ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានសម្រេចអនុម័តផែនការម្រាប់ឆ្នាំ២០២៤ ដើម្បីជំរុញ នវានុវត្តន៍ដល់សហគ្រាសក្នុងស្រុក ជាពិសេសក្នុងវិស័យសំខាន់ៗដូចជា វិស័យកាត់ដេរនិងវាយន ភ័ណ្ឌ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការលើកកម្ពស់កម្មវិធីអភិវឌ្ឍប្រកបដោយចីរភាព។
 
ការអនុម័តនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរលើកទី១៥ ដែលដឹកនាំលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដែលកិច្ចប្រជុំកិច្ចនេះ បានផ្តោតលើការកំណត់ទិសដៅយុទ្ធសាស្រ្តរបស់សហគ្រិនខ្មែរសម្រាប់ឆ្នាំ២០២៤។
 
នាកិច្ចប្រជុំនោះ លោក ហែម វណ្ណឌី បានលើកឡើងថា៖ «រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាកំពុងយកចិត្តទុកដាក់ជាពិសេសលើការអភិវឌ្ឍវិស័យឯកជន ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ សហគ្រិនខ្មែរ ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល បានទទួលភាពជោគជ័យគួរឱ្យកត់សម្គាល់ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ ហើយត្រូវបន្តកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម តាមរយៈភាពជាដៃគូជាមួយស្ថាប័នដៃគូក្នុងស្រុក និងអន្តរជាតិ»។ 
 
លោកបានបន្ថែមថា កិច្ចការណ៍នេះនឹងត្រូវសម្រេចបានតាមរយៈការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដែលមានភាពប្រទាក់ក្រឡា ដើម្បីធានាបាននូវលទ្ធភាពជោគជ័យ និងវិសាលភាពរបស់អាជីវកម្ម។

ជាមួយគ្នានោះដែរ លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងថា សហគ្រិនខ្មែរ បាននិងកំពុងរៀបចំគម្រោងដែលមានសក្តានុពលជាច្រើន មានទាំងគំនិតផ្តួចផ្តើមថ្មីៗ និងការពង្រីកកម្មវិធីដែលកំពុងដំណើរការស្រាប់ ដើម្បីឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងប្រសិទ្ធភាពដល់សហគ្រិនក្នុងស្រុក នៅក្នុងវិស័យពាក់ព័ន្ធ។
 
លោកបានបញ្ជាក់ទៀតថា ៖«សហគ្រិនខ្មែរ មានការប្តេជ្ញាចិត្ត ក្នុងការរៀបចំ និងអនុវត្តកម្មវិធីឱ្យស្របតាមអាទិភាពជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលឱ្យបានពេញលេញ ក្នុងគោលបំណងពង្រីកសក្តានុពលរបស់សហគ្រិន»។
 
សូមជម្រាបថា កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ដែលមានសមាសភាពមកពីរាជរដ្ឋាភិបាល និងវិស័យឯកជននេះបានសម្រេចជាផ្លែផ្កាក្នុងការប្តេជ្ញាជំរុញ និងអភិវឌ្ឍសហគ្រាស ធុនតូចនិង មធ្យម និងធុរកិច្ចបង្កើតថ្មី លើវិស័យស្នូលទាំង៤ របស់សហគ្រិនខ្មែរគឺ កសិកម្ម សេវាកម្ម បច្ចេកវិទ្យា និងផលិតកម្ម៕