ភ្នំពេញ៖ កម្ពុជា នឹង​ទាញ​ផល​ប្រយោជន៍​បាន​ជា​អតិបរមា ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែម​ទៀត នៅ​ក្នុង​អំឡុង​ពេល​រៀប​ចំ​កិច្ច​ប្រជុំកំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ខែ​វិច្ឆកា ឆ្នាំ ២០២២ ខាង​មុខ​នេះ​ ស្រប​ពេល​ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤។

សភាពាណិជ្ជកម្ម​កម្ពុជា កាល​ពី​ថ្ងៃទី ២៩​ ខែ​មិថុនា ឆ្នាំ​២០២២ បាន​សហការ​ជាមួយ​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​រៀប​ចំ​កិច្ចប្រជុំ​លើក​ទី​៩៣ ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន និង​រៀបចំ​ពិធី​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន​ឆ្នាំ ២០២២ និង​ពាន​រង្វាន់​ធុរកិច្ច​អាស៊ាន​ឆ្នាំ ២០២២។ កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន គឺជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដ៏​ធំ​បំផុត​របស់​អាស៊ាន ដែល​តែងតែ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្នុង​តំបន់ និង​ពិភព​លោក ដើម្បី​ពិភាក្សា​ទៅ​លើ​ប្រធាន​បទ​ដ៏​មាន​សារៈសំខាន់​ចំពោះ​សេដ្ឋកិច្ច និង​ការ​រីក​ចម្រើន​តំបន់​អាស៊ាន។


លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្ពុជា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ដ៏​ច្រើន​ពី​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន ដែល​នេះ​សំខាន់​ជា​មុខមាត់ ជា​កិត្តិយស​របស់​ប្រទេស​ជាតិ ក៏​ដូចជា​ធ្វើ​ឱ្យ​កម្ពុជា កាន់​តែ​មាន​ភាពលេច​ធ្លោ​ក្នុង​តំបន់​អាស៊ាន សកលលោក និង​នៅលើ​ឆាក​អន្តរជាតិ។


លោក​បាន​បញ្ជាក់​ទៀត​ថា៖ «ក្នុង​នាម ជា​ប្រធាន​កិច្ច​ប្រជុំ យើង​នឹង​ប្រើ​ឱកាស​នេះ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល​សេដ្ឋកិច្ច​របស់​យើង​បន្ថែមទៀត ព្រោះ​ថា​ យើង​មិនមែន​មាន​ត្រឹមតែ​អាស៊ាន​នោះ​ទេ យើង​មាន​អាស៊ាន​បូក ៦ ដែល​មាន អូស្ត្រាលី ចិន ជប៉ុន កូរ៉េ ឥណ្ឌា ញ៉ូហ្សែន ចូលរួម​ផងដែរ។ ​នេះ​គឺជា​ឱកាស​របស់​យើង ក្នុង​ការ​បង្ហាញ​មុខ​មាត់ និង​កាលានុវត្តភាព ក្នុង​ការ​វិនិយោគ​របស់​កម្ពុជា នៅ​ក្នុង​សហគមន៍សេដ្ឋកិច្ច​អាស៊ាន​ផង​និង​នៅលើ​ឆាក​អន្តរជាតិ»។


លោកបាន​បន្ថែម​ថា ស្ថិត​នៅ​ក្នុង​បរិបទ​កូវីដ១៩ នេះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន ២០២២ នឹង​ត្រូវ​ធ្វើ​ឡើង​តាម​រយៈប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ផង និង​ធ្វើ​ដោយ​ផ្ទាល់​ផង។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ នឹង​មាន​ការ​រៀបចំ​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ធុរកិច្ច​អាស៊ាន គឺជា​ពាន​រង្វាន់​សម្រាប់​ក្រុមហ៊ុន​ឆ្នើម ក្នុង​អាស៊ាន​ដែល​ចូលរួម​ចំណែក​លើក​កម្ពស់​ជីវភាព​ប្រជាជន និង​ជំរុញ​កិត្យានុភាព​អាស៊ាន។


អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ក្នុង​នាម ជា​ប្រធាន​អាស៊ាន​ប្តូរវេន កម្ពុជា​អាច​នឹងប្រើ​ឱកាស​នេះ ក្នុង​ការ​បង្ហាញ​ពី​សក្តានុពល​ក្នុង​វិនិយោគ​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ដែល​បាន​ចូលរួមនៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ។


លោក​បាន​បញ្ជាក់​ថា៖ «រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​លក្ខខណ្ឌ​វិនិយោគ​ថ្មី​ជាច្រើន ដែល​មាន​លក្ខណៈ​អំណោយផល​ដល់​អ្នក​វិនិយោគ ដែល​មាន​បំណង​ចង់​វិនិយោគ​លើ​វិស័យ​សក្តានុពល​មួយ​ចំនួន​នៅ​កម្ពុជា។ FDI នេះ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ទាំង​មុន និង​អំឡុង​ពេល​មាន​កូវីដ១៩»។

កិច្ច​ប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន នឹង​មាន​ការ​ចូលរួម​ដោយ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន រួម​នឹង​ប្រទេស​ផ្សេងៗ​នៅ​ទូទាំងពិភព​លោក។ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ធំៗ ក៏​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ផងដែរ ដើម្បី​ចែក​រំលែក​បទពិសោធ និង​ពិភាក្សា​លើប្រធានបទ​នានា​ពាក់​ព័ន្ធ​នឹង​អាស៊ាន៕