ភ្នំពេញៈ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ស្នើ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ជំរុញ​ឱ្យ​វិនិយោគិន​កូរ៉េ​មក​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា ដោយ​លោក​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​ខិតខំ​ការពារ​វិនិយោគិន​កូរ៉េ និង​ធានា​នូវ​សុខ​សន្តិភាព​ជា​រួម​សម្រាប់​អ្នក​វិនិយោគ​ពី​បរទេស​ទាំងអស់។

លោក​ស្នើ​ដូច្នេះ​ក្នុង​ជំនួប​ជាមួយ លោក Woo Won-Shik ប្រធាន​រដ្ឋសភា​កូរ៉េ​ខាងត្បូង ក្នុង​ឱកាស​លោក​ចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោក​លើក​ទី​២៥ នៅ​កូរ៉េខាងត្បូង នា​ថ្ងៃទី​១០ កញ្ញា។


សេចក្តី​ប្រកាស​ព័ត៌មាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​លោក​ប្រធាន​ព្រឹទ្ធសភា​នា​ថ្ងៃ​ដដែល​នេះ​បញ្ជាក់​ថា៖ «សម្ដេច​ក៏​បាន​អបអរសាទរ​ចំពោះ​ការ​កើន​ឡើង​ក្នុង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ ដែល​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម [កម្ពុជា-កូរ៉េ] មាន​ការ​កើន​ឡើង ហើយ​សូម​ថ្លែង​អំណរគុណ និង​សូម​ឱ្យ​រដ្ឋាភិបាល​កូរ៉េ​ជំរុញ​ឱ្យ​អ្នក​វិនិយោគទុន [កូរ៉េ] ច្រើន​ថែមទៀត​ទៅ​កម្ពុជា»។ 

លោក ហ៊ុន សែន បាន​រំឭក​ថា លោក និង​លោក មូន ជេអ៊ីន (Moon Jae-in) អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ពិភាក្សា​គ្នា និង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ ដោយ​លោក​បញ្ជាក់​ថា ពេល​នេះ​រាជរដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា និង​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ។ 


លោក​បន្ត​ថា កិច្ច​ព្រមព្រៀង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZ) សម្រាប់​ក្រុមហ៊ុន​កូរ៉េ​នៅ​កម្ពុជា​អាច​នឹង​ចេញ​ជា​រូបរាង ដែល​បង្ក​លក្ខណៈ​ឱ្យ​អ្នក​វិនិយោគ​កូរ៉េ​ខាងត្បូង​មក​វិនិយោគ​នៅ​កម្ពុជា និង​មាន​ការ​កើន​ឡើង​សម្រាប់​ធ្វើ​ការ​កែច្នៃ និង​នាំចេញ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​វិញ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល។

លោក ហ៊ុន សែន ថ្លែង​ថា៖ «រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នឹង​ខិតខំ​ការពារ​អ្នក​វិនិយោគ​​កូរ៉េ និង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​ធានា​នូវ​សុខ​សន្តិភាព​ជា​រួម​សម្រាប់​អ្នក​វិនិយោគ​ពី​បរទេស​ទាំងអស់»។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា លោក Woo Won-Shik បាន​សម្ដែង​ការ​ពេញចិត្ត និង​រីករាយ​ចំពោះ​ការ​កើន​ឡើង​នូវ​ទំនាក់ទំនង​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ ដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ហើយ​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កន្លង​មក​នេះ បាន​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​សម្រាប់​ក្រុមហ៊ុន​កូរ៉េ​ប្រមាណ​ជាង ​២០០​ក្រុមហ៊ុន​បាន​ទៅ​ចូលរួម​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កន្លង​មក។ 

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា លោក Woo Won-Shik ​បាន​ស្នើ​លោក ហ៊ុន សែន និង​រាជរដ្ឋាភិបាល​កម្ពុជា គាំទ្រ និង​សម្រួល​ដល់​ការ​វិនិយោគ​របស់​ប្រទេស​កូរ៉េ​ខាង​ផង​ដែរ ដើម្បី​អាច​មាន​លទ្ធភាព និង​ពង្រីក​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា​ថែម​ទៀត។ 

ប្រភព​ដដែល​បន្ត​ថា លោក Woo Won-Shik ថ្លែង​ថា ចំពោះ​ការ​ឯកភាព​គ្នា​បង្កើត​ SEZសម្រាប់ ក្រុមហ៊ុន​កូរ៉េ​ ដែល​បាន​ព្រមព្រៀង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​កូរ៉េ​ខាងត្បូង​កាល​ពី​ពេល​កន្លង​មក​នេះ ខាង​ភាគី​កូរ៉េ​នឹង​រៀបចំ​បង្កើត​SEZនេះ​ឱ្យ​ចេញ​ជា​រូបរាង។

ក្នុង​រយៈ​ពេល​​ ៨​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២៤ ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង ​មាន​ជាង​៥៥៦លាន​ដុល្លារ កើនឡើង១០ភាគរយ។ ក្នុង​នោះ​ ការ​នាំចេញ​​មាន​ជាង​២១៨លាន​ដុល្លារ កើន​ឡើង១៥ភាគរយ ខណៈ​ការ​នាំចូល​ពី​កូរ៉េ​ខាងត្បូង​​មាន​ជាង ​៣៣៧​លាន​ដុល្លារ កើន៧​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣។ នេះ​បើ​យោង​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា៕