​ភ្នំពេញៈ សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​បាន​អះអាងថា បើទោះបី​បញ្ហា​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​អូសបន្លាយ​ក៏ដោយ ក៏​កម្ពុជា​អាច​នឹង​ជួប​បញ្ហា​តិច​​តួច​ប៉ុណ្ណោះ​ចំពោះ​បញ្ហា​កង្វះ​ស្បៀងអាហារ បើ​ធៀប​ទៅនឹង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៅលើ​ពិភពលោក​។​

​ការអះអាង​នេះ ស្របពេលធនាគារពិភពលោក​ (WB)​ នៅតែ​បន្ត​រក្សា​ការ​ព្យាករ​ពី​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ប្រមាណ ៤,៥​ ភាគរយ ​ក្នុង​ឆ្នាំ ​២០២២​។ យោងតាម​របាយការណ៍​ប​ច្ចុ​​ប្បន្ន​ភាព​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា ក្រោម​ចំណងជើង Weathering the oil Price Shock ដែល​ចេញផ្សាយ​ក្នុង​ខែមិថុនា ដោយ​ធនាគារ​ពិ​ភព​លោកបង្ហាញថា សកម្ម​ភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​ការ​​នាំចេញ​ទំនិញ​ទៅ​បរទេស​កំពុង​បន្ត​រើប​ឡើងវិញ​ពី​ការធ្លាក់ចុះ​ក្នុងសម័យ​មានការ​រាតត្បាត​ជំងឺ​កូ​វីដ ​១៩ ដែល​កំណើន​នេះ​មា​នស​ភាពមិន​ដូចគ្នា​នៅតាម​គ្រប់ផ្នែក​ទេ ដោយសារ​អតិ​ផរ​​ណា​ដែល​បណ្តាលមកពី​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។​


​ទាក់ទិន​នឹង​ការអូសបន្លាយ​នៃ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​​ក្រែ​ន ​នេះដែរ សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក លោក លី សូ​ដេ​ត បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រៅពី​បញ្ហា​អតិផរណា ពិភពលោក​នឹង​អាច​ជួប​បញ្ហា​កង្វះ​ស្បៀងអាហារ​ផងដែរ ប៉ុន្តែ​កម្ពុជា​នឹងមិន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​បញ្ហា​នេះ​ទេ ព្រោះ​កម្ពុជា​ជា​ប្រទេស​ផលិត និង​នាំ​​ចេញ​ស្បៀង​លើ​ពិភពលោក​។​


​លោក​បញ្ជាក់ថា​៖ «​ជាទូទៅ​ក្នុងប្រទេស​យើង​មាន​ស្បៀង​គ្រប់គ្រាន់ ជាពិសេស​មាន​អង្ករ​គ្រប់គ្រាន់ ដែល​អាចធ្វើឱ្យ​អាច​ទប់​ទល់នឹង​វិបត្តិ​ស្បៀងអាហារ​ដែល​កើតឡើង​បាន​។ ចំពោះ​ការនាំចេញ​ស្បៀង​នេះ​វិញ ក៏​បាននិងកំពុង​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ដែល​បណ្តាលឱ្យ​ការ​​នាំចេញ​មានការ​លំបាក ដោយ​​សារ​តែ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​នាំឱ្យ​ការដឹកជញ្ជូន​ឡើងថ្លៃ ទាំង​ការដឹកជញ្ជូន​ផ្ទៃក្នុង និង​ដឹក​ជញ្ជូន​ទៅ​ក្រៅប្រទេស​»​។​


​លោក​បន្ថែមថា ស្បៀង គឺជា​ប្រភេទ​ទំនិញ​ដែល​ធ្ងន់ តែមាន​តម្លៃថោក ដូចនេះ​នៅពេល​តម្លៃ​ដឹកជញ្ជូន​ថ្លៃ វា​ធ្វើឱ្យ​កាត់​​បន្ថយ​ការ​ចំណេញ​។ បញ្ហា​នេះ​តម្រូវឱ្យមាន​ជម្រើស​នៃ​ការដឹក​​ជញ្ជូន​ច្រើន​ប្រភេទ​ដើម្បី​ជួយ​សម្រួល​ដល់​តម្លៃ​ដឹកជញ្ជូន​ឱ្យមាន​តម្លៃ​សមរម្យ ស្របពេល​តម្លៃ​ប្រេង​កំពុង​ឡើងថ្លៃ​។​


​លោកស្រី ម៉ា​រី​យ៉ា​ម សា​លីម ប្រធាន​គ្រប់គ្រង​ការិយាល័យ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើងថា ការ​​ឡើងថ្លៃ​ឥតឈប់ឈរ​នៃ​ប្រេង​ឥន្ធនៈ និង​ស្បៀងអាហារ​នៅលើ​ទីផ្សារ​ពិភពលោក​កំពុង​រុញ​អតិផរណា​ឱ្យ​កាន់តែ​ធំ​ឡើង ហើយ​នៅ​កម្ពុជា គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដែល​មិនសូវមាន​ប្រាក់​សន្សំ ទំនងជា​ត្រូវ​រង​ទម្ងន់​នៃ​ការលំបាក​ធ្ងន់​ជាងគេ​ពី​សំណាក់​វិបត្តិ​ប្រេង​ឡើងថ្លៃ​។​


​លោកស្រី​ថ្លែងថា​៖ «​ការឡើង​ថ្លៃ​ប្រេង និង​ថ្លៃ​ស្បៀងអាហារ​លើ​ពិភពលោក​ដោយសារ​វិបត្តិ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន កំពុងតែ​ថែម​ទម្ងន់​នៃ​ការលំបាក​ទៅលើ​ជនក្រីក្រ ហើយ​វា​ក៏​នឹង​ធ្វើឱ្យ​ការកាត់បន្ថយ​ភាពក្រីក្រ​ថមថយ​ល្បឿន​ក្នុងការ​ឆ្លងកាត់​ការលំបាក​ក្នុងពេល​មាន​ជំងឺ​​រាតត្បាត នឹង​ចាំបាច់​ត្រូវតែ​បន្តធ្វើ​តទៅទៀត​»​។​

​ប្រធាន​សមាគម​ភ័ស្តុភា​រកម្ម​កម្ពុជា លោក ស៊ិន ច​ន្ធី បានឱ្យដឹង​ដែរ​ថា បើទោះជា​វិបត្តិ​ប្រេង​ឥន្ធនៈ​ឡើងថ្លៃ​បានធ្វើឱ្យ​វិស័យ​ឡូ​ជី​ស្ទិ​ក​ជួប​បញ្ហា​ខ្លះ​ក៏ពិតមែន ប៉ុន្តែ​ធុរជន​ក្នុង​វិស័យនេះ​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​​រក្សា​តម្លៃ​មួយ​ដែល​សមរម្យ​អាច​ទទួលយកបាន ដែល​មិន​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​។​

​លោក​បញ្ជាក់ថា​៖ «​របាយ​​ការណ៍​ធនាគារពិភពលោក​ស្តី​ពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ​នេះ ​គឺអាច​ទទួលយកបាន ដោយ​វា​ស្របទៅនឹង​ស្ថានភាព​ជាក់ស្តែង​ខ្លះ​ដែល​យើង​កំពុង​ជួបប្រទះ​។ យ៉ាងណាក៏ដោយ​ធនាគារ​ពិ​​ភព​លោក​អះអាងថា គេ​នឹង​បន្ត​សិក្សា​បន្ថែមទៀត​ជុំវិញ​បញ្ហា​ដឹកជញ្ជូន និង​ការធ្វើ​ពាណិជ្ជ​កម្ម​របស់​កម្ពុជា ដើម្បី​ធ្វើ​យ៉ាង​​ណា​សម្រួល​ដល់​តម្លៃ​ដឹកជញ្ជូន​នៅក្នុង​កម្រិត​មួយ​សមរម្យ​»​។​

​យោងតាម​របាយការណ៍​ប​ច្ចុ​ប្បន្ន​ភាព​ស្តីពី​ស្ថានភាព​សេដ្ឋ​កិច្ច​នៅ​កម្ពុជា​ក្រោម​ចំណងជើង Weathering the oil Price Shock បាន​បង្ហាញថា នៅក្នុង​ឆមាស​ទី​១ ឆ្នាំ ​២០២២ ការនាំ​​ចេញ​មានតម្លៃ​ទឹកប្រាក់ ៤,៨ ​ពាន់​លាន​ដុល្លារ កើនឡើង ២៦​ ភាគរយ​ ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២១​។ វិស័យ​ប្រពៃណី​ដែល​ជំរុញ​កំណើន​មាន​ផ្នែក​កាត់ដេរ​សម្លៀកបំពាក់​, ទំនិញ​ធ្វើដំណើរ និង​ស្បែកជើង នៅតែ​បន្ត​រីកចម្រើន ចំណែក​ឧស្សាហកម្ម​ផលិត​ថ្មីៗ​ដូចជា​ផ្នែក​ផលិត​បរិក្ខារ​អគ្គិសនី និង​គ្រឿងបន្លាស់​រថយន្ត​ជាដើម កំពុងតែ​លេច​រូបរាង ហើយ​ការ​​នាំ​ចេញទៅ​អាមេរិក​ក៏​កំពុងតែ​ស្ទុះ​ឡើងវិញ​ដែរ​។​

​របាយការណ៍​នេះ​ផ្តល់​អនុ​សាសន៍​គោលនយោបាយ​មួយចំនួន​ដែល​អាចជួយ​ទ្រទ្រង់​ដល់​សកម្មភាព​ស្តារ​សេដ្ឋកិច្ច​ឱ្យ​ងើប​ឡើងវិញ ដោយ​អនុសា​​សន៍​ទាំងនោះ​រួមមាន ភាព​ចាំ​បាច់​បន្ត​កិច្ចខិតខំ​ទប់ស្កាត់​ការ​​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ ​១៩, ការ​បន្ត​ពង្រឹង​ភាពជឿ​ទុកចិត្ត​របស់​អ្នកទទួល​ប្រើប្រាស់ និង​វិ​និ​យោគិន​, ជំរុញ​ការនាំចេញ ជា​​ពិសេស​ទំនិញ​កសិផល​តាម​​រយៈ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​កាត់បន្ថយ​ចំណាយ​ថ្លៃដើម​ក្នុង​ការធ្វើ​អាជីវកម្ម​, និង​ការបន្ត​រក្សា​លំនឹង​ថ្លៃទំនិញ​លក់រាយ​នៅលើ​ទីផ្សារ​៕

វីដេអូ៖