្រើន​​​ទៀត​ដែល​ប្រទេស​កម្ពុជា ​​កំពុង​ប្រឈម​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ដំណើរការ​ស្ទុះ​ងើប​ឡើង​វិញ​ចំពេល​មាន​ការ​រីក​រាលដាល​ជំងឺ​កូវីដ​រយៈពេល​យូរ​។

តាមរយៈ​យន្តការ​នេះ អត្រា​ប្តូរ​ប្រាក់​បន្ត​មាន​ស្ថិរភាព​ជា​មធ្យម ៤ ​០៩៩ ​រៀល​​ក្នុង​ ១​ ដុល្លារ​អាមេរិក ទោះបី​បាន​ថយ​ថ្លៃ​ប្រមាណ ១ ​ភាគរយ​​ប៉ុណ្ណោះ ធៀប​នឹង​ឆ្នាំ​ ២០១៩​។​ ស្ថិរភាព​នេះ​បាន​រួម​ចំណែក​ក្នុង​ការ​រក្សា​អត្រា​អតិផរណា​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ទាប​ប្រមាណ​ ២,៩ ​ភាគរយ​។ ទន្ទឹម​នេះ​ ទុន​បម្រុង​អន្តរជាតិ​មាន​កម្រិត​ខ្ពស់​គ្រប់គ្រាន់​ដែល​អាច​ធានា​បាន​ការ​នាំចូល​ទំនិញ​ និង​សេវា​សម្រាប់​គ្រា​បន្ទាប់​បាន​ប្រមាណ​ជាង ៨ ​​ខែ​ខ្ពស់​ជាង​កម្រិត​អប្បបរមា ៣ ​ខែ​ ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​គួរ​មាន​។

លោក ជា ចាន់តូ ទេសាភិបាល​ NBC បាន​ឱ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ស្តីពី​និរន្តរភាព​ហិរញ្ញវត្ថុ ​(FSR) ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​រាជរដ្ឋាភិបាល​ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​តាមរយៈ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន រូបិយវត្ថុ និង​សារពើពន្ធ ប្រកប​ដោយ​ប្រសិទ្ធភាព​។ ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​វិធានការ​អន្តរាគមន៍ ដើម្បី​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ និង​អាជីវកម្ម​ដែល​ងាយ​រងគ្រោះ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ​១៩​។ លោក​បន្ថែម​ថា ជម្លោះ​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន និង​ការ​បិទ​ខ្ទប់​ដ៏​តឹងរ៉ឹង​នៅ​ក្នុង​ប្រទេស​ចិន​ ក៏​កំពុង​ដាក់​​សម្ពាធ​លើ​កំណើន​សេដ្ឋកិច្ច​ពិភព​​លោក​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​អតិផរណា​ត្រូវ​​បាន​កើន​ឡើង​រួច​ទៅ​ហើយ​ដោយសារ​តែ​អតុល្យភាព​នៃ​តម្រូវការ​ផ្គត់ផ្គង់​ដែល​បាន​ជំរុញ​ដោយ​ការ​រីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​កើន​ឡើង​បន្ថែម​ទៀត​។ ដោយសារ​ធនាគារ​កណ្តាល​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ខិតខំ​គ្រប់​គ្រង​លើ​អតិផរណា​តាមរយៈ​ការ​បង្កើន​អត្រា​ការ​ប្រាក់ ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​រហ័ស អាច​ប្រឈម​មុខ​នឹង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​កាន់​តែ​ខ្លាំង លំហូរ​ចេញ​មូលធន​កាន់​តែ​ធំ និង​តម្លៃ​រូបិយប័ណ្ណ​ក្នុង​ស្រុក​ធ្លាក់ចុះ​»​។

លោក​ថ្លែង​​​ថា​៖ ​«​នៅ​ពេល​ដែលយើង​​រៀន​រស់នៅ​ជាមួយ​​​ជំងឺ​កូវីដ ១៩ ពិភព​លោក​ប្រឈម​នឹង​បញ្ហា​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច និង​ចក្ខុ​វិស័យ​មិន​ច្បាស់​លាស់​។ ខណៈ​​ដែល​ការ​ឆ្ពោះ​ទៅ​រក​ពេល​វេលា​ដ៏​លំបាក​នេះ NBC​ នឹង​បន្ត​តាមដាន​យ៉ាង​ដិតដល់​នូវ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ធនាគារ​កម្ពុជា និង​សេដ្ឋកិច្ច​កាន់​តែ​ទូលំទូលាយ ហើយ​នឹង​ចាត់​វិធានការ​ចាំបាច់​ណាមួយ ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក ខណៈ​ពេល​ដែល​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​​ព្រឹត្តិការណ៍​មួយ​កាល​ពី​សប្តាហ៍​មុន​បាន​ថ្លែង​ថា ​រយៈពេល​ ៣ ខែ​ដំបូង​ឆ្នាំ​នេះ កំណើនការ​នាំចេញ​របស់​កម្ពុជា​បាន​កើន ៣៣,៣ ​​ភាគរយ។ ទន្ទឹម​នឹង​នេះ​វិស័យ​កសិកម្ម​នៅ​មាន​អតិរេក​ស្រូវ ចំណែក​ការ​ចិញ្ចឹម​សត្វ និង​​ត្រី​​ក៏​មាន​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​ផង​ដែរ​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ថា ខណៈ​​​វិបត្តិ​ជំងឺ​កូវីដ​ ១៩​ នៅ​តែ​បន្ត ហើយ​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​នៅ​តែ​មិន​ទាន់​ដោះស្រាយ​បាន​លោក​រំពឹង​ថា ​វិបត្តិ​ស្បៀង​អាហារ​នឹង​ក្លាយ​ជា​វិបត្តិ​សកល។

លោក​​ថ្លែង​ថា​៖ ​«​វិបត្តិ​ស្បៀង​អាហារ​ដែល​នឹង​កើតឡើង​នៅ​ពេល​ខាង​មុខ នៅ​ពេល​នេះ​យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ ជា​ស្រេច​ ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានភាព​នេះ​​»​។ លោក​បន្ត​ថា ការ​រីក​រាលដាល​ជំងឺ​កូវីដ​ ១៩ រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់​ប្រមាណ ៤០ ​លាន​ដុល្លារ​ ក្នុង​ ១ ​​ខែ​តាមរយៈ​កម្មវិធី​ផ្ទេរ​ប្រាក់​​ឱ្យ​គ្រួសារ ដែល​ងាយ​ទទួល​រងគ្រោះ ខណៈ​ស្ថានភាព​ពិភព​លោក​បច្ចុប្បន្ន រដ្ឋាភិបាល​បាន​ត្រៀម​វិធានការ​ទប់ស្កាត់​ហានិភ័យ​នានា​រួចហើយ​​៕ LA

ព័ត៌មានថ្មីៗ