គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន សមស្រប​ជាមួយ​ខេត្ត​ព្រះសីហនុ​ដែលមាន​សក្តានុពល កន្លងមក​នៅ​ខេត្ត​ព្រះសីហនុ​មាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន ១៩៩ ​ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​មាន​ចំនួន ៨៤​ក្រុមហ៊ុន និង​វិនិយោគ​ខ្នាត​ធំ (​អភិវឌ្ឍន៍​ទេសចរណ៍​រយៈពេល​វែង​) តាម​បណ្តា​កោះ ឆ្នេរ មាន ៣៣​ក្រុមហ៊ុន គិត​ចាប់ពី​ឆ្នាំ​ ១៩៩៤ ដល់​ខែតុលា ឆ្នាំ​ ២០២២​។

​លោក ឯម ភាព អភិបាលរង​ខេត្ត​ព្រះសីហនុ ថ្លែង​ក្នុងជំនួប​ជាមួយ លោក Martin Ladner អ្នកគ្រប់គ្រង​ក្រុមហ៊ុន Doppelmayr Group នៃ​ប្រទេស​អូទ្រីស​នៅ​ថ្ងៃទី ២៤ ខែវិច្ឆិកា ថា ដោយឡែក​ខេត្ត​ព្រះសីហនុ ក៏មាន​គម្រោង​វិនិយោគ​ទេសចរណ៍​ផ្សាភ្ជាប់ និង​ធម្មជាតិ (​ខ្នាតតូច​ទំហំ​ក្រោម ១០​ហិកតា​) ដែល​ទទួលបាន​គោល​កាណ៍​វិនិយោគ​ពី​ក្រសួងបរិស្ថាន​ចំនួន ៨១​គម្រោង ក្នុងនោះ​កំពុងដំណើរការ​ចំនួន ៤១​ គម្រោង និង​ ៤០​​គម្រោង​ទៀត​​កំពុង​សិក្សា​តាម​ផែនការមេ​អភិវឌ្ឍន៍​របស់​គម្រោង និង​អនុវត្ត​នីតិវិធី​ច្បាប់​។


​លោក​បន្តថា ខេត្ត​ព្រះសីហនុត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ហើយ​រដ្ឋបាលខេត្ត​ចង់បាន​ក្រុមហ៊ុន​មក​ធ្វើការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​។


​លោក​អភិបាលរង​ខេត្ត​បានធ្វើ​ការណែនាំ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ​កន្ត្រក​ខ្សែ​រ៉ក​នៅ​តំបន់​កោះរ៉ុង និង​នាំមក​នូវ​អ្នកវិនិយោគ​មកកាន់​ខេត្ត​ព្រះសីហនុ​កាន់តែច្រើន​បន្ថែមទៀត​។


​លោក Martin Ladner អ្នកគ្រប់គ្រង​ក្រុមហ៊ុន Doppelmayr Group បាន​ថ្លែងអំណរគុណ​រដ្ឋបាលខេត្ត ដែល​បានឱ្យ​ក្រុមហ៊ុន Doppelmayr Group ចូលជួប​ពិភាក្សា​នាពេលនេះ ក្រុមហ៊ុន Doppelmayr Group ជា​ក្រុមហ៊ុន​វិនិយោគ​បរទេស​ទើប​ចូល​ប្រទេស​កម្ពុជា ដើម្បី​សិក្សា​ស្វែងយល់​អំពី​ឱកាស​វិនិយោគ​លើ​ការរៀបចំ​សកម្មភាព​កម្សាន្ត មាន​ទោង​យោល ខ្សែ​រ៉ក និង​សកម្មភាព​កម្សាន្ត​ទេសចរណ៍​ផ្សេងៗ​ជាច្រើន​ទៀត ដែល​អាច​រៀបចំ​នៅ​ខេត្ត​ព្រះសីហនុ​។


​លោក​បាន​បន្តថា ក្រុមហ៊ុន Doppelmayr Group ជា​ក្រុមហ៊ុន​កន្ត្រក​ខ្សែ​រ៉ក​ឈានមុខ​គេ​នៅលើ​ពិភពលោក ដែលមាន​កន្ត្រក​ខ្សែ​រ៉ក​ជាច្រើន​ប្រភេទ ក្រុមហ៊ុន​មាន​ទស្សនវិស័យ​ធ្វើការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ កន្ត្រក​ខ្សែ​រ៉ក ដែលមាន​ការពាក់ព័ន្ធ​និង​គមនាគមន៍​ដឹកជញ្ជូន​ផងដែរ​។ ក្រុមហ៊ុន​បានធ្វើការ​អភិវឌ្ឍ​កន្ត្រក​ខ្សែ​រ៉ក​នៅ​ប្រទេស​ចំនួន​ ៥០ ក្នុងនោះ​មាន​កន្ត្រក​ខ្សែ​រ៉ក​តំបន់ភ្នំ ខ្សែ​រ៉ក​ការដឹកជញ្ជូន​ក្នុង​ក្រុង និង​ខ្សែ​រ៉ក​ដឹកជញ្ជូន​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ​ទៀត​ដែលជា​ការទាក់ទាញ​ភ្ញៀវទេសចរ​មកកាន់​ខេត្ត​ព្រះសីហនុ​៕