ភ្នំពេញ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​រៀបចំ​យន្តការ​ក្នុងការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ឱ្យ​បានល្អប្រសើរ​បន្ថែមទៀត ចំពោះ​វិស័យ​ធនធាន​រ៉ែ​នេះ តាមរយៈ​ការបង្កើត​ស្តង់ដា​នៃ​ការអនុវត្ត​និង​អនុលោមភាព​សម្រាប់គម្រោង​វិនិយោគ​ផ្សេងទៀត​ក្នុង​វិស័យ​ដូចគ្នានេះ ដែលជា​វិស័យ​កំពុងមាន​សក្តានុពល។

នៅក្នុងពេល​ចុះទៅ​ទស្សនកិច្ច​សិក្សាឈ្វេងយល់​អំពី​ប្រតិបត្តិ​ការរុករក​ជី​របស់​ក្រុមហ៊ុន​រ៉ឺ​នេស​ង់ មី​នើ​រ៉​ល (ខេ​ម​បូ​ឌា) លី​មី​ធី​ត (RENAISSANCE MINERAL CAMBODIA LIMITED) ដែលមាន​ទីតាំង​ការដ្ឋាន​រ៉ែ​មាស នៅ​តំបន់​អូ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​វាយតម្លៃខ្ពស់​ចំពោះ​សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន និង លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ជំរុញ​ឱ្យ​បន្ត​អនុវត្ត​ការអភិវឌ្ឍ ប្រកបដោយ​ការទទួលខុសត្រូវ​ចំពោះ​សង្គម និង​បរិស្ថាន ការយកចិត្តទុកដាក់​អនុវត្ត​ស្របទៅតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ជាពិសេស សហគ្រាស​មាន​តម្លាភាព ក្នុង​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ និង​បង្ហាញ​អំពី អនុលោមភាព​សារពើពន្ធ​ខ្ពស់ ដែលជា​គុណប្រយោជន៍ នៃ​ថវិកាជាតិ​ទាំង​ទិដ្ឋភាព​ចំណូល​សារពើពន្ធ ព្រមទាំង ចំណូល​មិនមែន​សារពើពន្ធ។


លោក​បានលើកឡើង​បន្តថា កន្លងមក អគ្គនាយកដ្ឋាន​ពន្ធដា​រ​ជួបប្រទះ​នឹង​ឧបសគ្គ និង​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​ចំពោះ​វិស័យ​ធនធាន​រ៉ែ ដោយ​ក្រុមហ៊ុន​វិនិយោគ​មួយចំនួន​ក្នុង​វិស័យនេះ ពុំបាន ផ្តល់​កិច្ចសហការ​ពេញលេញ ក្នុង​ការបំពេញ​កាតព្វកិច្ច សារពើពន្ធ ដោយ​ពុំបាន​ផ្ត​ល់ប​ញ្ចិ​កា​គណនេយ្យ របាយការណ៍​ហិរញ្ញវត្ថុ និង​ឯកសារ​ពាក់ព័ន្ធ​ហើយ​ប្រកាស និង បង់ប្រាក់​ពន្ធ​ទាប​ដែល​ពុំបាន​ឆ្លុះបញ្ចាំង​អំពី​វិស័យ​មួយ ដែល​កំពុងមាន​សក្តានុពល ព្រមទាំង​ពុំបាន​សហការ ឱ្យ មន្ត្រី​ពន្ធដារ​ចុះមក​ដោយផ្ទាល់​ដូច​ក្រុមហ៊ុន​នេះឡើយ ។


លោក​បាន​បញ្ជាក់ថា៖ «អគ្គនាយកដ្ឋាន​ពន្ធដា​រ​ចង់ឃើញ​ក្រុមហ៊ុន និង​សហគ្រាសដទៃផ្សេងៗក្នុង​វិស័យ​ធនធាន​រ៉ែ​នេះ​មានការ​អនុវត្ត ប្រកបដោយ​ស្តង់ដា​និង​តម្លាភាព ប្រហាក់ប្រហែល ឬ ដូច​ទៅនឹង​ក្រុមហ៊ុន​រ៉ឺ​នេស​ង់ មី​នើ​រ៉​ល ដែល​អាច​និយាយបានថា​ជា​ប្រតិបត្តិការ​ការងារ​ល្អប្រសើរ និង​ជា​គំរូ (RoleModel) សម្រាប់​ក្រុមហ៊ុន​និង​សហគ្រាសដទៃទៀត​ក្នុង​វិស័យ​ធនធាន​រ៉ែ​នេះ​ដែល​តែងតែមានតម្លាភាព និង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​គ្រប់គ្រង​ប្រមូលចំណូល​ពន្ធ»។


តាមរយៈ​ការសិក្សា​ដក​ពិសោធន៍​ពី​ទស្សនកិច្ច​សិក្សានេះ លោក​គង់ ​វិបុល នឹង​រៀបចំ​យន្តការ​ក្នុងការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ឱ្យ​បានល្អប្រសើរ​បន្ថែមទៀត ចំពោះ​វិស័យ​ធនធាន​រ៉ែ​នេះ។


ក្រុមហ៊ុន Emerald Resource NL មកពី​ប្រទេស​អូស្ត្រាលី ដែលមាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន អូស្ត្រាលី (Australia Securities Exchange - ASX) បានដាក់ទុន​វិនិយោគ និង​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ជា សហគ្រាស​ឈ្មោះ​ក្រុមហ៊ុន រ៉ឺ​នេស​ង់ មី​នើ​រ៉​ល (ខេ​បូ​ឌា) លី​មី​ធី​ត (RENAISSANCE MINERAL CAMBODIA LIMITED)។ ក្រុមហ៊ុន​នេះ​បាន​ចំណាយពេល​សិក្សា​ស្រាវជ្រាវ ស្វែងរក​អស់​រយៈពេល ១៤ ឆ្នាំ ហើយ​កាលពី​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានប្រកាស​ជា​ផ្លូវការ ដាក់ឱ្យ​ដំណើរការ​នៃ​ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​មាស ជា​លក្ខណៈ​ឧ​ស្សាហកម្មលើកដំបូង​របស់​កម្ពុ​ជា​នៅ​តំបន់ អូ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី៕