កម្ពុជាគ្រោងនឹងនាំអង្ករចេញជាង ២៥ ០០០ តោន ទៅប្រទេសបង់ក្លាដែស

Content image - Phnom Penh Post
កម្ពុជាគ្រោងនឹងនាំអង្ករចេញជាង ២៥ ០០០ តោន ទៅប្រទេសបង់ក្លាដែស ដែលជាជំហានដំបូងក្នុង​ការជំរុញការនាំចេញទៅប្រទេសមួយនេះ។ ហេង ជីវ័ន

ភ្នំពេញៈ កម្ពុជាគ្រោងនឹងនាំអង្ករចេញជាង ២៥ ០០០ តោន ទៅប្រទេសបង់ក្លាដែស ដែលជាជំហានដំបូងក្នុង​ការជំរុញការនាំចេញទៅប្រទេសមួយនេះ។ ការនាំអង្ករចេញជាង ២៥ ០០០ តោន ទៅប្រទេសបង់ក្លាដែសនេះ ជាការជំរុញឲ្យវិស័យស្រូវ អង្ករមានប្រសើរឡើង ហើយជាពិសេសប្រភេទអង្ករចំហុយ និងអង្ករស ដែលប្រទេស​នេះមានតម្រូវការ។

អ្នកស្រី គឹម ស្រីរ័ត្ន អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានប្រាប់ថា ក្នុងកិច្ចពិភាក្សាជាមួយ​ប្រទេស​បង់ក្លាដែសនេះ គឺមិនទាន់នឹងបញ្ចប់ឡើយ ចំពោះការគ្រោងទិញអង្ករជាង ២៥ ០០០ តោនពីប្រទេសកម្ពុជា ពីព្រោះខាងប្រទេសបង់ក្លាដែស​ត្រូវការពិភាក្សាជាមួយគណៈកម្មាធិការ​របស់ពួកគាត់ផងដែរ។

អ្នកស្រីបន្តថា បើសិនជាការជជែកនេះឈានដល់ការចុះហត្ថលេខា កុងត្រាទិញលក់ នោះរដូវប្រមូលផល​ស្រូវប្រាំង​​ឆ្នាំក្រោយអាចចាប់ផ្តើមដឹកហើយ ពីព្រោះឥឡូវគឺរដូវច្រូតស្រូវ​ក្រអូបវស្សា ដែលមិនមែនជា​ផលិតផលស្រូវសម្រាប់ទីផ្សារហើយវាជារឿងល្អមួយ​សម្រាប់វិស័យ​ស្រូវ អង្ករ កម្ពុជា។ ជាពិសេសប្រភេទអង្ករស (អង្ករម្លិះ និងអង្ករសំរូប) ដែលប្រទេសបង់ក្លាដែសចង់បាន និងនាំចូលជាដើម។

អ្នកស្រី គឹម ស្រីរ័ត្ន ថា៖ «ខ្ញុំមើលឃើញថា វាជាគម្រោងល្អមួយសម្រាប់ប្រទេសយើង​ក្នុងការចាប់ផ្តើមរៀនសូត្រ​ និងអនុវត្តការផ្គត់ផ្គង់អង្ករបរិមាណធំ​ដឹកតាមកប៉ាល់។ ​វាជាឱកាសបើកទ្វារ​ឱ្យ​អង្ករកម្ពុជាទៅច្រើនប្រទេសទៀត ​ដែលធ្វើការបញ្ជាទិញ​ក្នុងបរិមាណធំ​ដូចបង់ក្លាដែសដែរ»។

អ្នកស្រីបន្តថា ហើយក៏ជាលើកទឹកចិត្តដល់រោងម៉ាស៊ីនក្នុងការទិញស្រូវនិងផលិតទៅជាអង្ករ។ ជួយលើកកម្ពស់​វិស័យ​​កិនកែច្នៃ ដឹកជញ្ជូន ហើយក៏ជាបទពិសោធន៍មួយ​ដែលកម្ពុជា​អាចយកមក​អនុវត្តបន្តទៀតក្នុងការ​ពង្រីកទីផ្សារអង្ករខ្នាតធំទៅប្រទេសដទៃទៀត»។

អ្នកស្រីបន្ថែមថា​ ស្ថានភាពប្រទេសបង់ក្លាដែសមានប្រជាជនចំនួន ១៧០ លាននាក់ និងផលិតស្រូវបានជាង ៤០ លានតោនក្នុង ១ ឆ្នាំ ដែលវាមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកបានឡើយ។ ដូច្នេះហើយជារៀងរាល់ឆ្នាំ ប្រទេសនេះតែងតែនាំចូលក្នុងបរិមាណអង្ករច្រើនពីប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា ឥណ្ឌា និងប៉ាគីស្ថានជាដើម។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) បានប្រាប់ថា នេះជាឱកាស​មួយដែល​ ប្រទេសម្ពុជាអាចលក់អង្ករទៅប្រទេសបង់ក្លាដែស ហើយវាក៏អាចជា​ការទាញទីផ្សារនៅក្នុងប្រទេសបង់ក្លាដែស ដើម្បីបម្រើផលប្រយោជន៍ និងលើកកម្ពស់ជីវភាព​រស់នៅរបស់ប្រជាកសិករ។ លោកបន្តថា ការលើកកម្ពស់​ជីវភាពនេះ គឺនៅពេលដែល​ប្រជាកសិករ​បានផលិតស្រូវទៅ អាចមានរោងម៉ាស៊ីនកិនស្រូវ ឫក៏អ្នកវិនិយោគ​រោងម៉ាស៊ីនកិនស្រូវនឹង អាចធ្វើការទាញយកឱកាសនេះ ទិញស្រូវពីកសិករដោយ​តម្លៃខ្ពស់សមរម្យ​ផងដែរ។ ​លោកបញ្ជាក់ថា ហើយក៏ត្រូវលើកទឹកចិត្តជាមួយផងដែរ ដែលត្រូវបង្ហាញអំពីលទ្ធផលតម្លៃ ក្នុងការលក់អង្ករចេញទៅប្រទេសបង់ក្លាដែស ដើម្បីឲ្យប្រជាកសិករ បានដឹង និងបានយល់ពីតម្លៃនេះ។

លោក ថេង សាវឿន បន្តថា៖ «ទាក់ទងនឹងវិស័យស្រូវ អង្ករ បើសិនជាមានតម្លៃទីផ្សារហើយ វាជាឱកាសមួយ វាជាសក្ដានុពលមួយ ដែលអំណោយផល ទោះជាយើងលក់បាន​ស្ថិតក្នុងកម្រិតណាក៏ដោយ ពីព្រោះអី​បើយើងលក់ចេញពីបង្កើនការទិញបន្ថែមពីកសិករ ប៉ុន្តែបើយើងលក់មិនចេញ យើងអត់មានធនធាន​ណាទិញពីកសិករឡើយ»។

លោកបន្តថា ដូច្នេះវាជារឿងល្អ ទោះបីក្នុងទំហំតិចក៏ដោយ ក៏វាការនាំចេញមួយ ក្នុងការរួមចំណែកជួយឱ្យ​តម្លៃស្រូវ អង្កររបស់ប្រជាកសិករទទួលបានតម្លៃបន្ថែមខ្លះដែរ។

លោកលើកឡើងថា៖ «យើងក៏ចង់ឲ្យរាជរដ្ឋាភិបាលក្រលេកមើលប្រទេសផ្សេងៗទៀត ក្រៅពីប្រទេសបង់ក្លាដែស ដើម្បីប្រើប្រាស់ក៏ដូចជាបញ្ចុះបញ្ជូលភាពជាដៃគូ ក្នុងការជំរុញឲ្យជួយទិញ​អង្ករពីប្រទេសកម្ពុជា ហើយធ្វើឲ្យស្រូវដែលកក់ស្ទះ​របស់​ប្រជាពលរដ្ឋ អាចប្រមូលទិញពីរោងម៉ាស៊ីនកិនស្រូវថែម»។

លោកសារឿន​ បានបន្ថែមថា ចំណែកឯតម្លៃស្រូវ អង្ករ ក៏មានការធានាបានដែរ ហើយក៏ចង់ឲ្យរដ្ឋមានការ​ធានាគិតគូរបន្ថែមទៅលើការកែច្នៃអង្កររបស់កសិករប្រភេទខ្នាតតូច ដែលកសិករទាំងនោះអាច​ប្រើប្រាស់​ធនធានថវិកា ឫហិរញ្ញប្បទានពីរដ្ឋ ដើម្បីច្នៃអង្ករនឹង​ត្រូវលក់បន្ថែម ដោយកុំផ្តោតតែរោងម៉ាស៊ីនកិនស្រូវ ឫក៏សហគ្រាសកិនស្រូវជាដើម។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញអំពីសក្ដានុពល និងវឌ្ឍនភាព របស់វិស័យស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២២ នេះ កម្ពុជាមាននាំចេញ​ជិត៤៥ម៉ឺនតោន គិតជាទឹកប្រាក់ជាង ២៨៦ លាន​ដុល្លារសហរដ្ឋអាមេរិក ទៅកាន់គោលដៅ​ចំនួន ៦០ ប្រទេស ដែលក្នុងនោះមានតំបន់មជ្ឈិមបូព៌ាផងដែរ៕

ព័ត៌មានថ្មីៗ