ភ្នំពេញៈ ការនាំចូលដែក និងដែកថែបពីទីផ្សារក្រៅប្រទេសមកបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុករយៈពេល ១០ ខែដើមឆ្នាំ ២០២២ មានទឹកប្រាក់ជិត ៣០ លានដុល្លារ កើនឡើងជាង ២៣ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យទំនិញពាណិជ្ជកម្មនាំចូលឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២២ កម្ពុជាបានបញ្ចេញប្រាក់ចំនួន ៣០១,៨៧ លានដុល្លារលើការនាំចូលដែក និងដែកថែប ដោយចំនួននេះកើនឡើង ២៣,២ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមាន ២៤៥,០៩ លានដុល្លារ។ ទឹកប្រាក់នៃការនាំចូលដែក និងដែកថែប គឺស្មើនឹងប្រមាណ ១,២ ភាគរយនៃទឹកប្រាក់ដែលកម្ពុជានាំចូលទំនិញពីក្រៅប្រទេសដែលមានចំនួន ២៥៧ ៨១៧,៧៣ លានដុល្លារ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់ខែតុលាឆ្នាំនេះការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ៣០,០៩ លានដុល្លារ កើនឡើង ៦០,៨ ភាគរយធៀបខែតុលា ឆ្នាំ ២០២១ ដែលមាន ១៨,៧១ លានដុល្លារ។
អគ្គលេខាធិការសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក ហ៊ុយ វណ្ណា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ស្ថានភាពនៃវិស័យសំណង់នៅកម្ពុជាបានចាប់ផ្តើមល្អឡើងវិញបន្តិចហើយ បន្ទាប់ពីជាប់គាំងជាង ២ ឆ្នាំដោយសារវិបតិ្តជំងឺកូវីដ-១៩។ វិស័យនេះនៅត្រូវការពេលយូរបន្ថែមទៀតទើបអាចមានសម្ទុះខ្លាំងដូចកាលពីមុនអំឡុងឆ្នាំ ២០១៨ ។
លោកថ្លែងថា៖ «បើនិយាយពីស្ថានភាពវិស័យសំណង់ដែលមានវឌ្ឍនភាពនៅពេលនេះ គឺភាគច្រើនជាគម្រោងតូចៗមានដូចជាលំនៅឋានរបស់ប្រជាជនក្នុងស្រុក ខណៈសំណង់ធំៗដែលវិនិយោគដោយជនបរទេសគឺមានវឌ្ឍនភាពតិចតួចប៉ុណ្ណោះ»។
លោកបានប្រាប់ទៀតថា ដែកនាំចូលប្រើប្រាស់ក្នុងវិស័យសំណង់ភាគច្រើននាំមកពីប្រទេសវៀតណាម ចិន និងថៃ។
លោក ជីវ ស៊ីវផេង ប្រធានគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជា កាលពីថ្មីៗនេះបាននិយាយថា ទឹកប្រាក់នាំចូលដែក និងដែកថែបកើនឡើង គឺដោយសារតែគម្រោងវិនិយោគដែលមានម្ចាស់ជាអ្នកនៅក្នុងស្រុកកំពុងបន្តវិវឌ្ឍទៅមុខល្អ ហើយតម្លៃដែក និង ដែកថែប ក៏ខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែរ។ លោកបញ្ជាក់ថា៖ «ចំនួនទឹកប្រាក់នាំចូលដែក និងដែកថែបកើនឡើង គឺដោយសារសំណង់លំនៅឋានក្នុងស្រុកបន្តរីកចម្រើន ប៉ុន្តែសម្រាប់គម្រោងសាងសង់ធំៗនៅពេលនេះ គឺមិនសូវមានសកម្មភាពទេ»។
លោកប្រាប់ទៀតថា សកម្មភាពសាងសង់នៅតាមការដ្ឋានមួយចំនួនថយចុះនៅពេលនេះ ក៏ដោយសារតែរដ្ឋាភិបាលធ្វើការរឹតបន្តឹងលើការត្រួតពិនិត្យនិយាមបច្ចេកទេស និងគុណភាពនៅទីតាំងផ្ទាល់ផងដែរ ដើម្បីទប់ស្កាត់ហានិភ័យពីការសាងសង់។
លោកអះអាងថា៖ «វិស័យសំណង់នៅកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញ នៅពេលស្ថានភាពសេដ្ឋកិច្ចពិភពលោក និងជំងឺកូវីដ ១៩ ត្រូវគ្រប់គ្រងបានទាំងស្រុង»។
របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឱ្យដឹងថា ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២២ ក្រសួងបានផ្តល់ច្បាប់អនុញ្ញាតឱ្យគម្រោងសាងសង់ចំនួន ២ ៨១១ គម្រោង ធ្លាក់ចុះ ៩០ គម្រោង និងមានទុនវិនិយោគសរុប ១ ៦៦២ លានដុល្លារ ធ្លាក់ចុះ ៥៦,៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ។ ក្នុងចំណោមគម្រោងវិនិយោគទាំង ២ ៨១១ គឺមានគម្រោងលំនៅឋាន ២ ៥២១ គម្រោង៕