ភ្នំពេញៈ ក្រុមហ៊ុន​សាជីវកម្ម SNC Former Public Company Ltd របស់​ប្រទេស​ថៃ​មាន​ផែនការ​បង្កើត​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ ដើម្បី​គាំទ្រ​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ តាមរយៈ​ការជួយ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ក្នុង​ការទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​។

ផែនការ​នេះ​ត្រូវ​បាន​លើកឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ លោក អ៊ូក សោភ័ណ ដែល​បាន​ដឹកនាំ​មន្ត្រី​ការទូត​ចុះទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​ខ្សែចង្វាក់​ចំនួន ២៣ ​រោងចក្រ​របស់​ក្រុមហ៊ុន​ខាងលើ ដើម្បី​ផ្សព្វផ្សាយ​ការទូត​សេដ្ឋកិច្ច​កាលពី​ថ្ងៃទី ​១៣ ខែសីហា ឆ្នាំ​ ២០២២​។ លោក​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​អគ្គនាយក​ក្រុមហ៊ុន​នេះ​ដែល​មាន​បំណង​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បច្ចេក​វិទ្យា​កម្រិត​ខ្ពស់​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​។


លោក អ៊ូក សោភ័ណ បាន​ថ្លែងថា​៖ «​យើង​សូម​ស្វាគមន៍​ចំពោះ​គម្រោង​បង្កើត​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​នេះ ដែល​នឹង​ដើរតួនាទី​សំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ព្រោះ​វា​មាន​សង្គតិភាព​ជាមួយ​នឹង​ផែនការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ (IDP) ​ឆ្នាំ​ ២០១៥-២០២៥ និង​មាន​សក្តានុពល​ធ្វើឱ្យ​សម្រេច​នូវ​ចក្ខុវិស័យ​កម្ពុជា​នៅ​ឆ្នាំ​ ២០៣០ ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​នៅ​ឆ្នាំ​ ២០៥០ ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់​»​។


លោក Somchai Thaisanguanvorakul ស្ថាបនិក និង​ជា​អគ្គនាយក​ SNC Former Public Company Ltd បាន​លើកឡើង​ថា ក្រុមហ៊ុន​ធ្លាប់បាន​សិក្សា​ទៅលើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​រាប់​តាំងពី​ការគ្រប់គ្រង​កាក​សំណល់​ (Waste management) រហូតដល់​ថាមពល​កកើត​ឡើងវិញ (Renewable energy)​។


លោក​និយាយ​ថា​៖ «​ឥឡូវ​ក៏មាន​បំណង​បង្កើត​វិទ្យាស្ថាន​បច្ចេកវិទ្យា​លក្ខណៈ​ស្តង់ដា​ស្វ័យប្រវត្តិ​ទំនើប​មួយ ដើម្បី​បំពាក់​បំប៉ន​ជំនាញ​ផលិត​ឧបករណ៍ និង​គ្រឿង​អេឡិចត្រូនិក​ដល់​យុវជន​កម្ពុជា សម្រាប់​គាំទ្រ​ការវិនិយោគ​ពង្រីក​ទីផ្សារ​របស់​ក្រុមហ៊ុន​នាពេល​អនាគត​»​។


លោក ហេង សុខគង់ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ១១ ខែសីហា បាន​ឱ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បង្កើត​សួន​វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ ដើម្បី​ទាក់ទាញ​វិនិយោគិន ធុរជន និង​បុគ្គល​មាន​គំនិត​បង្កើត​ថ្មី និង​នវានុវត្តន៍​ថ្មីៗ ជាពិសេស​គឺ​ដើម្បី​ចូលរួម​ចំណែក​វិវឌ្ឍ​ទៅ​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​។


លោក​បន្តថា ក្រសួង​បាន​កំណត់​ទិសដៅ​ក្នុង​ការបង្កើត​សួន​វិទ្យាសាស្ត្រ​យ៉ាងតិច​ឱ្យបាន​ ៣ គិត​ត្រឹម​ឆ្នាំ ​២០២៥ ស្របតាម​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​វិស័យនេះ​។

លោក​បញ្ជាក់ថា​៖ «​សួន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​នេះ​មាន​សារៈសំខាន់​ណាស់​នៅក្នុង​ការកៀរគរ​បន្ថែម​នូវ​ចំណូល​ទាំង​ការវិនិយោគ​នៅក្នុង​ស្រុក និង​ក្រៅប្រទេស​។ បច្ចុប្បន្ន​ការវិនិយោគ​ក្នុង​ស្រុក​មាន​ការកើនឡើង​ជា​បន្ដបន្ទាប់ ជាពិសេស​ទៅលើ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។ យើង​រំពឹងថា នៅពេល​កម្ពុជា​បង្កើត​សួន​នេះ​ឡើង វា​នឹង​ជួយ​រុញ​កំណើន​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​»​។

បើ​យោងតាម​លោក សុខគង់ មកទល់​ពេលនេះ ប្រទេស​មួយ​ចំនួន​នៅ​អាស៊ីអាគ្នេយ៍​ដូចជា សិង្ហបុរី ថៃ និង​វៀតណាម​ជាដើម​បាន​បង្កើតជា​សួន​វិទ្យាសាស្ត្រ ឬ​សួន​បច្ចេកវិទ្យា និង​នវានុវត្តន៍​នេះ​ជាច្រើន​ឆ្នាំ​មកហើយ​។

សាជីវកម្ម SNC Former Public Limited Company Ltd បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​ ១៩៩៤ ហើយ​បច្ចុប្បន្ន​កំពុង​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​ដោយ​ប្រើ​រ៉ូបូត​ភាគច្រើន​ ដើម្បី​ផលិត​គ្រឿងបន្លាស់​ម៉ាស៊ីន​ត្រជាក់​សម្រាប់​គេហដ្ឋាន រថយន្ត ទូទឹកកក និង​ទូរទស្សន៍ សម្រាប់​លក់​ផ្ទាល់​ជូន​អតិថិជន​ ដែល​ជា​ម្ចាស់​ម៉ាក​យីហោ​ល្បីៗ​នៅក្នុង​ប្រទេស​ថៃ និង​តំបន់​អាស៊ី​៕