កំណើនសេដ្ឋកិច្ច​របស់​ចិន​ទំនង​នឹង​ជាប់គាំង​ទាំងស្រុង នៅ​ឆ្នាំក្រោយ បើ​ទោះបី​ជា​គោល​នយោបាយ​សូន្យ​កូវីដ ត្រូវ​ដកចេញ​ក៏ដោយ ដោយសារតែ​ផល​ប៉ះពាល់ នាពេល​បច្ចុប្បន្ន នៅ​បន្ត​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ដោយ​មិនអាច​ចៀស​រួច ទម្រាំ​តែ​សេដ្ឋកិច្ច​ស្ទុះ​ងើប​ពី​ភាព​ត្រដាបត្រដួស​ឡើងវិញ​បាន​ដូចដើម​។ នេះ​បើតាម​ការព្រមាន​របស់​អ្នក​សេដ្ឋវិទូ។

​ទោះ​មាន​ការបិទ​ខ្ទប់​ដ៏​តឹងរ៉ឹង ការធ្វើ​តេស្តរ​កកូ​វីដ និង​ការធ្វើ​ចត្តាឡីស័ក​ទ្រង់ទ្រាយ​ធំ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ឱ្យមាន​ប្រសិទ្ធភាព​ក៏ដោយ ក៏​អ្នកសេដ្ឋកិច្ច​ភាគច្រើន មិន​រំពឹង​ថា ប្រទេស​ចិន​នឹង​បើក​ដំណើរការ​ឡើងវិញ​ទាំងស្រុង នាពេល​ឆាប់​នោះដែរ​។ នាពេល​នេះ ករណី​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ នៅ​ចិន កំពុង​កើន​ឡើង​យ៉ាង​អាក្រក់ ហើយ​របាយការណ៍​ពី​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Nomura បង្ហាញថា ច្រើនជាង ១/៥ នៃ​តំបន់​សេដ្ឋកិច្ច ដែល​បម្រើឱ្យ​ផលិតផល ក្នុង​ស្រុក​សរុប (GDP) របស់​ចិន កំពុងស្ថិត​ក្រោម​ការបិទ​ខ្ទប់។​


ប្រធាន​សេដ្ឋវិទូ​ចិន​របស់​ក្រុម​ហ៊ុន Nomura ដែល​បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​ចិន នឹងមាន​ត្រឹម ៤,៣% នៅ​ឆ្នាំ ២០២៣ លោក Lu Ting បាន​បង្ហាញ​ការ​យល់ឃើញ​ប្រាប់​កាសែត South China Morning Post ថា​៖ «​ដោយសារតែ​គោលនយោបាយ​សូន្យ​កូវីដ គោលនយោបាយ​ផ្សេងទៀត ដើម្បី​ជំរុញ​សេដ្ឋកិច្ច គឺ​គ្មាន​ប្រសិទ្ធភាព»។


ផ្ទុយទៅវិញ លោក Lu បាន​ព្រមាន​ប្រឆាំងនឹង​ការរំពឹងទុក ដោយ​ងងឹតង​ងល់ ចំពោះ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស បើ​ទោះ​ចិន អាច​នឹង​បើក​ដំណើរការ​ឡើងវិញ​ទាំងស្រុង នៅ​ចុង​ត្រីមាស​ទី ១ ឆ្នាំក្រោយ​ក្ដី​។ សេដ្ឋវិទូ​ដដែល ព្រមាន​ថា​៖ «​នៅ​ពេល​ដែល​ចំនួន​នៃ​ការឆ្លង (​កូវីដ ១៩) កើន​ឡើង​យ៉ាង​ឆាប់រហ័ស​នោះ វា​នឹង​បង្កការ​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​សុខាភិបាល និង​សង្គម​ទាំងមូល​។ ការឆ្លង​ទ្រង់ទ្រាយ​ធំ នឹង​មាន​ផលប៉ះពាល់​អវិជ្ជមាន​លើការ​ប្រើប្រាស់ ផលិតកម្ម និងការ​ដឹកជញ្ជូន»។​


​លោក Lu បន្ថែមទៀតថា ផល​វិជ្ជមាន​ដ៏​សំខាន់​បំផុត នៅពេល​ចិន​បើក​ដំណើរការ​ប្រទេស​ឡើងវិញ ដែល​រួមមាន​ទាំង​ការ​ស្ទុះ​ងើប​ជាថ្មី​នៃការ​ប្រើប្រាស់ ជាពិសេស​លើ​វិស័យ​សេវាកម្ម​នោះ អាច​កើត​ឡើង​តែ​នៅក្នុង​ត្រីមាស​ទី ៣ ឬទី ៤ នៃ​ឆ្នាំក្រោយ​ប៉ុណ្ណោះ​។ ភ្ជាប់​ជាមួយ​នឹង​ការប្រមាន​នេះ សេដ្ឋវិទូ​មកពី​ក្រុមហ៊ុន​ធនាគារ​វិនិយោគ Goldman Sachs បាន​ព្យាករ​ថា ចិន​ទំនងជា​មិន​បើក​ប្រទេស​ឡើងវិញ នៅ​ត្រីមាស​ទី ១ នៃ​ឆ្នាំ ២០២៣ នោះទេ។


​ក្រុម​សេដ្ឋវិទូ​នេះ បាន​និយាយ​ក្នុង​របាយការណ៍​មួយ ចេញផ្សាយ កាលពី​សប្ដាហ៍​មុន​ថា​៖ «​សេដ្ឋកិច្ច​ចិន​ទំនងជា​នឹង​បង្ហាញ​ពី​ភាព​ខុសគ្នា រវាង​ឆមាស​ទី ១ និង​ទី ២ នៅ​ឆ្នាំក្រោយ​។ ដោយសារ​ដំណាក់កាល​ដំបូង​នៃ​ការបើក​ប្រទេស​ឡើងវិញ​របស់​ចិន អាចមាន​ភាព​អវិជ្ជមាន ចំពោះ​កំណើន​សេដ្ឋកិច្ច ដោយសារ​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​កូវីដ និង​ការធ្វើ​ដំណើរ​របស់​ប្រជាជន ធ្លាក់ចុះ​ជា​បណ្តោះ​អាសន្ន ដែល​រូបភាព​បែបនេះ​ស្រដៀង​គ្នា​ទៅនឹង​អ្វី ដែល​ប្រទេស​អាស៊ី​បូព៌ា​ផ្សេង​ទៀត បាន​ជួបប្រទះ ពេល​បើក​ប្រទេស​ឡើងវិញ»។​


​យ៉ាងណា ក្រុម​សេដ្ឋវិទូ​របស់​ក្រុមហ៊ុន​អាមេរិក​ដដែល បាន​រំពឹងថា ការវិនិយោគ​នឹង​នៅតែ​រឹងមាំ​នៅ​ក្នុង​ឆមាស​ទី ១ នៃ​ឆ្នាំ ខណៈ​ការប្រើប្រាស់ និង​សេវាកម្ម នឹង​ក្លាយជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​ដ៏សំខាន់​នៅក្នុង​ឆមាស​ទី ២ ដែល​រួម​ចំណែក​ដល់​កំណើន ៤,៥% នៃ GDP របស់​ចិន​នៅ​ឆ្នាំ ២០២៣​។ សូម​បញ្ជាក់ថា សេដ្ឋកិច្ច​ចិន ដែល​ឈរ​នៅ​លំដាប់​ទី​២ ធំ​បំផុត​របស់​ពិភពលោក បាន​កើន​ឡើង ៣,៩% នៅ​ត្រីមាស​ទី​៣ នៃ​ឆ្នាំ ២០២២ នេះ បើ​ធៀប​នឹង​ឆ្នាំមុន ហើយ​អត្រា​នេះ ហក់​ឡើង​ពី ០,៤% នៅ​ត្រីមាស​ទី ២​។ នេះ​បើតាម​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ជាតិចិន។

​ប្រធាន​សេដ្ឋវិទូ នៅ​ក្រុមហ៊ុន​គ្រប់គ្រង​ការវិនិយោគ Pinpoint Asset Management លោក Zhang Zhiwei បាន​ថ្លែង​ប្រាប់​កាសែត South China Morning Post ថា ទោះ​មាន​ការ​​យល់ឃើញ​ដូចគ្នា ក្នុង​ចំណោម​អ្នកវិភាគ​ថា សេដ្ឋកិច្ច​របស់​ចិន​នឹង​ចុះខ្សោយ ក្នុង​ឆមាស​ទី ១ នៃ​ឆ្នាំក្រោយ មុនពេល​វា​ងើប​មក​ដំណើរការ​ធម្មតា​វិញ នៅ​ឆមាស​ទី ២ ក៏ដោយ ក៏​ភាព​មិន​ប្រាកដ​ប្រជា​នៅតែ​បន្ត​កើនឡើង។​

​នាពេលនេះ ទីក្រុង​ប៉េកាំង​មិនទាន់​ផ្តល់​សញ្ញា​ជា​ផ្លូវការ​ណាមួយ​អំពី​ពេលណា​មួយ ឬថា តើ​ខ្លួន​នឹង​ដក​ចេញ​គោលនយោបាយ​សូន្យ​កូវីដ​របស់​ខ្លួន​នោះទេ ប៉ុន្តែ​រដ្ឋាភិបាល បាន​ប្រកាស​ពីការ​បន្ធូរបន្ថយ​តិចតួច នៅ​ដើមខែ​វិច្ឆិកា​នេះ ដែល​ធ្វើឱ្យ​ទីផ្សារ​ភាគហ៊ុន​កើនឡើង​។ ទោះជា​យ៉ាងណា​ក៏ដោយ ការអនុវត្ត​របស់​រដ្ឋាភិបាល​ថ្នាក់​មូលដ្ឋាន​លើ​វិធានការ​បន្ធូរបន្ថយ​ថ្មី​ចំនួន ២០ ដែល​ប្រកាស​ដោយ​ក្រុមប្រឹក្សា​រដ្ឋ មិនបាន​បង្ហាញ​ពីភាព​វិជ្ជមាន​ដុំកំភួន​នោះឡើយ ដែល​ធ្វើឱ្យ​មាន​ការ​សង្ស័យ​ទៀតថា ការបើក​ប្រទេស​ឡើងវិញ នឹងមិន​កើតមាន​ពេល​ឆាប់ៗ​ខាងមុខ​នោះទេ​។ នេះ​បើតាម​លោក Chen Zhiwu សាស្ត្រាចារ្យ​ផ្នែក​ហិរញ្ញវត្ថុ​នៃ​សាកល​វិទ្យាល័យ​ហុងកុង។​

​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​តាម​សហគមន៍ ក្នុង​ប្រទេស​ចិន បាន​ហក់​ឡើង​ខ្ពស់ ទោះ​មាន​ការបិទ​ខ្ទប់​ដ៏​តឹងរ៉ឹង នៅតាម​បណ្ដា​ទីក្រុង​ធំៗ ដែល​មាន​ប្រជាជន​រាប់លាន​នាក់​រស់នៅ ដូចជា​ក្រុង​ប៉េកាំង និង​ក្រុង​ក្វាងចូវ ក៏ដោយ​។ ការឆ្លង​ទូទាំង​ប្រទេស​បាន​ឡើង​រហូតដល់​រាប់ម៉ឺន​ករណី ក្នុង ១ ថ្ងៃ ហើយ​នៅ​ថ្ងៃទី ២៤ វិច្ឆិកា ចំនួន​អ្នក​ឆ្លង​សរុប​ទូទាំង​ប្រទេស​ចិន កើន​ឡើង​ជាង ៣២ ០០០ ករណី​។ ផលប៉ះពាល់​កាន់​តែខ្លាំង​ពី​កូវីដ បន្ត​កើនឡើង ក្នុង​អំឡុង​ពេល​អ្នកវិនិយោគ​ជាច្រើន ប៉ាន់​ស្មានថា ចិន​នឹង​បន្ធូរបន្ថយ​គោលនយោបាយ​សូន្យ​កូវីដ​ឆាប់។​

​ស្របពេល​អ្នកវិភាគ​រំពឹងថា ការប្រើប្រាស់​នឹង​ក្លាយជា​កត្តា​សំខាន់​បំផុត សម្រាប់​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ ២០២៣ ពេល​ចិន​បើក​ប្រទេស​វិញ ហើយ​ត្រដាប​ត្រដួស​នឹង​ការឆ្លង​រាលដាល​កូវីដ​នោះ អ្នកវិភាគ​ខ្លះ​លើក​ឡើង​ថា កំណើន​ដែល​រំពឹង​ពី​ការ​កើន​ឡើង​នៃ​តម្រូវការ អាចមាន​តិច។

​របាយការណ៍​ពី​ក្រុម​សេដ្ឋវិទូ​របស់ Goldman Sachs ដដែល ឱ្យដឹងថា ការ​ងើប​ឡើងវិញ​នៃ​ការ​ប្រើប្រាស់​ប្រកបដោយ​វិសាលភាព និង​និរន្តរភាព ពឹង​ផ្អែកលើ​ការកែលម្អ​សក្តានុពល ក្នុង​ទីផ្សារការងារ ប្រាក់​ចំណូល​គ្រួសារ និង​ទំនុកចិត្ត​របស់​អ្នកប្រើប្រាស់​។ ជាមួយគ្នា​នោះ តួនាទី​នៃ​ការនាំ​ចេញ​ដែលជា​ម៉ាស៊ីន​សេដ្ឋកិច្ច សម្រាប់​ចិន នៅ ២ ឆ្នាំ​ចុង​ក្រោយ​នេះ អាច​ថយចុះ នៅ​ឆ្នាំំ ២០២៣ ចំពេល​មានការ​ថយចុះ​នៃ​តម្រូវការ​ខាងក្រៅ ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​វិស័យ​ផលិតកម្ម នៅ​ក្នុង​ប្រទេស​ផ្សេងទៀត។​

​អ្នកវិភាគ​ក៏​ប្រាប់​ដែរ​ថា អចលន​ទ្រព្យ​ដែលជា​ដង្ហើម​សេដ្ឋកិច្ច​សំខាន់បំផុត​របស់​ចិន នៅ ២ ទសវត្សរ៍​ចុងក្រោយ អាច​បន្ត​ធ្លាក់ បើ​មិន​នៅ​ទ្រឹង​ទេ នា​ឆ្នាំក្រោយ ទោះ​ការ​ធ្លាក់ចុះ មាន​តិចជាង​ឆ្នាំ ២០២១​។ ទោះ​មាន​ការ​ព្រមាន​នេះ លេខា​បក្ស​នៃ​ធនាគារ​ប្រជាជន​ចិន អះអាង​ថា វិបត្តិ​អចលនទ្រព្យ ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​បំភាន់ និង​ថា សេដ្ឋកិច្ច​របស់​ចិន ធន់​រឹងមាំ មាន​សក្ដានុពល​អស្ចារ្យ និង​នៅតែ​អាច​រីកចម្រើន​ខ្លាំង​ទៅមុខ​ទៀត៕