ភ្នំពេញៈ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំ​ចំនួន ២ បាន​ព្យាករ​ថា ផលិតផល​ក្នុង​ស្រុក​សរុប ​(GDP) របស់​កម្ពុជា​នឹង​ស្ថិតក្នុង​រង្វង់ ៥​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២២ នេះ ដែល​គាំទ្រ​ដោយ​លទ្ធផល​នាំចេញ​ដ៏រឹងមាំ​កាលពី​ដើមឆ្នាំ ក៏ដូចជា​ការបន្ត​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ និង​ការគាំទ្រ​គោលនយោបាយ​ដែល​កំពុង​បន្ត បើទោះបី​ត្រូវ​បាន​រារាំង​ដោយ​សម្ពាធ​ពី​ខាងក្រៅ​ ដោយសារ​តែ​សង្គ្រាម​នៅ​អ៊ុយក្រែន និង​ការអូសបន្លាយ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក៏ដោយ​។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ​បាន​ព្យាករ​ថា កំណើន GDP ពិតប្រាកដ​របស់​កម្ពុជា​ត្រូវបាន​ព្យាករ​នឹងមាន​ចំនួន​ ៥​ ភាគរយ​នៅ​ឆ្នាំ​ ២០២២ បន្ទាប់ពី ដំណើរការ​នាំចេញ​ដ៏រឹងមាំ​កាលពី​ដើមឆ្នាំ និង​ជិត ៥,៥ ​ភាគរយ​នៅ​ឆ្នាំ​ ២០២៣ ខណៈ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ​នៅ​ថ្ងៃទី​ ២១ ខែកញ្ញា បាន​រក្សា​ការព្យាករ​កំណើន​សេដ្ឋកិច្ចរ​បស់​ខ្លួន​ សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​អត្រា ៥,៣ ​ភាគរយ​នៅ​ឆ្នាំ​ ២០២២ ប៉ុន្តែ​បាន​ទម្លាក់​ការព្យាករ​ឆ្នាំ​ ២០២៣ មក​នៅ​ ៦,២​ ភាគរយ ពី ៦,៥​ ភាគរយ ដោយសារ​តែ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​កាន់តែ​ខ្សោយ​។


យោងតាម​លោក Alasdair Scott ប្រធាន​បេសកកម្ម​របស់ IMF ប្រចាំ​កម្ពុជា​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ ក្នុង​ខែកញ្ញា​នេះ​បាន​ឱ្យ​ដឹងថា សេដ្ឋកិច្ច​កម្ពុជា​កំពុងតែ​ងើបឡើង​វិញ ប៉ុន្តែ​ប្រឈម​នឹង​បញ្ហា​ប្រឈម​ថ្មីៗ​ជាច្រើន​។ កំណើន GDP បាន​ស្ទុះ​ងើបឡើង​វិញ​នៅ​ឆមាស​ទី ២ ឆ្នាំ​ ២០២២ ដែល​ជំរុញ​ភាគច្រើន​ដោយ​ការនាំចេញ​ទំនិញ​។


លោក​បញ្ជាក់ថា នៅ​ឆ្នាំនេះ សេដ្ឋកិច្ច​រង​ផលប៉ះពាល់​ដោយសារ​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​ចិន ការធ្លាក់ចុះ​តម្រូវការ​អ្នកប្រើប្រាស់​ក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ដូចជា អាមេរិក និង​អឺរ៉ុប​។ អតិផរណា​កើនឡើង​ដល់ ៧,៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ក្នុង​ខែមិថុនា ឆ្នាំ​ ២០២២ បន្ទាប់ពី​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​នៃ​ថ្លៃ​ប្រេងឥន្ធនៈ និង​ជី ទោះបី​ជា​វា​បាន​ធ្លាក់​មក​នៅត្រឹម ៤,៩ ភាគរយ​ក្នុង​ខែសីហា​ក៏ដោយ​។ ការបញ្ជាទិញ​សម្រាប់​ការនាំចេញ​ក្នុង​ឆមាស​ទី ២ ឆ្នាំនេះ​បាន​ធ្លាក់ចុះ ហើយ​ទីផ្សារ​អចលនទ្រព្យ​ក៏បាន​ធ្លាក់ចុះ​ដែរ​។


លោក​លើកឡើង​ថា​៖ «​ទោះបី​មាន​សម្ពាធ​ថ្មី ក៏​ការ​ងើប​ឡើងវិញ​ត្រូវ​បាន​ព្យាករ​ថា​នឹង​បន្ត​មាន​។ កំណើន GDP ពិតប្រាកដ​ត្រូវ​ព្យាករ​ថា​នឹងមាន​ចំនួន​ ៥​ ភាគរយ​នៅ​ឆ្នាំ ​២០២២​ បន្ទាប់ពី​ដំណើរការ​នាំចេញ​ដ៏រឹងមាំ​កាលពី​ដើមឆ្នាំ និង​ជិត ៥,៥ ភាគរយ​នៅ​ឆ្នាំ​ ២០២៣ ដែល​គាំទ្រ​ដោយ​ការងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ និង​ការគាំទ្រ​គោលនយោបាយ​ដែល​កំពុង​បន្ត ទោះបី​ត្រូវ​បាន​រារាំង​ដោយ​សម្ពាធ​ពី​ខាងក្រៅ និង​ផលប៉ះពាល់​នៃ​ការកើនឡើង​តម្លៃ​លើ​ប្រាក់ចំណូល​។


លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំ​កម្ពុជា​បាន​ឱ្យ​ដឹងថា ការកើនឡើង​ការនាំចេញ​ផលិតផល​កម្មន្តសាល​របស់​កម្ពុជា និង​ការ​ងើប​ឡើងវិញ​បន្តិច​ម្តងៗ​នៃ​វិស័យ​សំណង់ និង​សេវាកម្មបាន​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​ ២០២២ ​ទោះបី​មាន​ការថយចុះ​កំណើន​វិស័យ​កសិកម្ម​ដែល​បណ្តាល​ពី​ការកើនឡើង​នៃ​ថ្លៃ​ប្រេង ជី និង​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ​។


លោកស្រី​ប្រាប់ថា​៖ «​អន្តរាគមន៍​សេដ្ឋកិច្ច​សង្គម​របស់​រដ្ឋាភិបាល​ដូចជា​កម្មវិធី​ឧបត្ថម្ភ​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​កំពុង​មាន​ប្រសិទ្ធភាព​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការកើនឡើង​ថ្លៃទំនិញ​ សម្រាប់​ពលរដ្ឋ​ក្រីក្រ​»៕