​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានស្នើ ឱ្យ​ភាគី​នៃ​ប្រទេស​ម៉ា​រ៉ុ​ក ពិនិត្យមើល​ការរៀបចំ​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា ដើម្បី​សម្រួល​ដល់​វិនិយោគិន​ឱ្យមកធ្វើ​ការវិនិយោគ​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង ​២ ផងដែរ នាពេលខាងមុខ​។​

​ការស្នើ​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើឡើង​ក្នុងពេល​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក Rachid Talbi El Alami​ ប្រធានរដ្ឋសភា​ម៉ា​រ៉ុ​ក កាលពី​រសៀល​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ​នេះ នៅក្នុង​ឱកាស​ដែល​លោកបាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរ​សភា (IPA) ​នៅក្នុង​ប្រទេស​កម្ពុជា​។


​លោកនាយក​រដ្ឋមន្ត្រី​បន្តថា ៖ «​ជា​ជំហាន​បន្ត ម៉ា​រ៉ុ​ក អាច​ប្រឹងប្រែង​ធ្វើយ៉ាងណា ដើម្បី​ក្លាយខ្លួន​ទៅជា​ដៃគូ​សន្ទនា​តាម​វិស័យ​ជាមួយ​អាស៊ាន​។ ដោយឡែក​ជាមួយ​កម្ពុជា​យើង​អាច​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដែលជា​មូលដ្ឋាន​នាំទៅដល់​ដំណើរការ​ទំនាក់ទំនង​ល្អ ទាំង​វិស័យ​នយោបាយ និង​វិស័យ​ដទៃទៀត​»​។


​ជាមួយគ្នា​នោះដែរ លោក Rachid បាន​សម្ដែង​នូវ​ការគោរព​វាយតម្លៃ​ខ្ពស់​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​អភិវឌ្ឍកម្ពុជា​ឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ទីក្រុង​ស្រស់បំព្រង និង​បានធ្វើ​ការទទួលបាន​ជោគជ័យ​យ៉ាងច្រើន​សម្រាប់​តំបន់​។


​លោក​ក៏បាន​សម្ដែង​សេចក្ដី​រីករាយ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាយ​ប៉ា ក្នុងឋានៈ​ជា​អ្នកសង្កេតការណ៍ ហើយ​បានបង្ហាញ​នូវ​បំណង​ចង់​ពង្រីក ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា និង​ទាំង​ជាមួយ​តំបន់​ផងដែរ​។​


​ទាក់ទង​នឹង​ការស្នើ​នេះ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរី​វឌ្ឍន៍ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២៤ ខែវិច្ឆិកា ថា ម៉ា​រ៉ុ​ក គឺជា​ទីផ្សារ​មួយ​ធំ​ដែរ ប៉ុន្តែ​ប្រទេស​នេះ មិនសូវមាន​ការវិនិយោគ​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។


​លោក​បាន​បន្តថា ចំពោះ​ការឱ្យ​ប្រទេស​នេះ រៀបចំ​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា ដើម្បី​សម្រួល​ដល់​វិនិយោគិន​ឱ្យមកធ្វើ​ការវិនិយោគ​ទៅវិញទៅមក​ជាមួយ​កម្ពុ​ជា​នេះ មិន​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​អន្តរជាតិ​ទេ​។​

​លោក​បាន​បញ្ជាក់ថា ៖ «​ប៉ុន្តែ វា​ជា​ផ្នែក​មួយ​នៃ​ការលើកទឹកចិត្ត​ឱ្យ​វិនិយោគិន​ម៉ា​រ៉ុ​ក​មកកាន់​កម្ពុជា​ព្រោះ​ប្រាក់ចំណូល​បាន​ពី​ការវិនិយោគ​ត្រូវ​បង់ពន្ធ​នៅក្នុង​ប្រទេស​កម្ពុជា​នឹងមិន​បង់ពន្ធ​នៅ​ម៉ា​រ៉ុ​ក​នោះទេ ហើយ​នៅពេលដែល​កម្ពុជា​ទៅ​វិនិយោគ​នៅ​ទីនោះ​វិញ គឺ​កម្ពុជា​ត្រូវ​បង់ពន្ធ​នៅ​ទីនោះ វិនិយោគិន​មិន​បង់ពន្ធ​នៅ​កម្ពុជា​ទេ ដែល​ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​ការផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​នៃ​ប្រទេស​ទាំង ២ ​»៕