​ភ្នំពេញៈ ក្រុមហ៊ុន​ប្រេងកាត​ប្រទេស​ថៃ ភី​ធី​ធី​ (PTT) និង​ក្រុមហ៊ុន Cambodia Natural Gas Corp កំពុង​សហ​​ការ​គ្នា​ជំរុញ​ការវិនិយោគ​ឧស្ម័ន​ធម្មជាតិ​ពង្រា​វ ​(LNG) ​នៅ​កម្ពុជា ដែលជា​ថា​ម​ពល​ល្អ​សម្រាប់​ការប្រើប្រាស់​មិន​បំពុលបរិស្ថាន និង​ផ្តល់​ផលប្រយោជន៍​សម្រាប់​ពេលអនាគត​យូរអង្វែង​។​

​លោក ជៀប សួរ អ្នកនាំពាក្យ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​លើក​ទី​៣ នៃ​ការអនុវត្ត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ប្រេង និង​ឧស្ម័ន ជាមួយ​ក្រុមហ៊ុន​ប្រេងកាត​ជាតិ​ថៃ PTT បាន​ផ្តោតលើ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា ការចែករំលែក​អំពី​បច្ចុប្បន្នភាព​តម្រូវការ និង​ផែនការ​ថា​ម​ពល​រយៈពេល​វែង​នៃ​ប្រទេស​ទាំង​ ២, អាជីវកម្ម​របស់​ក្រុមហ៊ុន PTT នៅ​កម្ពុជា និង​បទ​ប្បញ្ញត្តិ​បច្ចេកទេស​ពាក់ព័ន្ធ​, ការវិនិយោគ​លើ​ឧស្ម័ន​ធម្មជាតិ​ពង្រា​វ ​(LNG) ​ជា​ថាមពល​នាពេល​អនាគត និង​យូរអង្វែង ក៏ដូចជា​ការស្វែងរក​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិការ​លើ​ធុរកិច្ច​នៅ​កម្ពុជា​។​


​លោក​បាន​បន្ថែមថា ភាគី​ទាំង ​២ នឹង​បន្ត​កិច្ចសហការ​ឱ្យបាន​ល្អ ជាពិសេស​ការរំលែក​ប​ទ​ពិសោធ បច្ចេកវិទ្យា​ចំណេះ​​ដឹង​ក្នុង​វិស័យ​ប្រេង និង​ជំរុញ​ឱ្យ​កា​រវិ​និ​យោគ​ពី​ក្រុមហ៊ុន​មក​កម្ពុជា​បន្ថែមទៀត​លើ​វិស័យ​ឧស្ម័ន​ធម្មជាតិ​ពង្រា​វ ឬ​ហៅថា Liquefied natural gas (LNG)​។​


​លោក​បាន​បន្ថែមថា​៖ «​ក្រុមហ៊ុន ភី​ធី​ធី បាន​វិនិយោគ​លើ​ស្ថានីយប្រេងឥន្ធនៈ និង​ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន ជា​យូរណាស់​មកហើយ​។ ជាមួយគ្នានេះ​ក្រុមហ៊ុន​ក៏បាន​សហការ​ជាមួយ​ក្រុម​​ហ៊ុន Cambodia Natural Gas Corp ដែលជា​ក្រុមហ៊ុន​ចិន ក្នុង​ការនាំ​ចូលមក​ក​ម្ពុ​ជា ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ទាំង​ ២​ កំពុងតែ​ជំរុញ​ទីផ្សារ​ឧស្ម័ន​ធម្មជាតិ​ពង្រា​វ ​(LNG) នេះ​បណ្តើរៗ​ដែរ​»​។​


​ក្រុមហ៊ុន Cambodia Natural Gas Corp គឺជា​ប្រតិបត្តិ​ករ​ឧស្ម័ន​ធម្មជាតិ​តែ​ ១​ គត់​នៅ​ប្រទេស​កម្ពុជា ក្នុងការ​ផ្គត់​ផ្គង់​ថាមពល​ឧស្ម័ន​ធម្មជាតិ​នៅ​កម្ពុជា ដោយបាន​ចាប់ផ្ដើម​នាំចូល LNG មក​ប្រទេស​កម្ពុជា នា​ដើមឆ្នាំ​២០២០​។​


​លោក ស៊ឺន នី​ត ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ ភី​ធី​ធី ព្រែកកំពឹស នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញបាន​ប្រាប់ថា ស្ថានីយ​របស់លោក​មិនទាន់មាន​លក់​ផលិតផល​ឧស្ម័ន​ធម្មជាតិ (LNG) ដែលជា​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន ភី​ធី​ធី នៅឡើយ​ទេ​។​


​លោក​បន្ថែមថា បើសិនជា​នៅ​កម្ពុជា មាន​ការជំរុញឱ្យ​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ (LNG)​ កាន់តែ​ទូលំទូលាយ លោក​នឹង​ពិចារណា​ដំឡើង​គ្រឿង​បរិក្ខារ ដើម្បី​បន្ថែម​ផលិតផល​ថ្មី​នេះ​បន្ថែមទៀត​។​

​លោក​បញ្ជាក់ថា​៖ «​ក្នុងនាម​ជា​អ្នក​​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ខ្ញុំ​ចង់ឱ្យមាន​ការប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​នេះ​កាន់តែច្រើន ព្រោះ​សព្វថ្ងៃ​ការប្រើប្រាស់​ប្រេងឥន្ធនៈ​កាន់​តែមាន​ផលប៉ះពាល់​ចំពោះ​បរិស្ថាន​។ យើង​មិន​ត្រឹមតែ​ចង់​ចំណេញ​ប្រាក់​ទេ ប៉ុន្តែ​យើង​ក៏​ចង់​រួម​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ដែរ​»​។​

​ការផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Cambodia Natural Gas Corp បានឱ្យដឹងថា LNG គឺជា​ឧស្ម័ន​ធម្មជាតិ​ក្នុង​ទម្រង់​រាវ ដែល​ត្រូវបាន​ផលិត​ដោយ​ការបន្ថយ​ឧស្ម័ន​ធម្មជាតិ​ចុះ​ដល់​ប្រមាណ -១៦២ អង្សា​សេ​។ ក្នុង​ដំណើរការ​នេះ​មិន​ត្រឹមតែ​សីតុណ្ហភាព និង​ទម្រង់​នៃ​ការផ្លាស់ប្តូរ​ឧស្ម័ន​ធម្មជាតិ​ប៉ុណ្ណោះ​ទេ​បរិមាណ​របស់​វា​ក៏​ប្រែ​តូច​ជាង​មុន ​៦០០ ដង ហើយ​វា​គ្មាន​ពណ៌ គ្មាន​ក្លិន គ្មាន​ជាតិពុល និង​មិន​រលួយ ហើយ​ឧស្ម័ន​នេះ​មិនអាច​ដុត​ឆេះ​បានទេ​។

ក្រុមហ៊ុន នេះ​ក៏​ទទួលបាន​សិទ្ធិផ្តាច់មុខ​រយៈពេល ៣០​ ឆ្នាំ ក្នុងការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា រួមទាំង​មិនបាន​កំណត់​ចំពោះ​សិទ្ធិ​នាំចូល​ផ្តាច់មុខ​របស់ LNG10, សិទ្ធិ​សាងសង់​ស្ថានីយ LNG, សិទ្ធិ​ក្នុង​ប្រតិបត្តិ​ការបំពាក់​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​, សិទ្ធិ​ដឹកជញ្ជូន LNG តាម​រថយន្ត​, សិទ្ធិ​ផ្គត់ផ្គង់​ហ្គាស និង​ទីតាំង​ផលិត​ហ្គាសទាំង ២៥ ​ខេត្ត​-​ក្រុង​ក្នុងប្រទេស​កម្ពុជា​។​

​ក្រុមហ៊ុន​មាន​គោលដៅ​រយៈពេល​មធ្យម គឺ​ត្រូវ​សាងសង់​ស្ថានីយ​ទទួល LNG សម្រាប់​ទទួល​កប៉ាល់ LNG និង​ការផ្គត់ផ្គង់​ថាមពល​ចំនួន​ច្រើន ខណៈ​គោលដៅ​រយៈពេល​វែង គឺ​ត្រូវ​កសាង​បណ្តាញ​បំពង់​ជាដើម​៕