នៅ​ថ្ងៃ​សុក្រ ទី​​ ២៥ វិច្ឆិកា ឆ្នាំ​ ២០២២ ប្រទេស​ចិន​បានឱ្យដឹងថា ខ្លួន​នឹង​កាត់បន្ថយ​ចំនួន​សាច់ប្រាក់​ដែល​ធនាគារ​ត្រូវ​រក្សា​ទុកជា​ទុនបម្រុង​ជា​លើក​ទី​២ ​ក្នុងឆ្នាំនេះ ដោយ​បញ្ចេញ​ថវិកា​ចំនួន​ប្រមាណ ៥០០ ពាន់​លាន​យន់ (៦៩,៨ ពាន់​លាន​ដុល្លារ​) ក្នុង​លំហូរ​សាច់ប្រាក់​រយៈពេល​វែង ដើម្បី​ជំរុញ​សន្ទុះ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ​។​

​ធនាគារកណ្តាល​ចិន (PBOC) បាន​និយាយថា​នឹង​កាត់បន្ថយ​សមាមាត្រ​តម្រូវ​ការ​ទុនបម្រុង​សម្រាប់​ធនាគារ ចំនួន ២៥ ពិន្ទុ​មូលដ្ឋាន (bps) ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ៥ ខែធ្នូ​ខាងមុខ​។ វិធានការ​នេះ នឹង​កាត់បន្ថយ​សមាមាត្រ​មធ្យម​សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ​មក​ត្រឹម ៧,៨%​។


​ធនាគារកណ្តាល​ចិន បាននិងកំពុង​ឈរលើ​គោលនយោបាយ​តឹងរ៉ឹង ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ​។ ប៉ុន្តែ​ទន្ទឹមនេះ ចង់​ចៀសវាង​ការកាត់បន្ថយ​អត្រា​ការប្រាក់​ហួសហេតុ​ដែល​អាច​រុញច្រាន​ឱ្យមាន​សម្ពាធ​អតិផរណា និង​ហានិភ័យ​នៃ​លំហូរ​លុយ​ចេញ ពី​ប្រទេស​ចិន ខណៈដែល​ធនាគារកណ្តាល​អាមេរិក និង​ធនាគារកណ្តាល​ប្រទេស​ផ្សេងទៀត កំពុង​ដំឡើង​អត្រា​ការប្រាក់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អតិផរណា​។​


​ចិន ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ទី​២​ របស់​ពិភពលោក បានទទួល​រងគ្រោះ​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ខ្លាំង​នៅក្នុង​ខែតុលា ហើយ​ការកើនឡើង​នៃ​ករណី​ឆ្លង​កូ​វីដ​នាពេល​ថ្មីៗ​នេះ បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​កំណើន​កូ​វីដ​នៅក្នុង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ ២០២២​។ សេដ្ឋកិច្ច បាន​ស្ថិតនៅក្រោម​សម្ពាធ​រួចទៅហើយ ពី​ការធ្លាក់ចុះ​នៃ​អចលនទ្រព្យ និង​ការធ្លាក់ចុះ​នៃ​តម្រូវការ​សកល​សម្រាប់​ទំនិញ​របស់​ចិន​។​


​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ធនាគារកណ្តាល​ចិន បាន​រក្សា​អត្រា​ការប្រាក់​កម្ចី​គោល​របស់ខ្លួន​មិន​ផ្លាស់ប្តូរ​ក្នុង​រយៈពេល​៣​ខែ​ជាប់​គ្នា ដោយសារ​ប្រាក់​យន់​ធ្លាក់ចុះ និង​លំហូរ​ចេញ​សាច់ប្រាក់​ជាប់លាប់ បានកំណត់​សមត្ថភាព​របស់​ទីក្រុង​ប៉េកាំង ក្នុងការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​រូបិយវត្ថុ​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​។


​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានដាក់​ចេញ​នូវ​វិធានការ​គោលនយោបាយ​ជាច្រើន ដើម្បី​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច ដោយ​ផ្តោតលើ​ការចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការគាំទ្រ​មាន​កម្រិត​សម្រាប់​អ្នកប្រើប្រាស់ ស្រប​ពេលដែល​បន្ធូរបន្ថយ​ការទប់ស្កាត់​ហិរញ្ញវត្ថុ ដើម្បី​ជួយសង្គ្រោះ​វិស័យ​អចលនទ្រព្យ​។


​កាលពី​ថ្ងៃ​ពុធ ធនាគារកណ្តាល​ចិន​បានចេញ​សេចក្តីជូនដំណឹង​មួយ​ដែល​បង្ហាញ​ពី​ជំហាន​ចំនួន ១៦ ដើម្បី​គាំទ្រ​ដល់​វិស័យ​អចលនទ្រព្យ រួមទាំង​ការពន្យារ​ការសង​ប្រាក់កម្ចី ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​សាច់ប្រាក់​ដែល​បាន​ញាំញី​វិស័យនេះ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ ២០២០​។​

​ទីក្រុង​ជាច្រើន​របស់​ចិន បានដាក់​ចេញ​វិធាន​ការបិទ​ខ្ទប់ និង​ការទប់ស្កាត់​ផ្សេងៗ​ទៀត ដើម្បី​ទប់ទល់​នឹង​ការកើនឡើង​ជាថ្មី​នៃ​ករណី​ឆ្លង​កូ​វីដ ដែល​ធ្វើឱ្យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​ជួប​មាន​ភាព​ងងឹត និង​កាត់បន្ថយ​ក្តីសង្ឃឹម​ដែលថា​ប្រទេស​ចិន នឹង​អាច​បន្ធូរបន្ថយ​នូវ​ជំហរ​ដ៏​តឹងរ៉ឹង​របស់ខ្លួន​ចំពោះ​វិធានការ​រឹតត្បិត​កូ​វីដ ក្នុងពេល​ឆាប់ៗ​នេះ​។​

​គួរ​ជ្រាបថា សេដ្ឋកិច្ច មាន​កំណើន​ត្រឹមតែ ៣% ប៉ុណ្ណោះ​ក្នុង ៣ ​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០២២​នេះ ពោលគឺ​ស្ថិតក្រោម​គោលដៅ​ប្រចាំឆ្នាំ​ដែលមាន​ចំនួន​ប្រមាណ ៥,៥%​។ កំណើន​ពេញ​មួយឆ្នាំ ត្រូវបាន​អ្នកវិភាគ​រំពឹងថា នឹងមាន​ត្រឹមតែ​ជាង ៣% ​ប៉ុណ្ណោះ​៕​