ភ្នំពេញ៖ សិក្ខា​សាលា​ជា​បន្តបន្ទាប់​ស្ដីពី «អភិបាលកិច្ច​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុង​ការ​ធានាប្រសិទ្ធភាព​នៃ​ប្រតិបត្តិការ​ប្រកប​ដោយ​ចីរភាព ការ​ទទួល​ខុស​ត្រូវ និង​បរិយាបន្ន» ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

សិក្ខាសាលា​ចំនួន​បួន​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា ដោយ​មាន​ការ​គាំទ្រ​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​រដ្ឋបាល​ខេត្ត​មួយ​ចំនួន។


គោលបំណង​គឺ​ដើម្បី​ចែក​រំលែក​ចំណេះដឹង​ដល់​អ្នក​គ្រប់គ្រង​សាខា​អំពី​ការ​ទទួល​ខុសត្រូវ​សំខាន់ៗ​របស់​ពួកគេ​ក្នុង​ប្រតិបត្តិការ​ធនាគារ​ប្រកប​ដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ដោយ​បង្កើន​ភាពធន់​នៃ​វិស័យនេះ និង​ធានា​ការការពារ​អតិថិជន។


យោង​តាម​សមាគម បាន​បង្ហាញ​ថា៖ «វិស័យ​នេះ​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​កើត​ចេញ​ពី​ជំងឺ​រាតត្បាត​កូវីដ-១៩ ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​អូស​បន្លាយ និង​ការ​កើនឡើង​អត្រា​ការ​ប្រាក់​ដែល​កំណត់​ដោយ​ធនាគារ​កណ្តាល​អាមេរិក»។


ខណៈពេល​ដែល​បញ្ហា​ទាំងនេះ​បាន​ធ្វើ​ឱ្យ​កំណើន​យឺតយ៉ាវ​ក្នុង​វិស័យ​ធនាគារ​របស់​សហរដ្ឋ​អាមេរិក កម្ពុជា​ក៏​ឃើញ​មានការ​កើនឡើង​នៃ​ការ​សង​ឥណទាន​យឺត​ផងដែរ។


សិក្ខាសាលា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ខេត្តសៀមរាប។ ក្រោម​អធិបតីភាព​លោក សំកុល សុចិ​ត្រា អភិបាលរង​ខេត្តសៀមរាប និង​លោក អែម កំណាន់ អគ្គនាយករង​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា រួមជាមួយ​តំណាង​សមាគម​ទាំងពីរ​។​

អ្នកគ្រប់គ្រង​សាខា​ប្រមាណ ៨០នាក់​មក​ពី​ខេត្ត​សៀមរាប ព្រះវិហារ កំពង់ធំ និង​កំពង់ចាម​បាន​ចូលរួម​។​

សិក្ខាសាលា​នា​ពេល​ខាងមុខ ត្រូវ​បាន​កំណត់​ពេល​សម្រាប់​ខេត្ត​បាត់ដំបង រាជធានី​ភ្នំពេញ និង​ខេត្តរតនគិរី ដែល​គ្រប​ដណ្តប់​លើ​តំបន់​សំខាន់ៗ​ក្នុងប្រទេស​កម្ពុជា​។​

លោក កំណាន់ បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​សិក្ខាសាលា​​ទាំងនេះ ជា​មធ្យោបាយ​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ធនាគារ ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ ក្រមសីលធម៌ ច្បាប់​ឥណទាន គោលការណ៍​អភិបាលកិច្ច​ល្អ និង​បច្ចេកទេស​គ្រប់គ្រង​សាខា​។​

លោក​បាន​ឱ្យ​ដឹង​ថា សិក្ខាសាលា​ទាំងនេះ ផ្តល់​ជា​វេទិកា​មួយ​សម្រាប់​សមាគម និង​ស្ថាប័ន​នានា ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម​ជាក់ស្តែង និង​​ប្រតិបត្តិ​ការ​របស់​សាខា​ខេត្ត និង​ក្រុង​។​

លោក កំណាន់ បាន​និយាយថា​៖ «​​ថ្នាក់ដឹកនាំ​សាខា ឬ​តំបន់​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​អភិបាលកិច្ច ដែល​ផ្តោត​ជាពិសេស​លើ​ចីរភាព ប្រសិទ្ធភាព ការ​ទទួល​ខុសត្រូវ និង​បរិ​យាប​ន្ន»។

លោក​បាន​បន្ដថា​៖ «ពិត​ជាមាន​សារៈសំខាន់​ណាស់ ដោយសារ​គោលការណ៍​ទាំងនេះ មិន​ត្រឹម​ធានា​នូវ​ជោគជ័យ​និង​កេរ្តិ៍ឈ្មោះ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ វា​ក៏បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​សហគមន៍ និង​វិស័យ​ធនាគារ​ទាំងមូល​»។ 

លោក តូច ចៅ​ចេក សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​ធនាគារ​កម្ពុជា​បាន​ពិភាក្សា​អំពី​វិធានការ​សកម្ម​ដែល​កំពុង​ត្រូវបាន​អនុវត្ត​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​លើកកម្ពស់​ការអនុវត្ត​អាជីវកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ​។​

គំនិត​ផ្តួចផ្តើម​ទាំងនេះ​រួមមាន​ក្រមសីលធម៌​សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ក៏ដូចជា​ស្តង់ដា​កិច្ចសន្យា​ឥណទាន​។​

លើសពីនេះ​ទៀត ពួកគេ​ផ្តោតលើ​ការពង្រឹង​ការការពារ​អតិថិជន និង​ការ​ដាក់​ដំណើរការ​លេខ​បណ្តឹង​តវ៉ា​និង​យន្តការ​ដោះស្រាយ​បណ្តឹង រវាង​អតិថិជន និង គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញ​វត្ថុ ការ​ចាប់ផ្តើម​កម្មវិធី​បញ្ជាក់​ឥណទាន​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ និង​គម្រោង​សន្តិសុខ​ហិរញ្ញវត្ថុ​សហគមន៍​។​

កម្មវិធី​នេះ​ក៏​រួមបញ្ចូល​​នូវ​សិក្ខាសាលា​សម្រាប់​នាយក​ប្រតិបត្តិ និង​សមាជិក​ក្រុម​ប្រឹក្សាភិបាល ការ​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​មាន​អាជ្ញាប័ណ្ណ និង​ការអប់រំ​អំពី​ចំណេះដឹង​ហិរញ្ញវត្ថុ​។​

លោកស្រី ឌីត នី​តា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​គូសបញ្ជាក់ថា ឆ្នាំ​២០២៤ គឺជា​ឆ្នាំ​ទី​៣ នៃ​ការរៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​។​

លោកស្រី​បាន​ឱ្យ​ដឹង​ថា ខុសពី​ឆ្នាំមុនៗ​ដែល​ផ្តោតលើ​ស្ថាប័ន​សមាជិក MFI តែមួយគត់ សិក្ខាសាលា​ឆ្នាំ ២០២៤ រួមមាន​សមាជិក​មក​ពី​សមាគម​ទាំងពីរ ដោយ​សង្កត់ធ្ងន់​លើ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ដើម្បី​បង្កើន​និរន្តរភាព និង​ភាព​ធន់​នៃ​វិស័យ​ស្របតាម​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​ជាតិ​សម្រាប់​ឆ្នាំ ២០១៩-២០២៥​។​

លោកស្រី នីតា​ បាន​បន្ថែមថា៖ ​«​សមត្ថភាព​ដឹកនាំ និង​ការគ្រប់គ្រង​របស់​អ្នកគ្រប់គ្រង​សាខា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រសិទ្ធភាព​ប្រតិបត្តិការ និរន្តរភាព​ស្ថាប័ន និង​ការពេញចិត្ត​របស់​អតិថិជន»​។​

លោកស្រីបន្ដថា​៖ «​ការគ្រប់គ្រង​សាខា​ប្រកប​ដោយ​ប្រសិទ្ធភាព ទាមទារ​ឱ្យ​មាន​ការ​យល់​ដឹង​ស៊ី​ជម្រៅ​អំពី​ស្តង់ដារ​ច្បាប់ ច្បាប់ និង​បទ​ប្បញ្ញត្តិ ព្រម​ទាំង​ការ​យល់ដឹង​អំពី​ឱកាស និង​ការគំរាម​កំហែង​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម»៕