កម្ពុជាប្រមូលប្រាក់បានជិត ៧៥០ លានដុល្លារពីការនាំចេញទំនិញទៅចក្រភពអង់គ្លេស ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៤ កើនឡើងជាង ២០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំង ២ កើនដល់ជិត ៨០០ លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។
យោងតាម GDCE ចន្លោះពីខែមករា-កញ្ញា ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារចក្រភពអង់គ្លេស ក្នុងទឹកប្រាក់ ៧៤៦,១៩ លានដុល្លារ កើនឡើង ២២,៦ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ខណៈទំនិញចក្រភពអង់គ្លេស នាំមកកម្ពុជា មានត្រឹម ៣៩,៧២ លានដុល្លារ ធ្លាក់ចុះ ៣៩,៤ភាគរយ។
ជាសរុបទឹកប្រាក់នៃការនាំចេញ នាំចូលទំនិញរវាងប្រទេសទាំង ២ មានចំនួន ៧៨៥,៩ លានដុល្លារ កើនខ្ពស់ជាងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ចំនួន ១៦,៦ ភាគរយ។
បើផ្អែកតាមទិន្នន័យខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាពលើជញ្ជីងពាណិជ្ជកម្មចក្រភពអង់គ្លេសប្រមាណ ៧០៦,៤៧ លានដុល្លារ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ មានចំនួនត្រឹមតែ ៥៤៣,០៧ លានដុល្លារ។ ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មធំទី ៩ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម ថៃ ជប៉ុន កាណាដា អេស្ប៉ាញ និងឥណ្ឌូនេស៊ី។
លោក ហុង វណ្ណៈ សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៣១ ខែតុលាថា ចក្រភពអង់គ្លេសត្រូវបានគេដឹងថាជាទីផ្សារដ៏សំខាន់ដែលតែងបញ្ជាទិញផលិតផលវាយនភណ្ឌដូចជា សម្លៀកបំពាក់ កាបូបធ្វើដំណើរ និងស្បែកជើង ពីប្រទេសកម្ពុជា ខណៈមួយរយៈចុងក្រោយនេះ កម្ពុជាក៏ទទួលបានគម្រោងវិនិយោគថ្មីៗជាច្រើនលើគម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ។
លោកបន្តថា ទឹកប្រាក់នាំចេញទំនិញពីកម្ពុជាទៅចក្រភពអង់គ្លេសនឹងកើនឡើងច្រើនទៀត ព្រោះគុណភាពផលិតផលកម្ពុជាត្រូវបានទីផ្សារអន្តរជាតិទទួលស្គាល់កាន់តែទូលំទូលាយ។ ម៉្យាងទៀតទីផ្សារនាំចេញផលិតផលវាយនភណ្ឌកម្ពុជា ក៏កំពុងទទួលបានភាពចំណេញពីភាពអសកម្មផ្នែកនយោបាយនៅប្រទេសនាំចេញមួយចំនួនដូចជា បង់ក្លាដែស និងមីយ៉ាន់ម៉ា ជាដើម។
លោកប្រាប់ទៀតថា នៅពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកល្អប្រសើរ មនុស្សនឹងចំណាយប្រាក់ច្រើនជាងមុនលើការទិញទំនិញ និងដើរកម្សាន្ត ដូច្នេះការបញ្ជាទិញផលិតផលវាយនភណ្ឌពីកម្ពុជាប្រាកដជានឹងហក់ឡើងខ្ពស់បន្ថែមទៀត។ បច្ចុប្បន្នក្រៅពីផលិតផលវាយនភណ្ឌ ចក្រភពអង់គ្លេសក៏មានទទួលទិញផលិតផលកសិកម្មមួយចំនួនពីកម្ពុជាផងដែរ។
លោកបានថ្លែងថា៖«ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា ចក្រភពអង់គ្លេស ពិសេសទឹកប្រាក់នាំចេញរបស់កម្ពុជានឹងមានចំនួនកាន់តែច្រើន ខណៈទំនិញកម្ពុជាមួយចំនួនដែលនាំទៅទីផ្សារចក្រភពអង់គ្លេសត្រូវបានលើកលែងពន្ធនាំចូល ឬស្ថិតក្នុងអត្រាពន្ធទាប»។
លោកប្រាប់ទៀតថា ដោយសារចក្រភពអង់គ្លេសស្ថិតក្នុងទ្វីបអ៊ឺរ៉ុប ដូច្នេះទំនិញមួយចំនួនដែលកម្ពុជានាំទៅចក្រភពអង់គ្លេសក៏បានបន្តឆ្លងចូលទៅកាន់ទីផ្សារតំបន់អ៊ឺរ៉ុបផងដែរ។
ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ ថ្មីៗនេះបានលើកឡើងថា បន្ទាប់ពីធ្លាក់ចុះមួយរយៈ(អំឡុងពីដើមឆមាសទី ២ ឆ្នាំ ២០២២ ដល់ចុងឆមាសទី ១ ឆ្នាំ ២០២៣) ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើររបស់កម្ពុជាបានងើបឡើងវិញគួរឱ្យកត់សម្គាល់។ ចក្រភពអង់គ្លេស គឺជាទីផ្សារទទួលទិញផលិតផលទាំងអស់នេះក្នុងបរិមាណច្រើនពីកម្ពុជា។
លោកបន្តថា៖«ខ្ញុំមានសុទិដ្ឋិនិយមថា ការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ រួមទាំងចក្រភពអង់គ្លេសនឹងបន្តកើនឡ់ងថែមទៀត»។
បច្ចុប្បន្នទំនិញដែលកម្ពុជានាំទៅចក្រភពអង់គ្លេស មានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ ផលិតផលកសិកម្ម ចំណែកអង់គ្លេសនាំមកកម្ពុជា មានដូចជា រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិកជាដើម។ នេះបើតាមលោក លី ឃុនថៃ៕
ក្នុងឆ្នាំ២០២៣ ការផ្លាស់ប្តូរទំនិញរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស មានទឹកប្រាក់សរុប ៨៧២,៩៦ លានដុល្លារ ថយចុះ ១០,៧ ភាគរយធៀបនឹងឆ្នាំ២០២២ ដែលមាន ៩៧៧,៤៤លានដុល្លារ។ ក្នុងចំនួនខាងលើគឺទំនិញដែលកម្ពុជានាំទៅចក្រភពអង់គ្លេស ៧៩៦,៣៨លានដុល្លារ ថយចុះ ១០,២ភាគរយ ចំណែកទំនិញអង់គ្លេសនាំមកកម្ពុជាចំនួន ៧៦,៥៨លានដុល្លារ ធ្លាក់ចុះ ១៥,៩ភាគរយ។ នេះបើតាម GDCE៕