បើទោះបីកំណើនសេដ្ឋកិច្ចសកលនៅមិនទាន់រឹងមាំ ប៉ុន្តែសេដ្ឋកិច្ចប្រទេសកម្ពុជាបានបង្ហាញពីភាពរឹងមាំគួរឱ្យកត់សម្គាល់ ដោយក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៤ នេះការនាំចេញ នាំចូលទំនិញជាមួយប្រទេសដៃគូពាណិជ្ជកម្មទាំងអស់មានទឹកប្រាក់សរុបជាង ៤៥ ពាន់លានដុល្លារ កើនឡើងជិត ២០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ចំនួនទឹកប្រាក់នេះ គឺជិតស្មើនឹងរយៈពេល ១២ ខែកាលពីឆ្នាំ ២០២៣។
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញអន្តរជាតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយក្នុងថ្ងៃទី ១១ ខែវិច្ឆិកា បានបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ ការនាំចេញ-ចូលទំនិញរវាងកម្ពុជាជាមួយប្រទេសដៃគូពាណិជ្ជកម្មទាំងអស់មានទឹកប្រាក់សរុប ៤៥,0៦ ពាន់លានដុល្លារ កើនឡើង ១៦,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានចំនួន ៣៨,៦៧ ពាន់លានដុល្លារ។
ក្នុងនោះទឹកប្រាក់នាំចេញទំនិញរបស់កម្ពុជា មានចំនួន ២១,៥៧ ពាន់លានដុល្លារ កើនឡើង ១៦ ភាគរយពីចំនួន ១៨,៥៩ ពាន់លានដុល្លារ និងទំនិញនាំចូលពីទីផ្សារអន្តរជាតិ មានចំនួន ២៣,៤៩ ពាន់លានដុល្លារ កើនឡើង ១៦,៥ ភាគរយពីចំនួន ២០,០៧ ពាន់លានដុល្លារ។
ផ្អែកតាមស្ថិតិខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពប្រមាណជាង ១,៩១ ពាន់លានដុល្លារ ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ កម្ពុជាមានឱនភាពចំនួន ១,៤៨ ពាន់លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្នុងថ្ងៃទី ១១ ខែវិច្ឆិកា ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ នេះគឺបង្ហាញសញ្ញាវិជ្ជមានស្ទើគ្រប់វិស័យ ដោយរួមមាន កំណើនទឹកប្រាក់នាំចេញនាំចូលទំនិញទៅទីផ្សារអន្តរជាតិ, ការបណ្តាក់ទុនថ្មីនិងពង្រីកផលិតកម្មពីសំណាក់វិនិយោគិនក្នុងស្រុក និងក្រៅប្រទេស, និងការបើកដំណើរការក្រុមហ៊ុន/អាជីវកម្ម ជាដើម។
ភាពវិជ្ជមានទាំងនេះ គឺកើតចេញពីកត្តាស្ថិរភាពនយោបាយ ទីតាំងភូមិសាស្រ្តអំណោយផល ច្បាប់វិនិយោគល្អប្រសើរ សម្បូរកម្លាំងពលកម្មជំនាញនិងមានតម្លៃសមរម្យ មានទីផ្សារនាំចេញច្រើន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CCFTA, CKFTA, RCEP ព្រមទាំងប្រព័ន្ធអនុគ្រោះពន្ធនាំចូលទៅកាន់ប្រទេសមួយចំនួន។
លោកបានបន្ថែមថា សម្រាប់ចំនួនទឹកប្រាក់នាំចូលដែលច្រើនជាងទឹកប្រាក់នាំចេញនោះ គឺដោយសារតែទំនិញនាំចូលមួយចំនួន គឺជាផលិតផលវត្ថុធាតុដើម ឬពាក់កណ្តាលសម្រេចសម្រាប់យកទៅកែច្នៃបន្ត មុននឹងនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។
លោកបានថ្លែងថា៖«ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជានឹងបន្តសញ្ញាវិជ្ជមានបន្ថែមទៀតនៅពេលសេដ្ឋកិច្ចពិភពលោកដំណើរការល្អពេញលេញ ខណៈចំនួនរោងចក្រថ្មីៗបានកើតឡើងជាបន្តបន្ទាប់នៅកម្ពុជា។ រោងចក្របង្កើតថ្មីទាំងអស់នោះ គឺមានស្ទើគ្រប់ផលិតផលទាំងលក្ខណៈឧស្សាហកម្មធន់ស្រាល និងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ»។
លោកលើកឡើងទៀតថា ផលិតផលផលិតនៅកម្ពុជា គឺមានគុណភាព និងច្រើនប្រភេទ ដែលអាចឆ្លើយតបបានកាន់តែច្រើនទៅនឹងតម្រូវការពីគ្រប់ផ្នែក និងគ្រប់ប្រទេស។ អ្វីដែលកម្ពុជាត្រូវខិតខំបន្ថែមទៀតនោះ គឺការបន្ទាបថ្លៃដើមផលិតនៅក្នុងស្រុក ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន ថ្មីៗនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការបង្កើតបរិយាកាសអំណោយផលពីសំណាក់រដ្ឋាភិបាលបានជួយឱ្យកម្ពុជាទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងបរទេសកាន់តែច្រើនមកបោះទុនផ្ទាល់។ វិស័យបច្ចេកវិទ្យាកំពុងដើរតួនាទីកាន់តែសំខាន់នៅស្ទើរគ្រប់ប្រតិបត្តិការនៅកម្ពុជា។ លោកបន្តថា សញ្ញាវិជ្ជមាននៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងបន្តកើនឡើងលឿនថែមទៀតនៅពេលខាងមុខ។
លោកនិយាយថា៖«សមត្ថភាពនៃការយល់ដឹង និងប្រើប្រាស់បច្ចេកវិទ្យារបស់ប្រជាជនខ្មែរ ព្រមទាំងការខិតខំរបស់រដ្ឋាភិបាល និងផ្នែកឯកជនក្នុងការផ្សព្វផ្សាយដើម្បីទាក់ទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុន និងបញ្ជាទិញទំនិញពីកម្ពុជា នឹងជួយធ្វើឱ្យទំហំពាណិជ្ជកម្មអន្តរជាតិ ពិសេសការនាំចេញរបស់កម្ពុជាមានទឹកប្រាក់កាន់តែច្រើន។ សេដ្ឋកិច្ចកម្ពុជានឹងបន្តមានកំណើនកាន់តែខ្ពស់នៅឆ្នាំ ២០២៥ ខាងមុខ»។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ ខែតុលា បានឱ្យដឹងថា យោងលើការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៥ ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦,៣ ភាគរយ។ អត្រាកំណើន ៦,៣ ភាគរយត្រូវបានរំពឹងថា នឹងគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា វិស័យឧស្សាហកម្ម នឹងមានកំណើន ៨,៦ ភាគរយ, វិស័យសេវាកម្មនឹងមានកំណើន ៥,៦ ភាគរយ និងវិស័យកសិកម្ម នឹងកើនឡើង ១,១ ភាគរយ៕