​ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC)​ បង្ហាញថា ប្រតិបត្តិការ​របស់​ធ​នាគារ និង​ស្ថាប័ន​ហិ​រញ្ញ​វត្ថុ​នៅ​កម្ពុជា បាន​ដំណើរការ​យ៉ាង​រលូន និង​ដ៏​រឹងមាំ​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំនេះ ដោយសារតែ​ការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​​ឆាប់រហ័ស​នៃ​សកម្មភាព​អាជីវ​​កម្ម​ចាប់តាំងពី​រាជរដ្ឋាភិបាល​ប្រកាស​បើក​ដំណើរការ​សេដ្ឋ​កិច្ច​សង្គម​ពេញលេញ​ឡើងវិញ​ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១​។ ទោះយ៉ាងណា​ ​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​បាន​ព្រមាន​ថា វា​នឹង​ធ្លាក់ចុះ​ក្នុង​ត្រីមាស​​ទី​២ ដោយសារ​កត្តា​ខាងក្រៅ​។​

​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC)​ កាលពី​ថ្ងៃទី​ ៣០ ខែមិថុនា បានចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​បង្ហាញថា កាលពី​ចុង​ត្រីមាស​ទី​១ ឆ្នាំ ​២០២២ ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បានផ្តល់​ប្រាក់កម្ចី​ដល់​វិស័យ​ឯកជន​ចំនួន ២០៥,៤ ​ពាន់​ពាន់​លាន​រៀល (៥០,៧ ​ពាន់​លាន​ដុល្លារ​) កើន ២២,៤ ​ភាគរយ​ បើ​ធៀប​នឹង​ចុង​ត្រីមាស​ទី​១ ឆ្នាំ​មុន ដើម្បី​បំពេញតម្រូវការ​វិ​និ​យោគ និង​សកម្មភាព​សេដ្ឋកិច្ច​។​


​ការផ្ដល់​ឥណទាន​ដល់​វិស័យ​ឯកជន​គ្របដណ្តប់​លើ​វិស័យ​សំណង់ ១៣,៧​ ពាន់​លាន​ដុ​ល្លារ កើន ២៩,៣ ភាគរយ​ ធៀប​នឹង​ឆ្នាំមុន​។ ពាណិជ្ជកម្ម​លក់ដុំ និង​រាយ​ចំនួន ១២,៦ ​ពាន់​លាន​ដុល្លារ កើន ២៦,១ ​ភាគរយ​, វិស័យ​សេវាកម្ម ៥ ពាន់​លាន​ដុ​ល្លារ កើន ១១,៥​ ភាគរយ​, វិស័យ​កសិកម្ម ៤,៨ ​ពាន់​លាន​ដុល្លារ កើន ១១,៦​ ភាគរយ​, ឥណទាន​ទៅលើ​អង្គភាព​គ្រួ​សារ ចំនួន ២,៧​ ពាន់​លាន​ដុល្លារ កើន ៣៧​ ភាគរយ​, ផ្នែក​កម្មន្តសាល ១,៧ ពាន់​លាន​ដុ​ល្លារ កើន ២៤,៨ ​ភាគរយ និង​ផ្នែក​ផ្សេងៗ ១០,២​ ពាន់​លាន​ដុល្លារ កើន​ ១៦,៨​ ភាគរយ​។​


​លោក តូច ចៅ​ចេក អគ្គ​នា​យក​ធនាគារ​ប្រៃសណីយ៍ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ក្នុង​ថ្ងៃទី ​៣០ ខែមិថុនា​ថា ប្រតិបត្តិការ​ទូទៅ​នៃ​ឧស្សាហ​កម្មនេះ​ដំណើរ​ការល្អ​កាលពី​ត្រីមាស​ទី​១ ដោយ​​សារ​សកម្មភាព​សេដ្ឋកិច្ច​កំពុងមាន​ភាពប្រសើរឡើង បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​បើក​ដំណើរ​​ការ​សេដ្ឋកិច្ចសង្គម​ឡើងវិញ ​កាលពី​ខែវិច្ឆិកា ឆ្នាំមុន​។​


​ទន្ទឹមនឹងនេះ លោក​បានឱ្យដឹងថា ប្រាក់កម្ចី​ធនាគារ​លោក​បាន​កើន​ឡើងជា​បណ្តើរៗ​ជាង ១០ ​ភាគរយ​ដែល​គិត​ត្រឹម​ត្រី​​មាស​ទី​១ ​ឆ្នាំនេះ ទាប​ជាង​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ ​២០២១ ជាមួយនឹង​កំណើន​ដ៏​រឹងមាំ​មាន​ចំនួន​ជាង ២០ ​ភាគរយ​។​


​លោក​ថ្លែងថា​៖ «​ខ្ញុំ​មើលឃើញថា ប្រតិបត្តិការ​របស់​ឧស្សាហ​កម្ម​ទាំងមូល​កំពុងដំណើរកា​រ​ល្អ ព្រោះ​មាន​តម្រូវការ​អាជីវ​​កម្ម និង​ការវិនិយោគ​កាន់តែច្រើន​។ ទោះជា​យ៉ាងណា​ក្នុងពេល​ជាមួយគ្នានេះ ដោយសារតែ​បញ្ហា​បច្ចុប្បន្ន​នៃ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ជំរុញឱ្យមាន​ការកើនឡើង​អតិផរណា ការកើនឡើង​តម្លៃ​ប្រេង​នឹង​រា​រាំង​រំហូរ​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​សម្រាប់​ត្រីមាស​ទី​២ បញ្ហា​ទាំងនេះ​នឹង​នាំឱ្យ​មានការ​​ថយចុះ​តម្រូវការ​ប្រាក់កម្ចី​»​។


​ធនាគារ ABA កាលពី​ថ្ងៃទី ១៧ ខែឧសភា បាន​រាយការណ៍​ថា មាន​ប្រាក់កម្ចី​ថ្មី​ចំនួន ១២ ៦២២ មានតម្លៃ ៥៩០,៣​ លាន​ដុល្លារ ​ក្នុង​ត្រីមាស​នេះ ដោយ​បង្កើន​ផលប​ត្រ​ប្រាក់កម្ចី​សរុប​របស់ខ្លួន​ចំនួន ៨​ ភាគរយ ​ដល់ ៥,៨ ​ពាន់​លាន​ដុល្លារ ​គិត​ត្រឹម​ថ្ងៃទី ​៣១ ខែមីនា​។​

​ទោះបី​មាន​ភាពមិនប្រាកដ​​ប្រជា​នៃ​សេដ្ឋកិច្ចពិភពលោក លោក ចៅ​ចេក នៅតែមាន​សុ​​ទិដ្ឋិ​និយម​ថា សកម្មភាព​ធុរកិច្ច​របស់​កម្ពុ​ជាមាន​ភាព​រឹងមាំ​គួរ​​សម ហើយ​អត្រា​អតិផរណា​នៅតែមាន​កម្រិត​ទាប​។

លោក​បន្តថា​៖ «​យើង​នៅតែ​ផ្តល់ប្រាក់​កម្ចី​ដល់​វិស័យ​ដែលមាន​តម្រូវ​ការ​ ប៉ុន្តែ​មានការ​ប្រុងប្រយ័ត្ន​កាន់តែខ្លាំង​»៕