ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា និង​សមាជិក RCEP មាន​ទឹកប្រាក់​ជាង $២៤ ពាន់​លាន

Content image - Phnom Penh Post
ទិដ្ឋភាពកំពង់ផែព្រះសីហនុ។ ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា និង​សមាជិក RCEP មាន​ទឹកប្រាក់​ជាង $២៤ ពាន់​លាន។ ហុង មិនា

ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​បណ្ដា​ប្រទេស សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP) ​បាន​កើន​ដល់​ជាង ២៤ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៩ ​ខែ​ដំបូង​ឆ្នាំ​ ២០២២ គឺ​កើនឡើង​ប្រហែល ១០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

RCEP គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ​ឈានមុខ​គេ​របស់​ពិភពលោក ដែលមាន​ប្រទេស​អាស៊ាន​ទាំង ១០ ជា​សមាជិក រួមជាមួយ​បណ្ដា​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ចំនួន ៥ បន្ថែមទៀត ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ និង​អូស្ត្រាលី​។ កិច្ចព្រមព្រៀង​នេះ​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី១ ខែមករា ឆ្នាំ​ ២០២២​។

បើ​យោងតាម​ទិន្នន័យ​ក្រសួងពាណិជ្ជកម្ម ក្នុង​រយៈពេល​ ៩ ​ខែ​ដើមឆ្នាំ​ ២០២២ ការនាំ​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ទាំងនេះ​មាន​ទឹកប្រាក់​សរុប​ជាង ៤,៧ ​ពាន់​លាន​ដុល្លារ កើនឡើង ៦ ​ភាគរយ ខណៈ​ការ​នាំចូល​សរុប​មាន​ជាង ១៩,៦ ​ពាន់​លាន​ដុល្លារ​កើនឡើង​ ១២ ភាគរយ​។

លោក គី សេរីវឌ្ឍន៍ អ្នក​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​
បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៣ ខែ​វិច្ឆិកា ថា RCEP បាន​ក្លាយជា​សម្ទុះ​ថ្មី​មួយទៀត​សម្រាប់​ការ​ធ្វើ​ពិពិធកម្ម​ការនាំចេញ​របស់​កម្ពុជា​នៅក្នុង​តំបន់ ខណៈ​វា​ក៏​បង្កើត​ឱកាស​ដើម្បី​ទាក់ទាញ​រំហូរ​ការវិនិយោគ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ជាមួយនឹង​RCEP កម្ពុជា​ទទួលបាន​ឱកាស​ដ៏​អស្ចារ្យ​មិន​ត្រឹមតែ​ពង្រីក​ការ​នាំចេញ​ជាមួយនឹង​តម្លៃ​ប្រកួត​ប្រជែង​ (​តម្លៃ​ផលិតផល​ទាប​ដោយ​មិន​បង់ពន្ធ​) ប៉ុន្តែ​យើង​ក៏​ទទួលបាន​លទ្ធភាព​ក្នុងការ​នាំចូល​ផលិតផល​ដែលមាន​តម្លៃ​សមរម្យ​បន្ថែមទៀត ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ទប់​ស្កាត់​កំណើន​អតិផរណា​សម្រាប់​ប្រជាជន​ផងដែរ​»​។

លោក​លើកឡើងថា​៖ «​លើសពីនេះ កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​បើកទ្វារ​សម្រាប់​កម្ពុជា​ក្នុងការ​ស្វាគមន៍​រំហូរ​នៃ​ការវិនិយោគ ប៉ុន្តែ​ក៏​ទាមទារ​ឱ្យ​យើង​រៀបចំ​ឱ្យបាន​ល្អ​នូវ​កម្លាំង​ពលកម្ម​ជំនាញ ប្រព័ន្ធ​ពន្ធ​ត្រឹមត្រូវ និង​បង្កើត​ការប្រកួតប្រជែង​ដោយ​ស្មើភាព​ផងដែរ​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន កាលពី​ថ្ងៃទី​ ២ ខែវិច្ឆិកា ក្នុង​ពិធី​បើក​វេទិកា​ពិគ្រោះ​យោបល់​កម្រិត​ខ្ពស់​នាឱកាស​ខួប​អនុស្សារីយ៍ ១០ ​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង RCEP ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​បូព៌ា (ERIA) ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បានឱ្យដឹងថា RCEP គឺជា​យន្តការ​ដ៏​សំខាន់ និង​ជា​យុទ្ធសាស្ត្រ​ដែល​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​ប្រទេស​សមាជិក​ក្នុងការ​ការពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពហុភាគី​ដែលមាន​មូលដ្ឋាន​លើ​ច្បាប់ រក្សា​ការបើកចំហ​សេដ្ឋកិច្ច និង​លើកកម្ពស់​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​។

លោក​ប្រាប់ថា​៖ «​ការអនុវត្ត​អាសិប​ពេញលេញ​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ ៤០ ពាន់​លាន​ដុល្លារ​អាមេរិក​ធ្វើឱ្យ​ប្រាក់ចំណូល​ពិត​កើន​ឡើងដល់ ២,៥ ​ភាគរយ បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម​ក្នុងចំណោម​សមាជិក RCEP ១២,៣%»​។

លោក​ថ្លែងថា​៖ «​ការសិក្សា​របស់​វិទ្យាស្ថាន ERIA នៅ​ដើម​ឆ្នាំ​ ២០២២ នេះ​បានបង្ហាញ​ឱ្យឃើញថា ផលិតផល​ក្នុងស្រុក​សរុប (GDP) ​កម្ពុជា​អាច​កើន​ឡើង​បន្ថែម​ប្រមាណ​ពី ២-៣,៨ ​ភាគរយ ការនាំចេញ​នឹងមាន​កំណើន​បន្ថែម​ក្នុង​រង្វង់​ពី ៩,៤-១៨ ​ភាគរយ ឱកាស​ការងារ​ប្រចាំឆ្នាំ​អាច​កើន​ពី ៣,២-៦,២ ​ភាគរយ និង​ចំណូល​ពន្ធ​ប្រចាំ​ឆ្នាំ​អាច​កើនឡើង​ប្រមាណ​ពី ២ ភាគរយ​ដល់ ៣,៩ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ ខណៈ​ការវិនិយោគ​ជារួម​អាច​នឹង​កើនឡើង​ប្រមាណ ២៣,៤ ​ភាគរយ​»៕

ព័ត៌មានថ្មីៗ