
ពិធីសម្ពោធម៉ាកអង្ករសមូហភាព SKO និងម៉ាកអង្ករដំណើបសមូហភាព DSMK កាលពីថ្ងៃទី២៣ មិថុនា ។ ហេង ជីវ័ន
ភ្នំពេញៈកម្ពុជាជាប្រទេសដែលមានខឿនសេដ្ឋកិច្ចជាតិពឹងផ្អែកមួយភាគធំទៅលើវិស័យកសិកម្ម ជាពិសេសនៅក្នុងអំឡុងពេលវិបត្តិកូវីដ ១៩ នេះ វិស័យកសិកម្មត្រូវបានគេចាត់ទុកថាជាតួឯកដ៏សំខាន់មួយក្នុងការទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ និងរងផលប៉ះពាល់ពីវិបត្តិនេះតិចតួចបំផុត។ នៅក្នុងឆ្នាំ ២០២១ កន្លងទៅ វិស័យកសិកម្មបានរួមចំណែកប្រមាណ ២៤,៤ ភាគរយ នៃផលិតផលសរុបក្នុងស្រុក ។
នៅអំឡុងពេលដែលពិភពលោកកំពុងជួបប្រទះវិបត្តិមួយចំនួនដូចជា ការរីករាលនៃជំងឺកូវីដ ១៩ នៅតែបន្ត ,វិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តអូសបន្លាយ, ការកើនឡើងនៃអតិផរណា ជាដើម បានជំរុញឱ្យសកលលោកធ្លាក់ទៅក្នុងវិបត្តិស្បៀងអាហារ និងបានផ្តល់កាលានុវត្តភាពដល់កម្ពុជាដែលជាប្រទេសកសិកម្មបង្កើនការផលិតសម្រាប់នាំចេញ។
ស្រូវ អង្ករ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រសិទ្ធនាមថា ជា«មាស ស» បានបង្ហាញពីកំណើននៃការនាំចេញជាលំដាប់ពី១ឆ្នាំទៅ១ឆ្នាំ មិនថាស្ថិតនៅស្ថានភាពបែបណានោះទេ ដែលនេះធ្វើឱ្យកម្ពុជាកាន់តែមានសង្ឃឹមខ្ពស់ ក្នុងការក្លាយជាប្រទេសដែលនាំអង្ករចេញដ៏ធំមួយនៅក្នុងតំបន់ សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅក្នុងឆមាសទី១ឆ្នាំ២០២២នេះ ការនាំចេញស្រូវមានចំនួន ១ ៧៣៣ ១៥៧ តោន ទៅកាន់ប្រទេសវៀតណាម គិតជាទឹកប្រាក់មានចំនួន ៤០១,៩៦ លានដុល្លារសហរដ្ឋអាមេរិក ។ ទីផ្សារស្រូវស្ទើរ ១០០% គឺនាំចេញទៅប្រទេសវៀតណាម។ ស្រូវដែលមានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១ ១៤២ ១៧៥ តោន មានការកើនឡើង ២,៣៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២១ ដែលមានចំនួន ១ ៦៩២ ៨១៣ តោន។
ចំណែក ការនាំចេញអង្ករវិញ មានបរិមាណសរុបចំនួន ៣២៧ ២០០តោន កើនឡើង ១៦,៦៧ ភាគរយ បើធៀបនឹងបរិមាណនាំចេញក្នុងឆមាសទី១ ឆ្នាំ ២០២១ ។បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២៣ប្រទេស មានបរិមាណសរុបចំនួន៩៨៦២៤តោន កើនឡើង៤៦,៩០ភាគរយ, ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១៦៨ ២៨០តោន កើនឡើង១៧,៤៤ភាគរយ, ទិសដៅអាស៊ានចំនួន៤ប្រទេស មានបរិមាណសរុបចំនួន ២៨ ៦៨០ តោន កើនឡើង ៥,៦៩ ភាគរយ ។
នៅក្នុងឱកាសសម្ពោធម៉ាកអង្ករសមូហភាព SKO នៃពូជស្រូវសែនក្រអូប ០១ និងម៉ាកអង្ករដំណើបសមូហភាព DSMK នៃពូជស្រូវដំណើបស្បៃមង្គល កាលពីថ្ងៃទី២៣ មិថុនា លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ទោះជាវិស័យស្រូវអង្ករមានការរីកចម្រើនគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ ក៏ស្ថានភាពនិងនិន្នាការនៃការប្រែប្រួលជាសកល បានជំរុញឱ្យជួបប្រទះបញ្ហាប្រឈមមួយចំនួនដែលត្រូវសហការគ្នាដើម្បីដោះស្រាយ។
លោកបានបញ្ជាក់ថា៖«កង្វះខាតគ្រាប់ពូជស្រូវដែលមានគុណភាពសម្រាប់ដាំដុះ ដោយសារការវិនិយោគពីវិស័យឯកជននៅក្នុងឧស្សាហកម្មពូជដំណាំនេះនៅមានកម្រិតតិចតួចនិងប្រជាកសិករខ្វះការយល់ដឹងនៃការប្រើប្រាស់ពូជសុទ្ធឱ្យបានត្រឹមត្រូវ»។
លោកបានបន្ថែមថា នៅមានបញ្ហាប្រឈមមួយចំនួនទៀតដូចជា ការកង្វះខាតប្រព័ន្ធស្រោចស្រព,កសិករប្រើប្រាស់ជីមិនទាន់បានត្រឹមត្រូវតាមប្រភេទដី,កសិករប្រើប្រាស់ថ្នាំកសិកម្មមិនទាន់ចំគោលដៅនិងហួសកម្រិត,តម្លៃជី ថ្នាំកសិកម្ម អគ្គិសនី និងការដឹកជញ្ជូនមានតម្លៃខ្ពស់,ការផលិតមិនទាន់មានភាពប្រមូលផ្តុំតាមប្រភេទពូជ នាំឱ្យពិបាកប្រមូលទិញ និងការលាយអង្ករពូជផ្សេងៗ តាមទីតាំងលក់ដុំនិងរាយ រោងម៉ាស៊ីនកិនស្រូវ ដែលធ្វើឱ្យប៉ះពាល់គុណភាពពូជស្រូវប្រណីតរបស់កម្ពុជាជាដើម។
នៅគ្រានោះដែរ លោក ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម មិនត្រឹមតែគិតគូរលើការនាំចេញស្រូវអង្ករតែមួយជ្រុងប៉ុណ្ណោទេ តែក្រសួងក៏បានខិតខំជួយដល់កសិករខ្នាតតូចឱ្យរៀបចំខ្លួនកាន់តែប្រសើរឡើង ជាពិសេសការជួយជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច។
លោកបានលើកឡើងដូច្នេះថា៖« ក្រៅពីការចូលរួមជំរុញលើទីផ្សារ ក្រសួងបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបើកច្រកទីផ្សារស្រូវអង្ករជាមួយបណ្តាប្រទេសនានាសំខាន់ៗដូចជា ចិន សហគមន៍អឺរ៉ុប និងប្រទេសនានានៅក្នុងតំបន់អាស៊ានផងដែរ»។
ថ្លែងឱ្យដឹងកាលពីអំឡុងពេលសម្ពោធម៉ាកអង្ករសមូហភាព SKOនោះដែរ លោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា បច្ចុប្បនេះមានកសិករមួយចំនួនប្រឈមនឹងផលលំបាកនៃការលក់ស្រូវរបស់ខ្លួននៅពេលប្រមូលផលម្តងៗ ដោយសារការដាំដុះមិនមានប្រភពព័ត៌មាននៃតម្រូវការទីផ្សារច្បាស់លាស់ ខណៈដែលអ្នកនាំចេញក៏មិនមានព័ត៌មានឱ្យបានជាក់លាក់ពីកសិករផងដែរ។
ពេលនោះ លោកបានអះអាងថា៖«ការរៀបចំឱ្យមានម៉ាកអង្ករសមូហភាព SKOនិងអង្ករដំណើបសមូហភាព DSMKនេះឡើង ក្នុងគោលបំណងផ្តល់ផលប្រយោជន៍ឱ្យយើងក្នុងរយៈពេលមធ្យមនិងវែង ដែលតម្រូវឱ្យយើងធ្វើការកាន់តែច្រើនជាងមុន និងជួយកាត់បន្ថយនូវគម្លាតព័ត៌មាននៃតម្រូវការទីផ្សារ និងការផលិតរវាងអ្នកនាំចេញ រោងម៉ាស៊ីនកិនស្រូវនិងប្រជាកសិករ»។
លោក ញែម ចាន់ធូ ជាកសិកររស់នៅ នៅឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលបានផលិត និងដាំដុះស្រូវសែនក្រអូប០១ SKO តាមការណែនាំរបស់មន្ត្រីជំនាញនៃកម្មវិធីCAVACនិងមន្ត្រីកសិកម្ម បានឱ្យដឹងថា កសិករនៅក្នុងឃុំរបស់លោកបានងាកមកដាំដុះពូជស្រូវសែនក្រអូប ដោយសារស្រូវប្រភេទនេះមានទីផ្សារខ្ពស់ និងងាយស្រួលក្នុងការថែទាំដែលទទួលបានទិន្នផលច្រើនជាងស្រូវធម្មតានៅពេលប្រមូលផល។
លោកបានបញ្ជាក់ថា៖« ពីមុនកសិករយើងដាំដុះប្រភេទស្រូវOM ដែលមានតម្លៃក្រោម១ពាន់រៀល ហើយភាគច្រើនលក់ឱ្យឈ្មួញវៀតណាម ដោយពេលណាគេត្រូវការច្រើនលក់បានថ្លៃ និងពេលគេត្រូវការលក់បានថោក។ កសិករយើងបានងាកមកដាំពូជស្រូវសែនក្រអូប SKO វិញតាំងពីឆ្នាំ២០២០មក ឥឡូវយើងមិនចាំបាច់បារម្ភរឿងទីផ្សារនិងតម្លៃនោះ ព្រោះយើងលក់បានថ្លៃជាងស្រូវOM»។
ដោយឡែកលោក ឯម ផល្លា ជាកសិកររស់នៅឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាមវិញ បានឱ្យដឹងដែរថា នៅក្នុងឃុំរបស់លោក កសិករនិយមដាំដុះស្រូវប្រភេទអ៊ីអ៊ែរ (IR) ដោយសារតែស្រូវប្រភេទនេះ ប្រើប្រាស់ពេលខ្លី(៩៥ថ្ងៃ) ដើម្បីប្រមូលផល និងទទួលបានទិន្នផលច្រើន ខណៈដែលកសិករនៅឃុំសំរោងភាគច្រើន មានដីតូច។ប៉ុន្តែតម្លៃវិញ មិនសូវបានថ្លៃនោះទេ ពោលគឺចន្លោះ៧៥០រៀល ទៅ៨០០រៀលក្នុង១គីឡូ។
លោកបានបន្ថែមថា កន្លងទៅ ធ្លាប់មានមន្ត្រីជំនាញចុះទៅណែនាំដល់កសិករឱ្យងាកទៅដាំដុះស្រូវដែលមានទីផ្សារដូចជា ស្រូវរំដួលឬស្រូវសែនក្រអូបនេះដែរ ប៉ុន្តែកសិករភាគច្រើនហាក់មិនសូវយកចិត្តទុកដាក់នោះទេ។
លោកបានបញ្ជាក់ថា៖«យើងចង់សាកផ្លាស់ប្តូរពូជស្រូវនេះ ដើម្បីដាំដុះដែរ ប្រសិនបើពូជសែនក្រអូបនេះ ផ្តល់ផលល្អ និងបានច្រើន ថែមទាំងមានតម្លៃខ្ពស់លើទីផ្សារទៀតនោះ។ព្រោះថា កន្លងមកកសិករយើងលក់ស្រូវ អ៊ីអ៊ែរ (IR)នេះ តម្លៃថោក និងឡើងចុះទៅតាមតែមាត់ឈ្មួញកណ្តាល»។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា រយៈកាលប៉ុន្មាន៣ឆ្នាំចុងក្រោយនេះ គឺការនាំចេញអង្ករមានសភាពទ្រឹង ដោយសារកត្តាឧបសគ្គមួយចំនួន ដូចជា ការយកពន្ធរបស់ហគមន៍អឺរ៉ុប កាលពីខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់ខែមករា ឆ្នាំ២០២២ ធ្វើឱ្យចំណែកទីផ្សារនៅសហគមន៍អឺរ៉ុបបានថយចុះអស់ប្រមាណជា៣០ភាគរយ។
លោកបានបន្ថែមថា ស្របពេលជាមួយគ្នានេះដែរ នៅចុងឆ្នាំ២០១៩ ជំងឺរាតត្បាតកូវីដ១៩ បានផ្ទុះឡើងនៅពេញពិភពលោក ធ្វើឱ្យខ្សែចង្វាក់ផ្គត់ផ្គង់ ជាពិសេសការដឹកជញ្ជូនបានកើនឡើង ពី១ ០០០ដុល្លារ នៅឆ្នាំ២០១៩ កើនដល់ ១៥ ០០០ដុល្លារ ក្នុងឆ្នាំ២០២០ និង២០២១ ក្នុងអង្ករ១ទូកុងតឺន័រទំហំ២០ហ្វីត។
លោកបានអះអាងថា៖« មិនត្រឹមតែតម្លៃឡើងថ្លែនោះទេ ការផ្គត់ផ្គង់ទូកុងតឺន័រក៏មិនគ្រប់គ្រាន់ផងដែរ ដែលក្នុងពេលនោះ ការផ្គត់ផ្គង់សម្រាប់អង្ករមានត្រឹមតែប្រមាណជា៤០ភាគរយ ប៉ុណ្ណោះ។ ជាក់ស្តែងឆ្នាំ២០២០ និងឆ្នាំ២០២១ យើងត្រូវការទូកុងតឺន័រជាមធ្យមប្រមាណជា ៤០០ ទៅ ៥០០ទូកុងតឺន័រ តែបរិមាណផ្គត់ផ្គង់មានត្រឹមតែ ២០០ ទៅ២៥០ទូ តែប៉ុណ្ណោះក្នុង១សប្តាហ៍»។
លោកបានបន្ថែមថា តម្លៃជីកសិកម្ម ដែលជាមូលដ្ឋានរបស់កសិករ ក៏ចាប់ផ្តើមឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ថ្លៃផលិតកម្មរបស់កសិករ ស្របពេលដែលអង្ករលក់មិនបានថ្លៃដោយសារការដឹកជញ្ជូន និងការស្ទះនូវស្តុកអង្ករចាស់ជាច្រើនរបស់ប្រទេសនាំចេញអង្ករ។
លោកបានបញ្ជាក់ថា៖«ដើមឆ្នាំ២០២២ ចាប់ផ្តើមមានសង្គ្រាមរុស្សី-អ៊ុយក្រែន ធ្វើឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងបានជះឥទ្ធិពលដល់ការបង្កបង្កើនផល ជាពិសេសការឡើងថ្លៃឈ្នួលលើការភ្ជួររាស់ ច្រូតកាត់ របស់ប្រជាកសិករ ស្របពេលតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ មានការប្រែប្រួលតិចតួចបំផុត»។
តែទោះបីជាស្ថានភាពបែបនេះក៏វិស័យស្រូវអង្ករនៅតែអាចបន្តទៅមុខដោយសារមានការអន្តរាគមន៍ទាន់ពេលវេលាពីរាជរដ្ឋាភិបាល តាមរយៈគោលនយោបាយឥណទាន ដោយលក្ខខណ្ឌសម្បទាន គោលនយោបាយលើកលែងពន្ធនានា សម្រាប់អ្នកប្រកបរបរនៅក្នុងវិស័យស្រូវអង្ករ។
ការប្រកាសពីម៉ាកអង្ករសមូហភាព SKO នៃពូជស្រូវសែនក្រអូប០១ និងម៉ាកអង្ករដំណើបសមូហភាព DSMK ត្រូវបានអ្នកពាក់ព័ន្ធនៅក្នុងវិស័យស្រូវអង្ករដូចជា ក្រសួងកសិកម្ម ,ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជារំពឹងយ៉ាងម៉ុតមាំថា នឹងអាចជួយឱ្យកាន់តែមានភាពច្បាស់លាស់សម្រាប់ទីផ្សារអង្ករនៅកម្ពុជា ដែលជាកត្តាមួយសម្រាប់ជួយតម្រង់ទិសដល់កសិករក្នុងការដាំដុះ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារសម្រាប់អ្នកនាំចេញ ក៏ដូចជាជំរុញឱ្យមានការផ្សព្វផ្សាយនិងទាក់ទាញអ្នកទិញបន្ថែមទៀត នៅលើទីផ្សារអន្តរជាតិ៕