​ភ្នំពេញៈ ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​មាន​ចំនួន​ជិត ១៨​​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២២ ដែល​អាច​អនុញ្ញាតឱ្យ​ធ្វើការ​នាំចូល​ទំនិញ និង​សេវាកម្ម​សំខាន់ៗ​សម្រាប់​រយៈពេល ​៧​ ខែ ក្នុងករណី​ប្រទេស​ប្រឈម​នឹង​វិបត្តិ ឬ​គ្រាអាសន្ន​ណាមួយ ខណៈ​សេដ្ឋវិទូ និង​អ្នកជំនាញ បានឱ្យដឹងថា ការរក្សា​ទុនបម្រុង​អន្តរ​​ជាតិ​នេះ គឺ​បង្ហាញ​អំពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា និង​ការកើនឡើង​ជីវភាព និង​ប្រាក់ចំណូល​របស់​ប្រជាជន​។​

​យោងតាម​ទិន្នន័យ​ធនាគារជាតិ​នៃ​កម្ពុជា ទុនបម្រុង​អន្តរ​​ជាតិ​របស់​កម្ពុជា ថយ​មក​នៅ ១៧,៨ ​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ចុងឆ្នាំ​ ២០២២ ធ្លាក់ចុះ​ពី ២០,៣​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១ ដោយសារ​ការប្រែប្រួល​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ការឡើង​ថ្លៃ​នៃ​ប្រាក់​ដុល្លារ និង​ការ​វិ​និ​​យោគ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ នៅ​ប្រទេស​ចិន កូរ៉េខាងត្បូង ជប៉ុន និង​តំបន់​អឺរ៉ុប​លើ​សញ្ញា​បណ្ណ​បៃតង បរិ​ស្ថាន សង្គម និង​អភិបាលកិច្ច ​(ESG)​។​


​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា លោក គី សេរី​វឌ្ឍន៍ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​២៣ ខែ​​មករា ថា លោក​បាន​សង្កេតឃើញ​ទុន​​បម្រុង​អន្តរជាតិ​របស់​កម្ពុជា​បាន​កើន​​ឡើង​ទ្វេដង​បើ​ធៀប​នឹង​រយៈពេល ១០ ​ឆ្នាំមុន ដែល​បង្ហាញថា សេដ្ឋកិច្ចកម្ពុជា​មានកា​រ​កើនឡើង ខណៈ​ប្រាក់ចំណូល និង​ប្រាក់​សន្សំ​របស់​ប្រជាជន​កម្ពុជា​ក៏​កំពុង​កើនឡើង​ដែរ​។​


​លោក​ថ្លែងថា​៖ «​ទុនបម្រុង​អន្តរជាតិ គឺមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រទេស ដោយសារ​វា​បង្ហាញឱ្យឃើញថា យើង​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ ដែល​វា​អាចជួយ​សង្គ្រោះ​ប្រទេស​នៅពេល​មាន​វិបត្តិ​ណាមួយ​។ ការណ៍​នេះ​មានន័យថា នៅពេល​ដែលមាន​វិបត្តិ​ណាមួយ យើង​អាច​ប្រើប្រាស់​ទុនបម្រុង​នេះ ដើម្បី​នាំចូល​ទំនិញ​មក​ផ្គត់ផ្គង់​ក្នុងប្រទេស​រយៈពេល ៧ ​ខែ​បាន ហើយ​រដ្ឋា​ភិ​បាល​ក៏មាន​ពេល​សម្រាប់​ដោះស្រាយ​ស្ថានភាព​លំបាក ឬ​វិបត្តិ​ផងដែរ​»​។​


​លោក Anthony Galliano អគ្គ​នា​យក​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Cambodian Investment Management Co Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ ខែមករា​ថា ប្រទេស​កម្ពុជា​បាន​រក្សា​កម្រិត​ទុនបម្រុង​អន្តរជាតិ​ខ្ពស់ជាង​អ្វីដែល​កំណត់​ជាទូទៅ​សម្រាប់​ប្រ​-​ទេស​កំពុងអភិវឌ្ឍន៍ ដែល​ធ្វើឱ្យ​កម្ពុជា​ស្ថិតក្នុង​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​។​


​លោក​លើកឡើងថា​៖ «​នេះ​ជាការ​ប្រុង​ប្រយ័ត្ន​ជាពិសេស​ដោយសារតែ​ការ​​កើនឡើង​នៃ​ការខ្ចីប្រាក់​ដោយ​ប្រទេស​​កម្ពុជា​។ កម្រិត​ខ្ពស់​នៃ​ទុនបម្រុង​អន្តរ​​ជាតិ​ជួយ​កាត់បន្ថយ​ហានិភ័យ​សាច់​ប្រាក់​ងាយស្រួល ទទួលបាន​បំណុល​រយៈពេល​ខ្លី និង​សម្របសម្រួល​អត្រា​ការប្រាក់​កាន់តែ​ទាប​។ អ្វីៗ​ទាំងអស់នេះ​គឺ​ផ្តល់​ផល​វិជ្ជមាន​ដល់​ការចេញ​សញ្ញា​បណ្ណ​រដ្ឋ​នាពេល​ថ្មីៗ​នេះ​»​។​


​លោក​បាន​ពន្យល់ថា សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ ជាទូទៅ​កំពុង​រក្សា​ទុន​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ពួកគេ​ក្នុង​ទំហំ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែលជា​ផលវិបាក​នៃ​ការកើនឡើង​តម្លៃ​ថាមពល បញ្ហា​ចង្វាក់​ផ្គត់ផ្គង់ និង​ជាការ​ប្រុងប្រយ័ត្ន និង​ការ​ការពារ​ខ្លួនឯង​ប្រឆាំងនឹង​វិបត្តិ​។​

​លោក​បានលើកឡើង​ពី​ព្រឹត្តិការណ៍​ថ្មីៗ​នៅ​ប្រទេស​ស្រីលង្កា ដែល​មិនអាច​សងបំណុល​គេ​បាន កំពុង​ជួបប្រទះ​នឹង​អតិផរណា​ដ៏​ច្រើន ហើយ​ការធ្លាក់​ថ្លៃ​រូបិយប័ណ្ណ គឺជា​មេរៀន​ដែល​រៀន​ម្តងទៀត​នៅក្នុង​ចំណោម​អថេរ​ផ្សេងៗ​នៃ​ទុនបម្រុង​បរទេស​មិន​គ្រប់គ្រាន់​ដែល​ធ្លាក់ចុះ​ប្រមាណ ៩៩ ​ភាគរយ​ចាប់តាំងពី​ឆ្នាំ ២០១៩​។​

​រូបិយប័ណ្ណ​បរទេស ឬ​ទុនបម្រុង​បរទេស ឬ​គេ​ស្គាល់​ជា​ទុនបម្រុង​បរទេស​រួមមាន​សាច់ប្រាក់ និង​ទ្រព្យសកម្ម​ផ្សេងទៀត​ដូចជា​មាស ដែល​ត្រូវបាន​តម្កល់ទុក​ដោយ​ធនាគារកណ្តាល និង​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ដូចជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF)​។ នេះ​បើតាម World Economic Forum៕