ភ្នំពេញៈ សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ដែលមាន​ទឹកប្រាក់​វិនិយោគ ១៦៨ លានដុល្លារ​នៅ​ខេត្ត​ព្រះសីហនុ​ នឹង​លេច​រូបរាង​ឡើង​នាពេល​ខាងមុខ​នេះ​ ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​​អនុម័ត​លើ​គម្រោង​វិនិយោគ​មួយ​នេះ​កាល​ពីពេល​ថ្មីៗនេះ។​

​គម្រោង​វិនិយោគ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ នេះ​ជា​របស់​ក្រុមហ៊ុន Huan Hai Bo Lai International Investment Co., Ltd ត្រូវបាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​កាលពី​ថ្ងៃទី ២៥ ខែវិច្ឆិកា។ សណ្ឋាគារ​ថ្នាក់​នេះ​នឹងមាន​បន្ទប់​ចំនួន ៩៥៧ មាន​ទីតាំង​វិនិយោគ​នៅ​ភូមិ ៤ សង្កាត់​លេខ ៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ និង​បង្កើត​ការងារ​បាន ៩៥៥ កន្លែង។​


​លោក ហូ វណ្ឌី ទីប្រឹក្សា​នៃ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ២៧ ខែ​វិច្ឆិកាថា ការសម្រេច​បោះទុន​វិនិយោគ​ធំ​បែបនេះ គឺអាច​ដោយសារ ទី​១ ក្រុមហ៊ុន​ខាងលើ​មាន​អតិថិជន​រួចជា​ស្រេច ឬ​ដៃគូ​សហការ​ក្នុងការ​ទាញយក​ទីផ្សារ​ភ្ញៀវ​ពី​បរទេស​មក​ស្នាក់នៅ និង​ទី២ ដោយសារ​រដ្ឋាភិបាល​កម្ពុជា​បាន​លុបចោល​ទាំងអស់​នូវ​វិធានការ​ដែល​បាន​ដាក់ចេញ​ក្នុងពេល​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ ដែល​ធ្វើឱ្យ​ចរន្ត​ភ្ញៀវ​ដើរ​កម្សាន្ត​មាន​សម្ទុះ​ឡើងវិញ ពិសេស​ទេសចរ​ផ្ទៃក្នុង។​


​លោក​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​៖ «​តាមរយៈ​គម្រោង​វិនិយោគ​សណ្ឋាគារ​ដ៏ធំ​នេះ ខ្ញុំ​រំពឹងថា ខេត្ត​ព្រះសីហនុ​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឱ្យ​ត្រឡប់មក​ទីនេះ​វិញ​កាន់តែ​ច្រើន ខណៈ​មុនពេល​មាន​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ខេត្ត​ព្រះសីហនុ​ទទួល​បាន​ភ្ញៀវទេសចរ​ជាច្រើន​ជា​រៀងរាល់ឆ្នាំ ពិសេស​ភ្ញៀវ​ទេសចរ​ចិន»។​


​លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​យើង​ត្រូវ​រង់ចាំ​ឱកាស​បន្តិច ទៀត ពិសេស​ចាប់ពី​ឆ្នាំ ២០២៣ ខាងមុខ​តទៅ ខ្ញុំ​រំពឹងថា​នឹង មាន​របត់​ផ្លាស់ប្តូរ​ថ្មី ជាពិសេស​គឺ​ដោយសារ​គោល​នយោបាយ​ជំងឺ​កូវីដ ១៩ ប្រទេស​ចិន»។​


​បន្ថែម​ពីលើ​នេះ លោក​ប្រាប់ ទៀតថា នៅពេល​វិបត្តិ​ន​យោ​បាយ​របស់​ប្រទេស​ធំៗ​លើ​ពិភពលោក​មាន​ភាព​ធូរស្រាល​វិញ វា​ក៏​នឹង​ក្លាយជា​កម្លាំង​-ចលករ​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​សហគមន៍​ផ្សេងៗ​ឱ្យធ្វើ​ដំណើរ​មក​កម្ពុជា​កាន់​តែច្រើន​ដែរ។​


​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រ​គ្រឹះស្នា ថ្មីៗ​នេះ​បាន​និយាយ ថា បន្ទាប់ពី​ការ​ធ្លាក់ចុះ​យ៉ាង​ គំហុក​ក្នុង​រយៈពេល​ជាង ២ ឆ្នាំ​ដោយ​វិបត្តិ​កូវីដ ១៩ នៅ​ពេល នេះ​ស្ថានភាព​ភ្ញៀវទេសចរ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​ចាប់ផ្តើម​ល្អប្រសើរ​ឡើងវិញ​ជា​បណ្តើ​រហើយ​។ ចំនួន​ភ្ញៀវ​មក​កម្សាន្ត​នៅ​ទីនោះ​នឹង​មាន​កាន់តែ​ខ្ពស់ នៅពេល​រដ្ឋាភិបាល​ចិន​បន្ធូរបន្ថយ​វិធានការ​រឹតបន្តឹង​ចំពោះ​ជំងឺ​កូវីដ ១៩ ខណៈ​ខេត្ត​ព្រះសីហនុ​នៅ​ពេល​នេះ​គឺ​ត្រូវបាន​អភិវឌ្ឍ​យ៉ាងច្រើន​ផងដែរ ពិសេស​ការស្ថាបនា​ហេដ្ឋា រចនា​សម្ព័ន្ធ​ថ្មី​ជាច្រើន​ជា​បន្តបន្ទាប់ ដែល​រួមទាំង​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ជាមួយ​រាជធានី​ភ្នំពេញ​ផងដែរ។​

​លោក​បាន​មានប្រសាសន៍​បន្តថា​៖ «​តាមរយៈ​អ្វីដែល​រដ្ឋាភិបាល និង​អាជ្ញាធរ​បានធ្វើ​កន្លង​មក និង​កំពុង​បន្តធ្វើ យើង​រំពឹង​ថា សម្ទុះ​នៃ​កំណើន​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​នឹងមាន​ការ​កើន​ឡើង​ច្រើន​ជាមិនខាន​ក្នុងពេល​ដ៏​ឆាប់ៗ​នេះ»។​

​លោក​ប្រាប់​បន្ត​ឱ្យដឹងទៀតថា នាពេល​បច្ចុប្បន្ន​ក្នុង​ខេត្ត​​ព្រះសីហនុ ក៏បាន​រៀបចំ​ព្រឹត្តិការណ៍​ជាច្រើន​ផងដែរ ដើម្បី​ទាក់ទាញ​អ្នកទេសចរ និង​អ្នកវិនិយោគ៕