​ភ្នំពេញៈ កម្ពុជា​រំពឹង​នឹង​បង្កើន​ចំនួន​ជើងហោះហើរ​ជាមួយ​ប្រទេស​ចិន​នៅក្នុងពេល​ឆាប់ៗ ​បន្ទាប់ពី​រដ្ឋលេខាធិកា​រដ្ឋា​ន​អា​កាស​ចរ​ស៊ីវិល​កម្ពុជា ​(SSCA) បានដាក់​សំណើ​ទៅ​អាជ្ញាធរ​ជាតិ​អាកាសចរ​របស់​ចិន​កាល​​ពី​ចុងខែ​មុន​។​

​ការស្នើ​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​កើនឡើង​នៃ​តម្រូវការ​ជើងហោះហើរ​​រវាង​ប្រទេស​ទាំង​ ២ ចាប់តាំងពី​កម្ពុជា​បាន​បើក​ដំណើរការ​សេដ្ឋកិច្ចសង្គម​ពេញលេញ​ឡើងវិញ​កាលពីដើម​ខែវិច្ឆិកា ​ឆ្នាំមុន​។​


​លោក ស៊ីន ចាន់​សិរី​វុត្ថា អនុ​រដ្ឋលេខាធិការ SSCA បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ​៤ ខែកក្កដាថា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជើងហោះហើរ​ពី​ចិន​មក​កម្ពុជា SSCA បានដាក់​សំ​ណើ​ទៅ​អាជ្ញាធរ​អាកាសចរណ៍រ​បស់​ប្រទេស​ចិន​តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​កាលពី​ចុងខែ​មិថុនា ដើម្បី​បង្កើន​ចំនួន​ការហោះហើរ​នេះ​។​


​លោក​បន្តថា​៖ «​យើង​មើលឃើញថា​មាន​ចំនួន​ទេសចរ​ចិន​ជាច្រើន​ចូល​និង​ចេញពី​ប្រទេស​កម្ពុជា ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដូច្នេះ​មាន​តម្រូវ​​ការ​នៅក្នុង​ការបង្កើន​ចំនួន​ជើងហោះហើរ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន ខណៈ​បច្ចុប្បន្ន​មាន​ជើង​​ហោះហើរ​ចំនួន ២ បាន​ចេញពី​ប្រទេស​កម្ពុជា និង​ចំនួន ២​ ទៀត​ចេញពី​ចិន​មក​កម្ពុជា​ក្នុង​ ១ សប្តាហ៍​»​។ លោក​បន្ថែមថា​៖ «​ខ្ញុំ​គិតថា ពួកគេ​នឹង​យល់ព្រម​ក្នុងពេល​ឆាប់ៗ ដូច្នេះ​យើង​នឹងមាន​ជើងហោះហើរ​ចំនួន ២ ចេញពី​ប្រទេស​យើង និង ៤ មកពី​ប្រទេស​ចិន​»​។​


​លោក​បន្តថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៣​ កំពុង​ប្រតិបត្តិការ​លើផ្លូវ​ហោះ​​ហើរ​នេះ ហើយ​លោក​រំពឹងថា​ នឹងមាន​ក្រុមហ៊ុន​អាកាសចរ​​ណ៍​កាន់តែច្រើន​ក្នុង​រយៈពេល​ជាច្រើន​ខែ​ខាងមុខ ដោយសារ​ស្ថានភាព​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ មាន​ភាពប្រសើរ​។​


​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ា​​ស៊ី​ហិ្វ​ក បានឱ្យដឹងថា នឹងមាន​សញ្ញា​វិជ្ជមាន​ពី​ការហោះហើរ​ពី​ចិន​មក​កម្ពុជា ព្រោះ​ទេសចរ​ចិន​ដើរតួនាទី​សំខាន់​សម្រាប់​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​ឧស្សា​​ហ​កម្ម​ទេសចរណ៍​ដែល​រង​ផល​​ប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ក្នុង​រយៈពេល​ជាង ២ ឆ្នាំ​។​


​លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ស្រប​ចំពោះ​ការមើលឃើញ​ជើង​​ហោះហើរ​កាន់តែច្រើន​ពី​ប្រទេស​ចិន ​ដោយសារ​ភ្ញៀវទេសចរ​ចិន​មាន​ចំនួន​ជិត ​៤០ ​ភាគរយ ​នៃ​ភ្ញៀវទេសចរ​សរុប​ទូទាំង​ពិភព​​លោក​។ នៅពេល​យើង​មាន​ជើងហោះហើរ​កាន់តែច្រើន មានន័យថា យើង​ផ្ត​ល់ម​ធ្យោ​​បាយ​ធ្វើដំណើរ​កាន់តែ​ងាយ​​ស្រួល​សម្រាប់​ពួកគេ​»​។

​លោក​លើកឡើងថា​៖ «​អ្នក​ប្រហែលជា​ដឹង​ហើយ​ថា​ថ្មីៗ​នេះ រដ្ឋាភិបាល​ចិន​កំពុង​ដាក់​កំហិត​លើ​ការធ្វើដំណើរ​ចេញទៅ​ក្រៅប្រទេស ដោយសារតែ​ការ​​ព្រួយបារម្ភ​អំពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩​។ ដូច្នេះ​បើ​យើង​មាន​ជើងហោះហើរ​កាន់តែច្រើន​មកពី​ប្រទេស​ចិន វា​មានន័យថា រដ្ឋាភិបាល​ពួកគេ​អនុញ្ញាតឱ្យ​ប្រជាជន​របស់ខ្លួន​កាន់តែច្រើន​មក​ប្រទេស​យើង​។ ដូច្នេះ​ពួក​​គេ​ទាំងនោះ​នឹង​ស្នាក់នៅ​កាន់​​តែ​យូរ ហើយ​ចំណាយ​កាន់តែច្រើន​នៅទីនេះ​»៕