ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​សិង្ហ​បុរី ក្នុង​រយៈពេល​ ៧ ​ខែ ឆ្នាំ ​២០២២ មានតម្លៃ​សរុប ២ ៦០៨,១៤​ លាន​ដុល្លារ ធ្លាក់ចុះ ២៧,៥ ​ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ដែលមាន​ចំនួន ៣ ៥៩៥,៤១ ​លាន​ដុល្លារ ដោយ​ក្នុងនោះ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព​ជាង ២ ៤៧១,២៦ ​លាន​​ដុល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​ទិន្នន័យ​បង្ហាញថា ពី​ខែមករា​-​កក្កដា ឆ្នាំ ​២០២២ ក្នុងចំណោម​ទឹកប្រាក់​នាំ​ចេញ​-​នាំចូល​ទំនិញ​របស់​ប្រទេស​ទាំង ២ គឺ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​សិង្ហ​បុរី មាន​ត្រឹម ៦៨,៤៤ ​លាន​ដុល្លារ​ប៉ុណ្ណោះ ធ្លាក់ចុះ ៣០,៧ ​ភាគរយ និង​ការនាំ​ទំ​និ​ញ​ពី​សិង្ហ​បុរី មាន​ចំនួន ២ ៥៣៩,៧​ លាន​ដុល្លារ ធ្លាក់ចុះ ២៧,៤ ​ភាគរយ​។​


​សិង្ហ​បុរី​ឈរ​លេខ ​៥ ជា​ប្រទេស​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ច្រើន​ជាមួយនឹង​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន អាមេរិក វៀតណាម និង​ថៃ​។ នេះ​បើតាម​អគ្គ​​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​


​ក្នុងឱកាស​ចូលរួម​ពិធី​អបអរសាទរ​ខួប​លើក​ទី​៥៧ នៃ​ទិវា​ជាតិ​របស់​សា​ធា​​រណ​រដ្ឋ​សិង្ហ​បុរី ដែល​រៀបចំ​នៅ​សណ្ឋាគារ Raffles Hotel Le Royal កាលពី​ថ្ងៃទី​ ១០ ខែ សីហា ឆ្នាំ ​២០២២ រដ្ឋមន្ត្រី​ក្រ​​សួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការអបអរសាទរ និង​ថ្លែង​​អំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​​សិង្ហ​បុរី ដែល​តែង​គាំទ្រ និង​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា ពិសេស​ការអភិវឌ្ឍ​ធនធានមនុស្ស ដែលជា​សសរស្តម្ភ​ដ៏​សំខាន់​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការអភិវឌ្ឍ​ជាតិ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ការកសាង​សហគមន៍​អាស៊ាន​។


បន្ថែម​ពីលើ​នេះ​ លោក​ក៏បាន​រំឭក​ពី​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ និង​មិត្តភាព​យូរអង្វែង​រវាង​កម្ពុជា​-​សិង្ហ​បុរី ​លើ​វិស័យ​ជាច្រើន ពិសេស​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ដោយ​ទំហំ​ពា​​ណិ​ជ្ជ​កម្ម​ទ្វេភាគី បាន​កើនឡើង​ពី ៣,៥​ ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ ​២០២០ ដល់ ៥,៣​ ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ ​២០២១ ទោះបី​មាន​ផលប៉ះពាល់​បណ្តាលមកពី​ជំងឺ​កូ​វីដ ​១៩ ក៏ដោយ​។​


​លោក​ថ្លែងថា​៖ «​ក្នុង​បរិយាកាស​ធុ​រ​កិច្ច និង​ការវិនិយោគ​ដ៏​អំណោយផល​របស់​កម្ពុជា ពិសេស​ការលើកទឹកចិត្ត និង​ភាពបត់បែន​ដែល​ផ្តល់​ដោយ​ក្រប​​ខ័​ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​សម្រាប់​ការ​​ស្តារ​សេដ្ឋកិច្ច​ក្នុង​ទម្រង់​ប្រក្រតីភាព​ថ្មី​២០២១-២០២៣ ក៏ដូចជា ច្បាប់​ស្តីពី​ការវិនិយោគ​ដែល​ទើប​ប្រកាស​ដាក់ឱ្យអនុវត្ត ខ្ញុំ​សង្ឃឹមថា កម្ពុជា​នឹង​ទាក់ទាញ​វិនិយោគិន​ច្រើន​បន្ថែមទៀត រួមទាំង​វិ​និ​​យោគិន​មកពី​សិង្ហ​បុរី​ផងដែរ​»​។​


​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​ ១៤ ខែសីហា​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​សិង្ហ​បុរី មាន​ជា​យូរ​មកហើយ ដោយ​សិង្ហ​បុរី​មិន​ត្រឹម​ជា​កន្លែង​ឆ្លងកាត់​ទំនិញ​តាមផ្លូវ​ទឹក​របស់​កម្ពុ​ជា​ភាគច្រើន​នោះទេ ប៉ុន្តែ​ក៏​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជាមួយគ្នា​ដែរ​។ លោក​បន្តថា ម្យ៉ាងទៀត​ចំនួន​នៃ​វិនិយោគិន​សិង្ហ​បុរី ដែល​កំពុង​បណ្តាក់ទុន​នៅ​កម្ពុជា​ក៏មាន​ចំនួន​ច្រើន​ដែរ​ក្នុង​ពេលនេះ​។​

​លោក​និយាយថា​៖ «​ទោះបី​ទឹកប្រាក់​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​សិង្ហ​បុរី​មាន​ចំនួន​តិច​ខ្លាំង​បើ​ធៀប​នឹង​ការនាំ​ចូល ប៉ុន្តែ​ទីផ្សារ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​នេះ​ គឺ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​»​។​

​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) គិត​នៅត្រឹម​ឆមាស​ទី​១ ឆ្នាំ​ ២០២២ គម្រោង​វិនិយោគ​ដែលមាន​ម្ចាស់​ជា​វិនិយោគិន​សិង្ហ​បុរី​ចំនួន ១២៧​ គម្រោង ស្មើនឹង​ទុនវិនិយោគ​ប្រមាណ ១,៥៣​ ពាន់​លាន​ដុល្លារ ត្រូវបាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) អនុម័ត​ឱ្យ​វិនិយោគ​នៅ​កម្ពុជា​។​

​កាលពី​ឆ្នាំ​ ២០២១ ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា​-​សិង្ហ​បុរី មាន​ទឹកប្រាក់​សរុប ៥ ២១៧​ លាន​ដុល្លារ កើនឡើង ៤៩,៥​ ភាគរយ​ បើ​ធៀប​ឆ្នាំ ​២០២០​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា មាន ១១៩,៨៩​ លាន​ដុល្លារ ធ្លាក់ចុះ ៩៥,២​ភាគរយ និង​ការនាំ​ទំនិញ​ពី​សិង្ហ​បុរី​មក​កម្ពុ​ជាមាន ៥ ០៩៧,៧១១​ លាន​ដុល្លារ កើន​​ឡើង ៤១៧ ​ភាគរយ​។ នេះ​បើតាម​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕