ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ដល់​ជិត ៣០ ម៉ឺន​នាក់ នៅ​ក្នុង​រយៈ​ពេល​ ២ ខែ​ចុង​ក្រោយ​ឆ្នាំ ២០២៤ នេះ ខណៈ​ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា មក​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បាន​ហក់​ឡើង​ក្នុង​រង្វង់ ៥០​ភាគរយ​បើ​ធៀប​នឹង​ខែ​តុលា​។

នៅ​ដើម​ខែ​ធ្នូ ខាង​មុខ​ក្រសួង​ទេសចរណ៍​ក៏​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​«ពិព័រណ៍​ទេសចរណ៍​កម្ពុជា-​ចិន (Cambodia-China Travel Fair)» នៅ​ខេត្ត​សៀមរាប​ផងដែរ។


ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ឡើង​ដល់​ជិត ៤ ០០០ ក្នុង​១ថ្ងៃ

អគ្គ​នាយក​គ្រឹះស្ថាន​អង្គរ(Angkor enterprise) ​លោក លី សែ ​បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក កាល​ពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា​មក ដោយ​ជា​មធ្យម​ក្នុង​ ១ ​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចន្លោះ​ពី ៣ ៥០០ - ៣ ៨០០ នាក់​បាន​ទិញ​សំបុត្រ​ទស្សនា​រមណីយដ្ឋានអង្គរ កើន​ឡើង​ពី​ចំនួន ២៥០០-​២៦០០ នាក់ កាល​ពី​អំឡុង​ខែ​តុលា។


លោក​អះអាង​ថា បើ​តាម​ការ​រំពឹង​ទុក គឺ​ក្នុង​រយៈពេល ២ ខែ​ដែល​នៅ​សល់​ក្នុង​ឆ្នាំ ២០២៤ នេះ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​អាច​ស្ថិត​ក្នុង​ចន្លោះ​ពី ១២-​១៤ ម៉ឺន​នាក់​ក្នុង ១ ខែ។

នេះ​ជា​សញ្ញា​វិជ្ជមាន​ដែល​បង្ហាញ​ថា វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​សៀមរាប ក៏​ដូចជា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន​ខ្លាំង។

លោក​បញ្ជាក់​ថា បើ​តាម​ទិន្នន័យ​ដែល​ទទួល​បាន​គឺ​ចំនួន​នៃ​ការ​លក់​សំបុត្រ​នឹង​កើន​ឡើង​បន្ថែម​ទៀត​នៅ​ខែ​ធ្នូ គឺ​អាច​កើន​ដល់​ជាង ៤ ពាន់​នាក់​ក្នុង ១ ថ្ងៃ ព្រោះ​គ្រាន់​តែ​ដើម​ខែ​វិច្ឆិកា បាន​ខ្ទង់ ៣៥០០-​​ ៣៨០០ នាក់ ខណៈ​រដូវ​វិស្សមកាល​នៅ​តំបន់​អ៊ឺរ៉ុប និង​រដូវ​ត្រជាក់​នៅ​កម្ពុជា​ចូល​មក​ដល់។

បើ​តាម​លោក លី សែ ទន្ទឹម​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​នេះ ស្ថានភាព​នៃ​ការ​ទទួល​ស្វាគមន៍ និង​បដិ​សណ្ឋារកិច្ច​នៅ​កម្ពុជា​ក៏​កាន់​តែ​ប្រសើរ​ផង​ដែរ។

ភ្ញៀវ​បរទេស​មាន​ចំនួន​ច្រើន​ជា​រៀងរាល់​ថ្ងៃ

អ្នក​បោស​សម្អាត​នៅ​ប្រាសាទ​អង្គរវត្ត​(ផ្នែក​កណ្តាល) លោក​ស្រី ចាន់ មុំ ដែល​មាន​វ័យ ៤៥ ឆ្នាំ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាល​ពី​សប្តាហ៍​មុន​ថា ​ចំនួន​ភ្ញៀវ​បរទេស​បាន​កើន​ឡើង​ច្រើន​ក្នុង​រយៈពេល​ប្រហែល​ ២-៣ សប្តាហ៍​ចុង​ក្រោយ​នេះ​ ដោយ​ភ្ញៀវ​ទាំង​នោះ គឺ​មាន​ចម្រុះ​ជាតិ​សាសន៍។

ជាក់ស្តែង​នៅ​រៀងរាល់​ព្រឹក​ព្រលឹម រហូត​ដល់​ម៉ោង​ប្រហែល​ជាង​ ១០ គឺ​នៅ​មាន​ភ្ញៀវ​បរទេស​ជា​ច្រើន​នៅ​ឈរ​តម្រង់​ជួរ​ដើម្បី​ឡើង​លើ​ប្រាសាទ​កណ្តាល​។

លោកស្រី​បាន​និយាយ​​ថា៖​«​ចំនួន​ភ្ញៀវ​ដ៏​ច្រើន​បែប​នេះ​គឺ​មិន​ដែល​ឃើញ​មាន​យូរ​ហើយ។ ​ប្រសិន​បើ​ភ្ញៀវ​ច្រើន​បែប​នេះ គឺ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​នឹង​ល្អ​ឡើង​វិញ»។

ទោះ​យ៉ាង​ណា លោកស្រី ចាន់ មុំ លើក​ឡើង​ថា ប្រសិន​បើ​គ្មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ល្អ​ពី​កម្ពុជា​នៅ​ក្រៅ​ប្រទេស (ពិសេស​ប្រទេស​ជិតខាង) ហើយ​និង​មាន​ជើង​ហោះហើរ​ផ្ទាល់​មក​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប​ច្រើន​បន្ថែម​ទៀត​នោះ លោកស្រីជឿ​ថា នឹង​មាន​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ធ្វើ​ដំណើរ​មក​កម្ពុជា។

លោកស្រី​លើក​ឡើង​ថា៖​«​ខ្ញុំ​ធ្លាប់​លឺ​ព័ត៌មាន​ថា មាន​ភ្ញៀវបរទេស​មួយ​ចំនួន​មាន​បំណង​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រាសាទ​បុរាណ​ខ្មែរ បន្ទាប់​ពី​ដើរ​កម្សាន្ត​នៅ​ប្រទេស​ជិតខាង ប៉ុន្តែ​បន្ទាប់​ពី​មក​ដល់​ប្រទេស​ជិត​ខាង​ហើយ​ពួក​គាត់​មិន​បាន​បន្ត​ដំណើរ​មក​កម្ពុជា​ឡើយ​ ដោយសារ​នៅ​ទីនោះ​មាន​ការ​ផ្សព្វផ្សាយ​មិន​ល្អ​ពី​កម្ពុជា»។

ទិន្នន័យ​ក្រសួង​ទេសចរណ៍ បង្ហាញ​ថា រយៈពេល ៣ ត្រីមាស​ដំបូង​ ឆ្នាំ ២០២៤ កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​ចំនួន ៤,៨ លាននាក់ កើន​ឡើង ២២,២ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣។ 

សំបុត្រ​ដែល​គ្រឹះស្ថាន​អង្គរ​លក់​ឱ្យ​ភ្ញៀវ​បរទេស​សម្រាប់​ការ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​សរុប ៦៩៩ ៨៥០ សន្លឹក កើនឡើង ២៩,៧ ភាគរយ​ និង​ទទួល​បាន​ចំណូល​សរុប ៣២,៥លាន​ដុល្លារ កើន​ឡើង ៣០,២ ភាគរយ។

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​និយាយ​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ក្នុង​ខេត្ត​សៀមរាប ពិត​ជា​កើន​ឡើង​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ ដោយ​រូប​លោក​ផ្ទាល់​ក្នុង​ខែ​វិច្ឆិកា​នេះ​ត្រូវ​បាន​ភ្ញៀវ​កក់​ជិត​ពេញ​ ១ខែ​តែ​ម្តង​ ចំណែក​មគ្គុទ្ទេសក៍​ទេសចរ​ផ្សេង​ទៀត​ក៏​មាន​ស្ថានភាព​ប្រហាក់​ប្រហែល​លោក​ដែរ។​ 

ប្រសិន​បើ​ភ្ញៀវ​នៅ​តែ​មាន​ចំនួន​ច្រើន ហើយ​បន្ត​អូស​បន្លាយ​រហូត​ដល់​ខែ​កុម្ភៈ ឬ​មីនា ឆ្នាំ ២០២៥ នោះ​ជា​ការ​ប្រសើរ​ណាស់ ព្រោះ​ស្ថានភាព​ពេល​នេះ​គឺ​មិន​ដែល​មាន​ចាប់​តាំង​ពី​ការ​លេច​ឡើង​នៃ​វត្តមាន​ជំងឺ​កូវីដ​១៩ នា​ដើម​ឆ្នាំ​ ២០២០។

លោក​បាន​លើក​ឡើង​ថា ការ​កើន​ឡើង​សកម្មភាព​ទេសចរណ៍​នេះ មិន​ត្រឹម​តែ​បង្កើន​ចំណូល​សម្រាប់​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ជួយ​ចែក​រំលែក​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​សំបូរ​បែប​របស់​ខ្មែរ និង​បង្កើត​ឱកាស​ការងារ ព្រម​ទាំង​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ​ផងដែរ។

លោក​និយាយ​ថា៖​«​ពេល​នេះ​ភ្ញៀវ​បរទេស​មក​សៀមរាប​មាន​ចំនួន​ច្រើន ហើយ​មាន​ចម្រុះ​ជាតិ​សាសន៍​។ កំណើន​ភ្ញៀវ​នៅ​ពេល​នេះ​វា​អាច​បណ្តាល​មក​ពី​ការ​ចូល​មក​ដល់​នៃ​រដូវកាល High Season(រដូវកាល​សម្បូរ​ភ្ញៀវ) ស្រប​ពេល​រដ្ឋាភិបាល​ និង​ឯកជន​កំពុង​ខិត​ខំ​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ»។

ជា​ទូទៅ​ចាប់​ពី​ដើម​ខែ​តុលា ដល់​ខែ​មីនា នៃ​ឆ្នាំ​នីមួយៗ​ត្រូវ​បាន​ចាត់​ទុក​ជា​អំឡុង​ពេល​ភ្ញៀវ​ទេសចរ​បរទេស ពិសេស​ភ្ញៀវ​តំបន់​អ៊ឺរ៉ុប និង​អាមេរិក-កាណាដា ធ្វើ​ដំណើរ​កម្សាន្ត​ច្រើន​បំផុត។ បច្ចុប្បន្ន​ចំនួន​ជើង​ហោះហើរ​បរទេស​ដែល​ចុះចត​នៅ​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប ក៏​បង្ហាញ​ពី​កំណើន​ឡើង​ផងដែរ។

ពិព័រណ៍​ទេសចរណ៍​កម្ពុជា-​ចិន នឹង​ប្រព្រឹត្ត​ឡើង ៣ ថ្ងៃ​នៅ​ខេត្ត​សៀមរាប

ក្រសួង​ទេសចរណ៍ កាល​ពី​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា បាន​ឱ្យ​ដឹង​ថា ដើម្បី​បន្ត​អនុវត្ត​យុទ្ធនាការ «ឆ្នាំ​នៃ​ការ​ផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន​កម្ពុជា-ចិន ២០២៤» និង​យុទ្ធនាការ​«​ឆ្នាំ​ទស្សនា សៀមរាប ២០២៤» ក្រសួង​ទេសចរណ៍ សហការ​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន នឹង​រៀបចំ​«ពិព័រណ៍​ទេសចរណ៍​កម្ពុជា-​ចិន (Cambodia-China Travel Fair)» ចាប់​ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ ២០២៤ នៅ​ខេត្ត​សៀមរាប។

ពិព័រណ៍​ទេសចរណ៍​កម្ពុជា-ចិន រំពឹង​ថា នឹង​មាន​ការ​ចូលរួម​ពី​ប្រតិបត្តិករ​ទេសចរណ៍​ជា​អ្នក​ទិញ​ចិន​(Chinese Buyers) ចំនួន ៥០ក្រុម​ហ៊ុន អ្នក​លក់​ចិន (Chinese Sellers) ចំនួន ៥០ ក្រុម​ហ៊ុន និង​អ្នក​លក់​កម្ពុជា (Cambodian Sellers) ចំនួន ១០០ ក្រុមហ៊ុន និង​អ្នក​សារព័ត៌មាន​កម្ពុជា-​ចិន (Media) ចំនួន ៥០​ស្ថាប័ន ដោយ​នឹង​មាន​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ការ​ផ្គូរផ្គង​អាជីវកម្ម (Business Matching) កម្មវិធី ទស្សនកិច្ច​គោលដៅ​ទេសចរណ៍​មុន និង​ក្រោយ​ពិព័រណ៍ (Pre-Tours and Post-Tours) និង​កម្មវិធី​ផ្សេងៗ​ជា​ច្រើន​ទៀត។

ស្ថិតិចំនួន​ភ្ញៀវទេសចរ​កន្លងមក​

សូចនាករ​ទេសចរណ៍ និង​ស្ថិតិ​ទេសចរណ៍​ផ្លូវការ​របស់​ក្រសួង​ទេសចរណ៍​ប្រចាំ​ឆ្នាំ​ ២០២៣ ដែល​ទើប​ចេញ​ផ្សាយ​កាល​ពី​ចុង​សប្តាហ៍មុន​បង្ហាញ​ថា កាល​ពី​ឆ្នាំ ​២០២៣ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស​(International Tourists or Inbound Tourism)​ចំនួន ៥,៤៥ លាន​នាក់ កើន​ឡើង ១៣៩,៥​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២២ និង​ទេសចរ​ជាតិ​(Domestic Tourist) ១៨,៧៤ លាន​នាក់ កើន​ឡើង ៣៤,៥ ភាគរយ។

ឯកសារ​បាន​ឱ្យ​ដឹង​ទៀត​ថា ចំណូល​ទេសចរណ៍​អន្តរជាតិ មាន​ចំនួន ៣,០៨ ពាន់​លាន​ដុល្លារ កើន​ឡើង ១១៧,៩ ភាគរយ។ 

វិស័យទេសចរណ៍​បាន​ចូល​រួម​ចំណែក​(Tourism sector contributed to the gross domestic products)ក្នុង​ផលិត​ផល​ក្នុង​ស្រុក​សរុប​(GDP) ប្រមាណ ៧,៥ ភាគរយ។

ឆ្នាំ ២០១៩ ត្រូវ​បាន​ចាត់​ទុក​ជា​ឆ្នាំ​កំពូល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ដោយ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៦,៦១ លាន​នាក់ និង​ទទួល​បាន​ចំណូល ៤,៩២ លាន​ដុល្លារ។ ទឹក​ប្រាក់​នេះ គឺ​បាន​ចូល​រួម​ប្រមាណ ១២,១ ភាគរយនៃ​ផលិតផល​ក្នុង​ស្រុក​សរុប៕