គម្រោងកសិកម្ម Future Cambodia Harvest III ដាក់ឱ្យដំណើរការជាផ្លូវការ

ភ្នំពេញៈកម្មវិធី “The Feed the Future Cambodia Harvest III” ក្នុងកញ្ចប់ថវិកា ២៥ លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ ឆ្នាំជាជំនួយរបស់ USAID បានដាក់ឱ្យដំណើរការជាផ្លូវការដែលនឹងជួយបង្កើនសមត្ថភាពវិស័យឯកជនក្នុងការផលិតធានាគុណភាពសុវត្ថិភាព និងជំរុញការនាំចេញ។
នៅក្នុងពិធីបើកកម្មវិធី “The Feed the Future Cambodia Harvest III” កាលពីថ្ងៃទី ០៩ ខែសីហាឆ្នាំ ២០២២ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថ្លែងថាប្រជាជនសហរដ្ឋអាមេរិកបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជាដៃគូក្នុងការផ្តល់កិច្ចសហប្រតិបត្តិការក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មតាមរយៈ USAID ក្នុងនោះការអនុវត្តកម្មវិធី និងគម្រោងជាច្រើនមានគោលបំណងជួយជំរុញកំណើនសេដ្ឋកិច្ច។
លោកបានបន្ថែមថាគម្រោង “The Feed the Future Cambodia Harvest III” ដែលកំពុងដំណើរការនាពេលនេះនឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាពតាមរយ:ការបង្កើនពិពិធកម្ម និងការប្រកួតប្រជែងទីផ្សារកសិផលដែលកំពុងមាននិន្នាការកើនឡើងជាលំដាប់។
លោកបានបញ្ជាក់ថា៖ «គម្រោងនេះពិតជានឹងចូលរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជាពិសេសជួយជំរុញវិស័យកសិកម្មឱ្យកាន់តែទំនើបមានភាពប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពខ្ពស់។ វិស័យឯកជនកំពុងដើរតួនាទីសំខាន់ក្នុងការផលិតការបង្កើនផលិតភាព និងការប្រកួតប្រជែងធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជួយបង្កើតការងារ និងប្រាក់ចំណូល»។
លោក W. Partrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានមានប្រសាសន៍ថារដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណជិត ១០០ លានដុល្លារក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះក្នុងគោលបំណងលើកស្ទួយអាហារូបត្ថម្ភនិងបង្កើនប្រាក់ចំណូលក្នុងគ្រួសារតាមរយៈការពង្រឹងវិស័យកសិកម្មកម្ពុជា។
លោកបានគូសបញ្ជាក់ថា៖ «ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារនេះកម្ពុជាចាំបាច់ត្រូវតែពង្រឹងសុវត្ថិភាពស្បៀងអាហាររបស់ខ្លួនដូច្នេះគម្រោង "កម្ពុជាហាវេស III" នេះគឺបង្ហាញឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិកក្នុងការសម្រេចគោលដៅមួយនេះ។
គម្រោង “The Feed the Future Cambodia Harvest III” ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី ៤ សីហាកន្លងទៅដោយរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ក្នុងអំឡុងពេលការធ្វើទស្សនកិច្ចរបស់លោកនៅកម្ពុជា។
គម្រោងនេះនឹងធ្វើការជាមួយដៃគូក្នុងវិស័យកសិកម្មអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញបង្កើតការងារនិងចាប់យកឱកាសទីផ្សារនានានៅក្នុងវិស័យកសិកម្មតាមរយៈការចាប់ដៃគូជាមួយនឹងវិស័យឯកជន។ គម្រោងនឹងជួយលើកកម្ពស់ជីវភាព ជាពិសេសស្ត្រីយុវជន និងប្រជាជនងាយរងគ្រោះ។ ហើយក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ USAID រំពឹងថានឹងជំរុញឱ្យមានការវិនិយោគពីឯកជនក្នុងទឹកប្រាក់ទំហំ ៣៨ លានដុល្លារបង្កើតការងារជាង ៣ ០០០ កន្លែងជួយកសិករ និងក្រុមហ៊ុនឯកជនឱ្យទទួលបានហិរញ្ញវត្ថុលើវិស័យកសិកម្មទំហំ ១៥ លានដុល្លារ និងបង្កើនការលក់កសិផលឱ្យបាន ១០០ លានដុល្លារ៕