ភ្នំពេញ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​កំពុង​បង្កើន​យុទ្ធសាស្ដ្រ​​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជប៉ុន​កាន់តែ​ច្រើន​ដែល​ជា​ផ្នែក​នៃ​ក្នុង​ការ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​របស់​ប្រទេស។

លោក ស៊ិន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម​នៃ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​បាន​លើក​ឡើង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ស្ថានទូត​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ​រវាង​កម្ពុជា និង​ជប៉ុន ក្នុង​គោល​បំណង​ជំរុញ​ទេសចរណ៍ និង​ការ​ផ្លាស់ប្តូរ​វប្បធម៌។


តំណាង​លោក ទុយ រី ​ឯកអគ្គរាជទូតកម្ពុ​ជា​ប្រចាំ​ប្រទេស​ជប៉ុន​ លោក សារ៉ាយ​ បាន​ឱ្យដឹង​ថា៖«​មុន​ពេល​មាន​វិបត្តិ​កូវីដ-១៩ ទេសចរ​​ជប៉ុន គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​១០ ដែលមាន​ចំនួន​ភ្ញៀវទេសចរ​មក​ទស្សនា​កម្ពុជា​ច្រើន​ជាង​គេ»។

លោក​បន្ដ​ថា៖ «ទោះជា​យ៉ាងណា ទេសចរណ៍​ជប៉ុន​ស្ទើរតែ​ធ្លាក់​ចុះ​ទាំងស្រុង​ក្នុងអំឡុង​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ»​។​


របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា ចេញផ្សាយ​ក្នុង​ខែមិថុនា ឆ្នាំ​២០២៤ បង្ហាញ​ពី​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​ជប៉ុន​។​

លោក សារ៉ាយ​ បាន​កត់សម្គាល់ថា៖ «​ភ្ញៀវទេសចរ​ជប៉ុន​ចំនួន​ជិត​ ៥៥០០០នាក់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប្រាំ​មួយខែ​ដំបូង​នៃ​ឆ្នាំ២០២៤ ដែលមាន​ការកើនឡើង​ចំនួន​៥៤ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣»។

ការ​ងើប​ឡើងវិញ​នេះ​បានធ្វើឱ្យ​ភ្ញៀវទេសចរ​ជប៉ុន​ឈរ​​ក្នុងចំណោម​ភ្ញៀវទេសចរ​កំពូល​ទាំង ១០​ ម្ដង​ទៀត​ដែល​មក​ទស្សនា​​​កម្ពុជា​ច្រើន​បំផុត​។​

លោក សារ៉ាយ បាន​ចាត់​ទុក​ការ​រីក​ចម្រើន​នេះ ដោយសារ​តែ​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ការ​រក្សា​បាន​នូវ​សន្តិភាព​និង​វិបុលភាព។

លោក​បាន​បន្ថែមថា៖ «​សក្ដានុពល និង​ភាព​ទាក់ទាញ​របស់​កម្ពុជា គឺជា​កត្តា​ជំរុញ​ឱ្យ​​មិត្ត​ជប៉ុន​មក​ទស្សនា និង​វិនិយោគ​នៅ​កម្ពុជា»។

ពង្រឹង​ទំនាក់ទំនង​ការទូត និង​វប្បធម៌

កាល​ពី​​ខែធ្នូ ឆ្នាំ២០២៣ ក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ តូក្យូ កម្ពុជា និង​ជប៉ុន​បាន​ប្រារព្ធ​ខួប​លើក​ទី៧០ នៃ​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ។

ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​នេះ​គឺ​ពិព័រណ៍​កម្ពុជា​ប្រចាំឆ្នាំ ដែល​ទើបនឹង​ធ្វើឡើង​នៅ​ថ្ងៃទី ៣-៤ ខែឧសភា ឆ្នាំ២០២៤ នៅ​ឧទ្យាន Yoyogi ក្នុង​ទីក្រុង​តូក្យូ​។​ រូបថត ស្ថានទូតកម្ពុជា​ប្រចាំជប៉ុន

លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោកស្រី កាមីកាវ៉ា យ៉ូកុ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការពង្រឹង​បន្ថែម​ទៀត​នូវ​ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន។

កិច្ចប្រជុំ​ក៏បាន​ប្រារឰ​ពិធី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​​ទៅជា «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ»។

ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជប៉ុន លោក សា​រ៉ា​យ បាន​លើកឡើង​ថា ស្ថានទូត​បាន​និង​កំពុង​រៀប​ចំ​កម្មវិធី​ផ្សេងៗ ដើម្បី​លើក​កម្ពស់​សិល្បៈ និង​វប្បធម៌​កម្ពុជា។

ទាំងនេះ ​រួមមាន ទិវា​វប្បធម៌​ជាតិ បុណ្យ​ចូលឆ្នាំ​ខ្មែរ និង​ទិវា​ជាតិ ដែល​ប្រារឰ​ទាំង​នៅ​ស្ថានទូត និង​នៅ​តាម​បណ្តា​ខេត្ត​នានា​។​

លោក សារ៉ាយ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ ​ដូចជា បុណ្យ​ឯករាជ្យ​ជាតិ បុណ្យ​អុំទូក និង​បុណ្យ​អកអំបុក​ក៏ត្រូវ​បាន​រៀបចំឡើង​ផងដែរ ដើម្បី​បញ្ជ្រៀប​វប្បធម៌​ខ្មែរ​កាន់​តែ​ជ្រាល​ជ្រៅ​ក្នុង​ចំណោម​ប្រជាជន​ជប៉ុន»។

បង្ហាញ​ពី​បេតិកភណ្ឌ​ដ៏​សម្បូរបែប​របស់​កម្ពុជា​​

ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​នេះ​គឺ​ពិព័រណ៍​កម្ពុជា​ប្រចាំឆ្នាំ ដែល​ទើបនឹង​ធ្វើឡើង​នៅ​ថ្ងៃទី ៣-៤ ខែឧសភា ឆ្នាំ២០២៤ នៅ​ឧទ្យាន Yoyogi ក្នុង​ទីក្រុង​តូក្យូ​។​

ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ២០១៥ ​​លើកលែង​ក្នុង​ឆ្នាំ២០២០​ និង២០២១ ដោយសារ​ការរីក​រាល​ដាល​នៃជំងឺ​រាត​ត្បាត​សកល​​កូ​វីដ ១៩​ ពិព័រណ៍​នេះ​បាន​ក្លាយជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​ការលើកកម្ពស់​សេដ្ឋ​កិច្ច​ ការទូត ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ សិល្បៈ និង​វប្បធម៌​របស់​កម្ពុជា​។​

លោក សារ៉ាយ បាន​ថ្លែង​ថា៖ «​ព្រឹត្តិការណ៍​ឆ្នាំ២០២៤ បាន​ទាក់ទាញ​អ្នកចូលរួម​ជាង ៨ម៉ឺន​នាក់​ រួម​ទាំង​ជនជាតិ​ជប៉ុន កម្ពុជា និង​អន្តរជាតិ ដោយមាន​ការសម្ដែង​រ​បាំ​ប្រពៃណី​ខ្មែរ អាហារ​ខ្មែរ និង​ការ​តាំង​ពិព័រណ៍​​វប្បធម៌»​។​

ស្ថានទូត​ក៏បាន​លើកឡើង​ពី​តំបន់​បេតិកភណ្ឌ​វប្បធម៌​ដែល​ចុះ​ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ​របស់​កម្ពុជា​ផងដែរ ដូចជា ​ប្រាសាទអង្គរវត្ត ព្រះវិហារ សំបូរ​ព្រៃ​គុក និង​កោះ​កេរ តាមរយៈ​ការតាំងពិព័រណ៍​ ​រូបថត និង​បទ​បង្ហាញ​។​

សម្បត្តិ​បេតិកភណ្ឌ​អរូបី ដូចជា​របាំ​ព្រះរាជ​ទ្រព្យ (​របាំ​អប្សរា និង​របាំ​ជូនពរ​) និង​ល្ខោន​ស្រមោល​ស្បែក​ធំ ត្រូវបាន​ដាក់តាំង​បង្ហាញ​ជាប្រចាំ ដើម្បី​លើកស្ទួយ​វប្បធម៌​ខ្មែរ​។​

សម្រួល​ដល់​វិស័យ​ទេសចរណ៍ និង​ការវិនិយោគ​

ដើម្បីផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​​​នៅ​កម្ពុជា ស្ថានទូត​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​ជប៉ុន និង​ប្រតិបត្តិ​ករ​សំខាន់ៗ​ក្នុង​វិស័យ​ទេសចរណ៍​។​

លោក សារ៉ាយ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ស្ថាន​អគ្គ​កុងស៊ុល​នៃ​ស្ថានទូត​កម្ពុជា​បា​នព​ន្លឿ​ន​ការចេញ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ជប៉ុន និង​អន្តរជាតិ ដោយ​ធានា​បាន​នូវ​បទ​ពិសោធន៍​នៃ​ការ​ធ្វើដំណើរ​ដោយ​រលូន​»​។​

លោក សារ៉ាយ បន្ថែមថា សម្លឹង​ឆ្ពោះទៅមុខ ស្ថានទូត​កម្ពុជា​គ្រោង​នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ ដូចជា ​ពិព័រណ៍​ពិភពលោក Osaka ឆ្នាំ២០២៥ ដែល​គ្រោង​នឹង​រៀបចំ​ពី​ខែមេសា ដល់​ខែតុលា ឆ្នាំ ២០២៥​​។​

ជាមួយ​នឹង​ការរំពឹង​ថា​នឹងមាន​ភ្ញៀវទេសចរ​ចំនួន ២៨,២ លាន​នាក់ រួមទាំង ៣,៥ លាន​នាក់​មកពី​បរទេស ពិព័រណ៍​នេះ​បង្ហាញ​ពី​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ទស្សនិកជន​ទូទាំង​ពិភពលោក​។​

ភ្ញៀវទេសចរជប៉ុន​មក​ទស្សនា​ប្រាសាទ​បុរាណ​នៅ​ក្នុង​ខេត្ត​សៀមរាប​នា​ពេលកន្លង​មក។ រូបថត សហការី

អនាគត​​ទេសចរណ៍​កម្ពុជា​-​ជប៉ុន​

យោង​តាម​របាយការណ៍​ស្ថិតិ​ទេសចរណ៍​កម្ពុជា ភ្ញៀវទេសចរ​ជប៉ុន​បាន​បង្ហាញ​វត្តមាន​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង​ការ​មក​ដល់​ចំនួន​ជិត ៥៥០០០ នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ២០២៤។​

ការកើន​ឡើង ៥៤,២​ភាគរយ​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន បង្ហាញ​ពី​ការចាប់អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​លើ​ការ​ទាក់ទាញ​និង​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​។​

យោងតាម​របាយការណ៍​បានឱ្យដឹងថា៖ «​ប្រទេស​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​ទី១០ ក្នុងចំណោម​ទេសចរ​កំពូល​ទាំង ១០​​ ដែល​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​ទេសចរណ៍​ដ៏​រឹងមាំ​រវាង​ប្រជាជាតិ​ទាំងពីរ»។​

ស្ថិតិ​ថ្មីៗ​របស់​សហគ្រាស​អង្គរ បង្ហាញ​ថា ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២៤ ដល់​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២៤ ភ្ញៀវទេសចរ​បរទេស​ចំនួន ៥៨៦,២៦០​នាក់ បាន​ទិញ​ប័ណ្ណ​អង្គរ ដែល​បង្កើត​ចំណូល​បាន​ចំនួន ២,១៥០,៨០៤​ដុល្លារ ក្នុង​ខែមិថុនា ឆ្នាំ​២០២៤ តែម្នាក់ឯង​។​

ចំណាប់អារម្មណ៍​ដ៏​រឹងមាំ​នេះ​ក្នុងការ​ទស្សនា​ប្រាសាទ​អង្គរវត្ត​បញ្ជាក់​ពី​ការទាក់ទាញ​យូរអង្វែង​របស់​ប្រទេស​កម្ពុជា​ក្នុងនាម​ជា​គោលដៅ​ទេសចរណ៍​សំខាន់​មួយ៕